សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨

712
ចែករម្លែក

​ដោយ : វិបុល / ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១៣ ខែកញ្ញា រួមមាន​ដូចតទៅ ៖

*​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​និវត្តន៍​មកដល់​មាតុប្រទេស​នៅវេលា​ម៉ោង​ប្រមាណ​៤ ល្ងាច​ថ្ងៃនេះ

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​និវត្តន៍​មកដល់​មាតុ ភូមិ​វិញ​នៅ​ល្ងាច​ថ្ងៃទី ១៣ ខែ កញ្ញា បន្ទាប់ពី​បាន​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​ពី​ធី​តាំង​ពិ​ព័រ​ណ៌​ចិន អាស៊ាន លើ​ទី ១៥ នៅ​ទីក្រុង​ណាន់​នី​ង ខេត្ត​គង់​ស៊ី​ប្រទេស​ចិន និង ចូលរួម​វេទិកា​សេដ្ឋកិច្ចពិភពលោក​ស្តីពី​អាស៊ាន​លើក​ទី ២៧​ដែល បាន​ប្រារព្ធ​បើក​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម ។​

​នៅក្នុង​ប្រទេស​វៀតណាម​រយៈពេល ២​ថ្ងៃ​ពីថ្ងៃ​ទី ១២ ដល់ ១៣ ខែ កញ្ញា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ចូលរួម​វេទិកា​សេដ្ឋកិច្ច ពិភពលោក​ស្តីពី​អាស៊ាន ។ ជាមួយគ្នានេះ សម្ដេច​ក៏បាន​ទទួល​ជួប សំណេះ សំណាល​ជាមួយ​ប្រមុខ​ដឹកនាំ ប្រមុខ​ការទូត និង​ប្រធាន​ក្រុមហ៊ុន​ធំៗ​ជាច្រើន​លើ​ពិភពលោក ដើម្បី​ជជែក​ពី​បញ្ហា​ទំនាក់ទំនង​ការទូត និង​ធុរកិច្ច ៕

*​ប្រមុខរដ្ឋ​ភិ​បាល​កម្ពុជា ឡាវ ចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា​ពាក់ព័ន្ធ​បញ្ហា​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង លោកនាយក​រដ្ឋមន្ត្រី​ឡាវ ថោង​លួ​ន ស៊ី​ស៊ូ​លី​ត បាន ចេញ​សេចក្តីថ្លែងការណ៍​ផ្ទាល់មាត់​ទាក់ទិន​ទៅ​និង​ជំនួប​ពិភាក្សា​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា ឡាវ លើ​បញ្ហា​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​។​នេះ បើ​យោងតាម​ការ​ផ្តល់ព័ត៌មាន​ពិសេស​ទូរទស្សន៍​ជាតិ​កម្ពុជា ។​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ទ្វេរ​ភាគី​នៅ​ទីក្រុង​ហាណូយ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ខណៈដែល​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស ទាំងពីរ កម្ពុជា ឡាវ អញ្ជើញ​ចូលរួម​វេទិកា​សេដ្ឋកិច្ចពិភពលោក​ស្តីពី​អាស៊ាន លើក​ទី​២៧ នា​ព្រឹក​ថ្ងៃទី ១៣ កញ្ញា ៕

*​ក្រុមហ៊ុន​ចិន​សៀង​ហៃ​គួ​ស៊ី​គ្រុប នឹង​ចុះ​កិច្ចព្រមព្រៀង​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​ក្នុង​ទំហំ​ទឹកប្រាក់​២០០​លាន​ដុល្លារ​អាមេរិក​

​ក្រុមហ៊ុន សៀង​ហៃ​គួ​ស៊ី​គ្រុប ខេត្ត​ចាំង​ស៊ូ​របស់​ប្រទេស​ចិន ដែលជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ​មានទ្រព្យ​សម្បត្តិ​ប្រមាណ​១៩​ពាន់​លាន​ដុល្លារ​អាមេរិក បានបង្ហាញ​ពី​គោលបំណង​ចង់​មក​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​។ បើតាម​គម្រោង​ក្រុមហ៊ុន​ចិន សៀង​ហៃ គួ​ស៊ី​គ្រុប នឹង​ចុះ​កិច្ចព្រមព្រៀង​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ក្នុងស្រុក​មួយ ឈ្មោះ ឆាយ ឆាយ អ៊ិន​វេស​ម៉េ​ន ក្នុង ទំហំ​ទឹកប្រាក់​២០០​លាន​ដុល្លារ​អាមេរិក​។​

