សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨

520
ចែករម្លែក

ដោយ : វិបុល​/ ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៥ ខែកញ្ញា រួមមាន​ដូចតទៅ ៖

*​សម្តេច​តេ​ជោ​ហ៊ុនសែន​នៅ​ព្រឹកស្អែក​នេះ​នឹង​អញ្ជើញ​ទៅ​គោរព​វិញ្ញាណ​ក្ខ​ន្ត​សព​លោក ត្រាន់ ដាយ​ក្វាង ប្រធាន​រដ្ឋ​វៀតណាម​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី ២៦ ខែកញ្ញា ស្អែក​នេះ​នឹង​អញ្ជើញ​ទៅ​គោ រព​វិញ្ញាណ​ក្ខ​ន្ត​សព​លោក​ប្រធាន​រដ្ឋ​វៀតណាម ត្រាន់ ដាយ​ក្វាង នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម ។​

​ប្រ​ធានា​រដ្ឋ​វៀតណាម​លោក ត្រាន ដាយ​ក្វាង (Tran Dai Quang) បានទទួល​មរណភាព​នៅ​ព្រឹក​ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៨ ក្នុង ជ​ន្នា​យុ​អាយុ ៦១ ឆ្នាំ​។ យោងតាម​ការដកស្រង់​ការផ្សាយ​ពី​វិទ្យុ​រដ្ឋ​របស់​ប្រទេស​វៀតណាម​ប្រធាន​រដ្ឋ លោក ត្រាន ដាយ​ក្វាង បានទទួល មរណភាព​បន្ទាប់ពី​លោក​បាន​រង​ការវាយប្រហារ​ដោយ​ជំងឺ​យ៉ាងធ្ងន់ធ្ងរ​។ លោក​បាន​ស្លាប់បាត់​បង់ជីវិត​នៅ​ម៉ោង​១០​និង​០៥​នាទី​នៅ​មន្ទីរ ពេទ្យ​យោធា​នាទី​ក្រុង​ហាណូយ ៕

*​ប្រមុខរដ្ឋស្តីទី​អនុញ្ញាត​ឲ្យ​លោក ស្យុ​ង ប៉​(Xiong Bo) ឯកអគ្គរដ្ឋទូត​ចិន​ចូល​ល​ជួប​សម្តែង​ការគួរសម

​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨​បានអនុញ្ញាត​ឲ្យ​លោក ស្យុ​ង ប៉​(Xiong Bo) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​ក្នុងឱកាស​ដែល​លោក​បានបញ្ចប់​បេសកកម្ម​ការទូត នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​វិមាន​ព្រឹទ្ធសភា​។​

​លោក​ឯកអគ្គរដ្ឋទូត​បាន​លើកឡើងថា ក្នុង​រយៈពេល ២​ឆ្នាំ​ចុង​ក្រោយនេះ ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស និង​ប្រជាជន​ទាំងពីរ ត្រូវបាន​ពង្រឹងពង្រីក និង​អភិវឌ្ឍ​យ៉ាងខ្លាំង​ក្លា​ឈានដល់​កម្រិត​កំពូល គឺជា​កិច្ចសហប្រតិបត្តិការ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។ ក្នុងនោះ វិស័យ សេដ្ឋកិច្ច និង​វប្បធម៌​នៃ​ប្រទេស​ទាំងពីរ មានការ​ផ្លាស់ប្តូរ និង​មាន​កិច្ចសហប្រតិបត្តិការ​គ្នា​ទៅវិញទៅមក​យ៉ាង​ល្អប្រសើរ​។ ជាមួយគ្នានេះដែរ ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន មាន​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​ប្រពៃ ៕

*​មន្ដ្រី​នាំពាក្យ​រាជរដ្ឋាភិបាល​ចេញ​លិខិត​ចំហរ​មួយ​ជូន​ជនរួមជាតិ​ខ្មែរ​នៅ​ឯនាយសមុទ្រ​

​នៅ​រសៀល​ថ្ងៃទី​២៥ ខែកញ្ញា​នេះ មន្ដ្រី​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​លិខិត​ចំហរ​មួយ ជូន​ជំ​ពោះ​ជនជាតិខ្មែរ​ដែល​រស់នៅ​ឯនាយសមុទ្រ (​ខ្មែរ​អាមេរិកាំង​-​ខ្មែរ​កាណាដា​) លិខិត​ចំហរ ដែលមាន​ខ្លឹមសារ​ជារួម​អំពាវនាវ​ឲ្យ​ខ្មែរ​គ្រប់រូប ដែល​រស់នៅ​ជុំវិញ​ពិភពលោក ត្រូវ​រួបរួមគ្នា​កសាង​ជាតិ​នេះ គឺ​ធ្វើ​ឡ​លើង​គ្រា​ដែល​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គ្រោង​នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ទូទៅ​លើក​ទី​៧៣ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ នា​ថ្ងៃទី​២៧ ខែកញ្ញា ខាងមុខនេះ ៕

