សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៨

252

​ដោយ : វិបុល​/ ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២២ ខែកញ្ញា រួមមាន​ដូចតទៅ ៖

*​សម្តេច​តេ​ជោៈ​សន្តិភាព​របស់​កម្ពុជា​នៅតែមាន​លក្ខណៈ​ផុយស្រួយ

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ជាក់ថា សន្តិភាព​របស់​កម្ពុជា​នៅតែមាន​លក្ខណៈ​ផុយស្រួយ ដោយសារតែ​ការបន្ត​យាយី​និង​អន្តរ​គម​ន៍​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ឥតឈប់ឈរ​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​។ នេះ​គឺជា​អ្វីដែល​សម្តេច​បាន​គូសបញ្ជាក់​នៅក្នុង​សារ​សម្រាប់​ទិវា​សន្តិភាព​អន្តរជាតិ​ថ្ងៃ​២១ ខែកញ្ញា ។ ខ្លឹមសារ​ទាំងស្រុង​មាន​ដូចតទៅ ៖

*​សហគ្រិន​ចំនួន​២០​រូប ទទួលបាន​ពាន​ឆ្នើម​ប្រចាំឆ្នាំ​២០១៨

​សហគ្រិន​ចំនួន​២០​រូប បានទទួល​ពានរង្វាន់​ឆ្នើម កាលពី​រាត្រី​ថ្ងៃ​សុក្រ ទី ២១ កញ្ញា ២០១៨ នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ដែល​រៀបចំឡើង​ដោយ Brands Alliance International ដល់​សហគ្រាស​ទទួលបាន​ជោគជ័យ ក្នុង​អាជីវកម្ម​របស់ខ្លួន ពិធី​ប្រគល់​ពានរង្វាន់​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព លោកស្រី​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច ៕

* មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល សុខ អាន ភ្នំ​គូលែន​ នឹង​សម្ពោធ​នៅ​ចុងខែ​ក្រោយ

​អាច​និយាយបានថា គឺជា​សមិទ្ធិ​ដំបូង​មួយ​ដែរ​របស់​កម្ពុជា​។ គឺ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​អភិរក្ស​កេសរ​កូ​ល​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា នឹងត្រូវ​បង្កើតឡើង​ហើយ​គ្រោង​សម្ពោធ​ជា​ផ្លូវការ​នៅ​ចុងខែ​តុលា ខាងមុខ​។ មជ្ឈមណ្ឌល​នេះ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ស្រះ​ខ្វាវ ឃុំ ត្បែង ស្រុក​បន្ទាយស្រី (​ស្ថិតនៅ​ជើងភ្នំ​គូលែន​)​ខេត្តសៀមរាប​។ នេះ​បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ដោយ​អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន នេត្រ ភក្ត្រា កាលពី​ថ្ងៃទី​២១​ខែកញ្ញា ៕

*​ទន្ទ្រាន​ដី​រដ្ឋៈ​អាជ្ញាធរ​ហាមឃាត់​ខ្មែរ​អ៊ីស្លាម​ជាង​២០០​គ្រួសារ​ឲ្យ​បញ្ឈប់​

​អាជ្ញាធរខេត្ត​ស្ទឹងត្រែង បាន​ចុះទៅ​បញ្ឈប់​សកម្មភាព​កាប់​រាន​ដី​រដ្ឋ​ដោយ​បងប្អូន​ខ្មែរ​អ៊ីស្លាម​ជាង​២០០​គ្រួសារ និង​បាន​ឲ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​មិន​ឱ្យមាន​សកម្មភាព​កាប់​ទន្ទ្រានព្រៃ​យក​ដី​រដ្ឋ​តទៅទៀត ៕

*​ស្លាប់​២​នាក់​និង​របួស​ជាច្រើន​នាក់​ទៀត ដោយ​រថយន្ត​១​គ្រឿង​បុក​រះ​រថយន្ត​និង​ម៉ូតូ​៧​គ្រឿង​

​គ្រោះថ្នាក់​ចរាចរណ៍​រថ​យន្ត​បុក​រះ​នៅ​ក្រុងព្រះសីហនុ កាលពី​ម៉ោងជាង​១០​ព្រឹក​ថ្ងៃ​២២ ​ខែកញ្ញា​ ឆ្នាំ​២០១៨ ៕ គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន០២​នាក់ ស្រី០១​នាក់ នៅនឹងកន្លែង​កើតហេតុ (​មិនទាន់​ស្គាល់​អត្តសញ្ញាណ ទាំង​អ្នកបើកបរ និង​អ្នករួមដំណើរ​លើ​ម៉ូតូ​HONDA WAVE)​។ រងរបួស​មនុស្ស​ចំនួន ០១​នាក់ ឈ្មោះ ទិ​ត្យ ពៅ បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​គ្លីនិក​សេ​តេ​។ ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក​ឈ្មោះ វ៉ុ​ន ធឿន បាន​ឃាត់ខ្លួន​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ៕