​ជាមួយគ្នានេះ​លោក កឺ ឈួន​បាវ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន សៀង​ហៃ គួ​ស៊ី​គ្រុប ខេត្ត​ចាំង​ស៊ូ​របស់​ប្រទេស​ចិន ក៏បាន​ស្នើសុំ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា គាំទ្រ និង​ផ្តល់​កិច្ចសហការ​ដល់​ក្រុមហ៊ុន​របស់លោក ដែលមាន​បំណង​យ៉ាង​មុះ​មុត នៅក្នុង​ការវិនិយោគ​នៅ​កម្ពុជា ដែលជា​ផ្នែក​មួយ ចូលរួម ចំណែក​អភិវឌ្ឍន៍​កម្ពុជា ពិសេស​ការផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​។ លោក​កឺ ឈួន​បាវ បាន​លើកសំណើ​ដូច្នេះ នៅក្នុង​ឱកាស​ដែល​លោក​ទទួលបាន​ការអនុញ្ញាត​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​សម្តេច​ប្រធាន រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨​នេះ នៅ​វិមាន​រដ្ឋសភា ៕

*​មន្ដ្រី​នាំពាក្យ​រដ្ឋាភិបាល ចាត់ទុក​សំណើ​ដក​អ​សនៈ​កម្ពុជា​ពី​អង្គការសហប្រជាជាតិ ជា​សំណើ​ក្នុង​ក្ដី​សុបិន​

​សភា​អឺរ៉ុប បានចេញ​សេចក្ដីព្រៀង​មួយ ស្ថានភាព​សិទ្ធិមនុស្ស និង​នយោបាយ នៅ​កម្ពុជា ដែល​ក្នុងនោះ​អង្គការ​មួយ​នេះ ក៏បាន​ជំរុញ​ឲ្យ​សមាជិក​សហភាព​អឺរ៉ុប ទាំងអស់ លើកឡើង​ពី​អាសនៈ​របស់​កម្ពុជា នៅឯ​អង្គការសហប្រជាជាតិ ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​មិន​ស្របច្បាប់​តាមរយៈ​ការបោះឆ្នោត​មួយ​ដែល​គ្មាន​ភាព យុត្ដិធម៌ និង​ពហុបក្ស​។ យ៉ាងណាក្ដី ចំពោះ​ករណីនេះ ត្រូវបាន​មន្ដ្រី​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា ច្រានចោល​ដោយ​ចាត់ទុកថា នេះ​ជាការ​លើកឡើង​ដែល​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា ហើយក៏​ជា​ទង្វើ​ក្នុង​ក្ដី​សុបិន​តែប៉ុណ្ណោះ ៕

*​អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ចោទ​លោក​សួង​សុ​ភ័​ណ្ឌ​ធ្វើ​បក្ស​ប្រហារ​

​អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​លោក​សួន​សេរី​រដ្ឋា​បាន​ចោទប្រកាន់​ទៅលើ​លោក​សួង​សុ​ភ័​ណ្ឌ​ដែល​បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ថា បានធ្វើ​បក្ស​ប្រហារ​យក​គណបក្ស​អំណាច​ខ្មែរ​ទៅគ្រប់​គ្រង នៅពេលដែល​លោក​ជាប់ពន្ធនាគារ​ព្រៃ​ស​។ ប៉ុន្តែ​លោក​សួង សុ​ភ័​ណ្ឌ បដិសេធថា លោក​មិន​បានធ្វើ​បក្ស​ប្រហារ​នោះទេ​។ ជាមួយគ្នានេះ​ទាំង​លោក​សួន​សេរី​រដ្ឋា​និង​លោក​សួង​សុ​ភ័​ណ្ឌ​បានប្រកាស​ប្តឹងផ្តល់​គ្នា​ទៅវិញទៅមក​ទៅ​តុលាការ​ដើម្បី​រក​យុត្តិធម៌​។ លោក​ស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ​ផ្អាក​សកម្មភាព​គណបក្ស​អំណាច​ខ្មែរ និង​និរាករណ៍​រាល់​លិខិត​ឯកសារ​ដែល​លោក​សួង សុ​ភ័​ណ្ឌ ដាក់​ទៅ​ក្រសួងមហាផ្ទៃ ៕

*​សហជីព​ថា​ប្រាក់​ឈ្នួល​នឹង​បន្ត​ឡើង​ថែមទៀត​ក្នុង​ឆ្នាំ​២០១៩ ដើម្បី​ជួយ​ដល់​ជីវភាព​កម្មករ​

​ក្រុម​សហជីព​ឲ្យ​ដឹងថា កិច្ចប្រជុំ​ពិភាក្សា​ដើម្បី​កំណត់ ប្រាក់​ឈ្នួល អប្បបរមា កម្មករ​-​និយោជិត លើ​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​២០១៩​ខាងមុខ គេ​រំពឹងថា នឹង​បន្ត​តម្លើង​ថែមទៀត​ដែលជា​ការជួយ​ដល់​ជីវភាព​រស់នៅ​របស់​ក​ម្មករ ៕

*​ទណ្ឌិត សម រង្ស៊ី មិន​ចូល​បំភ្លឺ​ពាក់ព័ន្ធ​បទល្មើស​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​