*​លោក ហ៊ុន ម៉ា​ណែ​ត : ប្រជាពលរដ្ឋ​ជាង​៨៣​ភាគរយ​ចេញទៅ​បោះឆ្នោត បីដូច​ជាការ​ទះកំភ្លៀង​គណបក្សប្រឆាំង​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​បញ្ជាក់ថា ប្រជាពលរដ្ឋ​ជាង​៨៣​ភាគរយ ដែល​បាន​ចេញទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ គឺ​បីដូច​ជាការ​ទះកំផ្លៀង​គណបក្សប្រឆាំង និង​អ្នកនយោបាយ​មួយចំនួន​ដែល​ចង់​បំផ្លាញ​សុខសន្តិភាព បំផ្លាញ​ឆ្នាំងបាយ​របស់​ប្រជាពលរដ្ឋ​។​

​លោក​បាន​លើកឡើងថា “…​ប្រជាពលរដ្ឋ​ជាង​៨៣​ភាគរយ បាន​ទៅ​បោះឆ្នោត នេះ​បានន័យថា​ម៉េច​? បានន័យថា ប្រជាពលរដ្ឋ​បាន​យល់​អំពី​តម្លៃ​នៃ​សិទ្ធិ​របស់ខ្លួន ដើម្បី​សេចក្តី​សុខសន្តិភាព និង​ខ្លួន​មានឱកាស​បន្ត​ជីវភាព​រស់នៅ​បន្តទៅទៀត​…​ប្រជាពលរដ្ឋ​មានការ​ធុញទ្រាន់​ណាស់ ពេល​ក្រោយ​បោះឆ្នោត​ម្ដងៗ​ធ្វើ​អ្វី​មិន​ចេញ បាតុកម្ម​ប្រើ​ហិង្សា​…”​។ ការ​ថ្លែង​បញ្ជាក់​នេះ នៅក្នុង​ពិធី​សម្ពោធ​ដងទង់ និង​សមិទ្ធផល​នានា​នៅ​វត្តភ្នំ​ដា ស្ថិតក្នុង​ឃុំ​គោកធ្លក ស្រុក​អង្គរ​បូរី ខេត្តតាកែវ កាលពី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨៕

*​នាវា​ទេសចរណ៍​បរទេសមួយ​គ្រឿង​ចូល​ចត​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​

​នាវា​ទេសចរណ៍​បរទេសមួយ​គ្រឿង បាន​ចូល​ចត​កំពង់ផែ​ក្រុងព្រះសីហនុ​កាលពី​ម៉ោង​១១​កន្លះ​ថ្ងៃត្រង់​ថ្ងៃ​២៥​កញ្ញា​២០១៨ ដែលជា​ដំណើរ​ដឹក​ភ្ញៀវ​ទេសចរណ៍​ទស្សនា​តាម​បណ្តា​ប្រទេស​នានា​ក្នុង​ពិភពលោក​។ មន្ត្រីនគរបាល​ច្រកទ្វារ​អន្តរជាតិ​កំពង់ផែ​ក្រុងព្រះសីហនុ​បានឱ្យដឹងថា នាវា​នេះ​មាន​ដឹក​ភ្ញៀវ​ទេសចរណ៍​ចម្រុះ​ជាតិ​សាសន៍​ចំនួន​៨៤៣​នាក់​ស្រី​៤៤៤​នាក់​៕

*​ភ្ញាក់ពីដេក​ទៅ​ដោះ​មង​ឃើញ​ក្រពើ​ជាប់​មង​នៅក្នុង​ស្ទឹង​មេទឹក​

​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​បន្ទាប់ពី​បុរស​ម្នាក់​បានឃើញ​សត្វ​ក្រពើ មួយ​ក្បាល​ដ៏​ធំ​ជាប់​មង​ដែល​ខ្លួន​បានដាក់​រកត្រី​ក្នុង​ស្ទឹង​មេទឹក​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្នុង​ស្ទឹង​មេទឹក ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ស្ថិត​ក្នុងភូមិ​កណ្តាល ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិ៍សាត់​កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ ៕