សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៨

259

​ដោយ : វិបុល​/ ភ្នំពេញ ៖ ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១២ ខែកញ្ញា រួមមាន​ដូចតទៅ ៖

* សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី អញ្ជើញ​បើក​ពន្លា​ជាតិ​តាំងពិព័រណ៍​កម្ពុជា​នៅ​ណាន​នី​ង​

​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​បើក​ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៥​ក្រោម​ប្រធាន បទ “​រួមគ្នា​កសាង​វិធី​សូត្រ​សមុទ្រ​សតវត្សរ៍​ទី​២១ បង្កើត​សមាគមន៍​ចិន​-​អាស៊ាន​ប្រកបដោយ​នវានុវត្តន៍​”​។​

​សម្តេច​តេ​ជោ ហ៊ុន សែន សង្ឃឹម​យ៉ាង​មុតមាំ​ថា ក្នុង​កិច្ចសហប្រតិបត្តិការ​ចិន​-​អាស៊ាន នៅក្នុង​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ នឹង​ត្រូវបាន​ពង្រឹង និង​ពង្រីក​បន្ថែមទៀត​។ ចំពោះ​ប្រទេស​ចិន សព្វថ្ងៃ​គឺមាន​កា​រីកចម្រើន​ខ្លាំង​នៅក្នុង​វិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ នឹង​បាន​ចែករំលែក​នូវ​ចំណេះដឹង និង​ចំណេះធ្វើ​ដល់​ប្រទេស​ជា​សមាជិក​អាស៊ាន​ដើម្បី​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​អាស៊ាន ឲ្យ​ទទួលបាន​នូវ​អត្ថប្រយោជន៍​ធំធេង​ពី​កិច្ចសហប្រតិបត្តិការ​នេះ​៕

*​សម្តេច​ក្រឡាហោម ស ខេង​: “​លោក​ឧ​ត្ត​ម​សេនីយ៍ ស ថេត មិនមែនជា​ប្អូនបង្កើត​របស់ខ្ញុំ​ទេ​”

​សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បដិសេធថា ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត មិនមែនជា​ប្អូនបង្កើត​របស់​សម្តេច​ទេ​។ ការបដិសេធ​នេះ បានធ្វើ​ឡើង​បន្ទាប់ពី​សារព័ត៌មាន​មួយចំនួន​បាន​ផ្សាយ​ថា ឧ​ត្ត​ម​សេនីយ៍ ស ថេត ជា​ប្អូនបង្កើត​សម្តេច​ក្រឡាហោម ស ខេង ទទួល​តំណែង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជំនួស​លោក​ជួន សុវណ្ណ ៕

*​បេក្ខជន​ប្រឡង​បាក់​ឌុប​ជាង៤០០នាក់ ប្តឹង​ជំទាស់​លទ្ធផល​ប្រឡង ពិសេស​ចំពោះ​មុខវិជ្ជា​គណិតវិទ្យា​

​រហូតដល់​រសៀល​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ មាន​បេក្ខជន​ប្រឡង​បាក់​ឌុប​ជាច្រើន​នាក់ បាន​បន្ត​ប្រមូលផ្តុំ​មុខក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​បានដាក់​ពាក្យបណ្តឹង​ជំទាស់​លទ្ធផល​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ថ្ងៃ​២០​សីហា ឆ្នាំ​២០១៨ ចំពោះ​មុខវិជ្ជា​គណិតវិទ្យា​។ ការប្រមូលផ្តុំ​តវ៉ា​នោះ បានធ្វើ​ឡើង​ចាប់តាំងពី​រសៀល​ថ្ងៃ​ចន្ទ ទី​១០ ខែកញ្ញា ។ ចំពោះមុខ​នេះ ក្រសួង​អប់រំ បន្ត​ទទួល​បណ្តឹងតវ៉ា​របស់​បេក្ខជន និង​រៀបចំ​បង្កើត​គណៈកម្មកា​រ​មួយ ដឹកនាំ​ដោយ​រដ្ឋមន្ត្រី អប់រំ ដើម្បី​ដោះស្រាយ​លើ​បណ្តឹង​ទាំងនេះ ៕