​លោក ហម ម៉េង​សែ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ជា​ចៅក្រម​ស៊ើបសួរ បានចេញ​ដីកា​បង្គាប់​ឲ្យ​ទណ្ឌិត សម រង្ស៊ី មេ​ចលនា​សង្គ្រោះ​ជាតិ​ចូល​បំភ្លឺ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ ពាក់ព័ន្ធ​សំណុំរឿង​ប្រមាថ​លើ​អង្គ​ព្រះមហាក្សត្រ​។ ប៉ុន្តែ​ទណ្ឌិត សម រង្ស៊ី មិន​ចូល​បំភ្លឺ​តាម​ការកំណត់​នោះទេ ៕

*​អគ្គនាយក​អន្តោប្រវេសន៍​ថ្មី​: វត្តមាន​ជនបរទេស​នឹង​ចូលមក​កម្ពុជា​កាន់តែច្រើន​ឡើងៗ​ជា​គំហុក​

​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត​ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ថ្លែង​បញ្ជាក់ថា តម្រូវការ​នៃ​ការអភិវឌ្ឍន៍​ជាតិ ការទាក់ទាញ​វិនិយោគ ដើម្បី​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ និង​នយោបាយ​បើក​ជំហរ​ជើងមេឃ ដើម្បី​ស្រូប​ទាញ​ទេសចរណ៍ វត្តមាន​ជនបរទេស​នឹង​ចូលមក​កាន់​កម្ពុជា​កាន់​តែ​ច្រើនឡើងៗ ហើយ​អាច​ក្នុងស្ថានភាព​គំហុក ជា​បន្ត​ទៀតផង ដែល​ធ្វើ​ឲ្យ​យើង​ពេលខ្លះ​ត្រៀមខ្លួន​មិនបាន​គ្រប់គ្រាន់ ដើម្បី​ឆ្លើយតប​ចំពោះ​សភាពការណ៍​ទាំងនោះ ៕

*​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​អបអរសាទរ​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​

​រៀបចំ​វេទិកា​តម្រង់ទិស​ការសិក្សា​ក្រោយ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​(BACII)​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ គ្រោង​នឹង​រៀបចំ​ពី​ធី​អបអរសាទរ លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ អម​ជាមួយ​វេទិកា​តម្រង់ទិស​ការសិក្សា​ក្រោយ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​(BACII)​ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​អគា​ខេមរា​នី ទីស្នាក់ការ​ស​.​ស​.​យ​.​ក​.​រាជធានី​ភ្នំពេញ ៕

*​តំបន់​មួយចំនួន​ក្នុង​ក្រុង​កំពង់សោម​ថ្ងៃនេះ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​

​ជំនន់​ទឹកភ្លៀង​ដ៏​ធំ​មួយ បានធ្វើ​ឲ្យ​ទីក្រុង​ទេសចរ មាត់សមុទ្រ​ក្រុងព្រះសីហនុ បាន​លិចលង់​ជា​អន្លើៗ តាម​តំបន់​មួយចំនួន ជាពិសេស ក្នុង​សង្កាត់​លេខ​៤​ក្រុង​/​ខេត្ត​ព្រះសីហនុ ។ ជំនន់​ទឹកភ្លៀង​នេះ​បានចាប់ផ្តើម​តាំងពី​ម៉ោង ប្រមាណ​ជាង​២​ទាបភ្លឺ​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ មក​រហូតដល់ ម៉ោងជាង​១០​ព្រឹក​ថ្ងៃ​ដដែល​នេះ ភ្លៀង​នៅតែ​បន្ត​ធ្លា​ក់មក មិនទាន់​ស្ងប់​នៅឡើយ​ទេ ៕

*​ឪពុក​និង​កូនស្រី នាំគ្នា​ទៅ​រាយ​សន្ទូច​នៅក្នុង​បឹង ដើរ​ធ្លា​ក់ជើង​ចូល​រណ្ដៅ​sk​លង់​ស្លាប់​ទាំង​២​នាក់​

​សព​ឪពុក​និង​កូនស្រី​២​នាក់ ត្រូវបាន​គេ​ប្រទះឃើញ អណ្ដែត​ទឹក​បឹង បង្ក​ការភ្ញាក់ផ្អើល នៅ​ចំណុច​បឹង​ក្រោយ ភូមិ​ពោធិ៍​រៀង​ត្បូង ឃុំ​ពោធិ៍​រៀង ស្រុក​ពោធិ៍​រៀង ខេត្តព្រៃវែង នៅវេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨​។ លោក ជា វាសនា អធិការ​ស្រុក​ពោធិ៍​រៀង​បាន​ថ្លែងថា ជនរងគ្រោះ​ទាំង​២​នាក់​រួមមាន ឳ​ពុក​ឈ្មោះ​រឿន រិត មាន​អាយុ​៤៥​ឆ្នាំ និង​កូន​ឈ្មោះ​រិត ស្រី​ម៉ិច ភេទ​ស្រី​អាយុ​១៤​ឆ្នាំ អ្នក​ទាំង​២ មាន​ទីលំនៅ​ភូមិ​ពោធិ៍​រៀង​ត្បូង ឃុំ​ពោធិ៍​រៀង ស្រុក​ពោធិ៍​រៀង​ខេត្តព្រៃវែង ៕

 

#