*​គ្រោះមហន្តរាយធម្មជាតិ​ប្រាំបី​ខែ​ឆ្នាំ នេះ សម្លាប់​មនុស្ស ១៣៨ នាក់ និង​រងគ្រោះ​ជាង ៥០​ម៉ឺន​នាក់​

​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បានប្រកាសថា យ៉ាងហោចណាស់ មាន​អ្នករងគ្រោះ​ស្លាប់ ចំនួន ១៣៨​នាក់ និង​ជាង ៥០​ម៉ឺន​នាក់​ផ្សេងទៀត ត្រូវបាន​រងគ្រោះ ដោយសារ​គ្រោះធម្មជាតិ នៅក្នុង​រយៈពេល ប្រាំ​ខែ គិត​ចាប់ពី​ខែមករា ដល់​ខែសីហា ឆ្នាំ​២០១៨ នេះ ៕

*​ភ្លៀង​ធ្លា​ក់មួយ​មេ​នៅ​ក្រុង​ប៉ោយប៉ែត​បង្ក​លិចលង់​ផ្លូវ​និង​ទីធ្លា​

​ភ្លៀង​បង្ក​ពី​បាតុភូត​ភ្លៀង​ធ្លា​ក់មួយ​មេ​ធំ​នៅ​សង្កាត់​ប៉ោយប៉ែត និង​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត​កាលពី​ព្រឹក​ថ្ងៃទី​១២​ខែកញ្ញា បង្ក​លិចលង់​ផ្លូវ​និង​ទីធ្លា​មួយចំនួន​។ តាម​ដងផ្លូវ​បេតុង​និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួនទៀត​ក្នុង​ក្រុង​ប៉ោយប៉ែត​ពិសេស​ក្នុង​សង្កាត់​ប៉ោយប៉ែ​តរង​ការ​ជន់​លិច​លំនៅស្ថាន​ខ្លះ​ទឹក​ហូរ​ចូល​ចំណតរថយន្ត​ក្រុង​។ ពលរដ្ឋ​និង​មន្ត្រី​អាជ្ញាធរ​សមត្ថកិច្ច​ឲ្យ​កាសែត​រស្មី​កម្ពុជា​ដឹង​កាលពី​ថ្ងៃទី​១២ ខែកញ្ញា​ថា ភ្លៀង​មួយ​មេ​ធំ​នោះ​សូម្បី​ម្តុំ​រង្វង់​មូល​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​មុខ​ការិយាល័យ​គយ​និង​រដ្ឋា​ការ ៕

*​ជនជាតិ​ថៃ​បើកឡាន​បុក ក្មេងប្រុស​ស្លាប់​២​នាក់ នៅ​ខេត្តកំពង់ធំ​

​ជនជាតិ​ថៃ​បើករថយន្ត​បុក​ម៉ូតូ​បណ្តាល​ឲ្យ​ក្មេងប្រុស​២​នាក់ ស្លាប់​នៅ​ថ្ងៃទី​១២ ខែកញ្ញា នេះ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៨៨-១៨៩ នៅ​ភូមិ​បាគង ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។ ករណីនេះ​កើតឡើង​ដោយសារ​ម៉ូតូ​បើកបរ​បត់​ឆ្វេង ក្នុងទិសដៅ​ស្របគ្នា ពី​កើ​តទៅ​លិច ៕

*​មួយ​យប់​ចោរលួច​យក​រថយន្ត​និង​ម៉ូតូ​នៅ​កន្លែង​តែមួយ​ដោយ​សុ​វត្ថិភាព​

​ក្នុង​មួយ​យប់​ចោរលួច​យក​រថយន្ត​និង​ម៉ូតូ​នៅ​កន្លែង​តែមួយ​ទៅ​បាត់​ដោយ​សុ​វត្តិភាព​។ ហេតុការណ៍​ចោរលួច​រថយន្ត​និង​ម៉ូតូ​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ចំណុច​ភូមិ​ទី​៦ ឃុំ ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង​៤​ទាបភ្លឺ​ថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០១៨ ៕