សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨

665
ចែករម្លែក

ដោយ : វិបុល​/ ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២៦ ខែកញ្ញា រួមមាន​ដូចតទៅ ៖

*​ឥស្សរជន​កំពូល​កម្ពុ​ជា​ទាំង​៣​រូប​ចូលរួម​គោរព​វិញ្ញាណ​ខន្ធ​ប្រធានាធិបតី​វៀតណាម

​ឥស្សរជន​កំពូល​កម្ពុ​ជា​ទាំង​៣​រូប រួមមាន​សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា​, សម្ដេច​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៅ​ថ្ងៃទី​២៦ ខែកញ្ញា នេះ បាន​អញ្ជើញ​ដោយឡែក​ពីគ្នា គោរព​វិញ្ញាណក្ខន្ធ​សព លោក ត្រាន់ ដាយ​ក្វាង ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​២១​ខែកញ្ញា​ឆ្នាំ​២០១៨​។​

​ក្នុងឱកាស​នៃ​ការគោរព​វិញ្ញាណ​ខន្ធ​នេះ សម្ដេច​ទាំង​៣​ក៏បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ជូន​ប្រធានរដ្ឋសភា​វៀត​ណា និង​បាន​សម្តែង​ការសោកស្ដាយ​ទៅកាន់ រដ្ឋ បក្ស និង​ប្រជាជន​វៀតណាម​ថាៈ មរណភាព​របស់ លោក ត្រាន់ ដាយ​ក្វាង គឺជា​ការបាត់បង់​ដ៏​ធំធេង​នូវ​ថ្នាក់ដឹកនាំ​ដ៏​ល្អ និង​គួរ​ឲ្យ​គោរព​សរសើរ​ម្នាក់​របស់​ប្រទេស និង​ប្រជាជន​វៀតណាម ៕

*​សមាជិក​ព្រឹទ្ធសភា​នៃ​រដ្ឋ Pennsylvania សហរដ្ឋអាមេរិក ចេញ​លិខិត​ស្វាគមន៍​ចំពោះ​វត្តមាន​សម្តេច​តេ​ជោ ហ៊ុន សែន​

​សមាជិក​ព្រឹទ្ធសភា​នៃ​រដ្ឋ Pennsylvania បានចេញ​លិខិត​អបអរសាទរ និង​ស្វាគមន៍​ចំពោះ​វត្តមាន សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អញ្ជើញ​ចូលរួម​មហាសន្និបាត លើក​ទី​៧៣ នៃ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​។ ព្រឹទ្ធសភា​នៃ​រដ្ឋ Pennsylvania, សូម​ស្វាគមន៍​វត្តមាន​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា តំណាងរាស្ត្រ​មណ្ឌល​ខេត្តកណ្ដាល និង​ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​កាន់តំណែង យូរ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ក្នុងឱកាស​ដែល​សម្ដេច​អញ្ជើញ​មក​ចូលរួម​មហាសន្និបាត លើក​ទី​៧៣ នៃ​អង្គការសហប្រជាជាតិ (UN) នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ៕

*​មន្ត្រី​ក្រុង​ហ្វី​ឡា​ដែល​ហ្វី​យ៉ា​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​

​មន្ត្រី​ក្រុង​ហ្វី​ឡា​ដែល​ហ្វី​យ៉ា សហរដ្ឋអាមេរិក បានធ្វើ​លិខិត​ស្វាគមន៍​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​នឹងធ្វើ​ទស្សនកិច្ច នា​អតីត​រដ្ឋធានី​របស់​អា​មេ​រិ​ក​។​ការស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ធ្វើឡើង​តាមរយៈ​លិខិត​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៨ ដោយ​មន្ត្រី​តុលាការ​នៃ​សាលាវិនិច្ឆ័យ​ក្រុង​ហ្វី​ឡា​ដែល​ហ្វី​យ៉ា លោក James M. DeLeon ៕

*​ធនាគារអភិវឌ្ឍន៍អាស៊ី : កម្ពុជា​បន្ត​រក្សា​កំណើនសេដ្ឋកិច្ច​រឹងមាំ​ក្នុង​ឆ្នាំ​២០១៨

​ធនាគារអភិវឌ្ឍន៍អាស៊ី (​ហៅ​កាត់​ថា ADB) ព្យាករណ៍​ថា ផលិតផល​ក្នុងស្រុក​សរុប (​ផ​.​ស​.​ស​) របស់​ប្រទេស​កម្ពុជា នឹង​បន្ត​រក្សា​កំណើន​រឹងមាំ ក្នុង​ឆ្នាំ ២០១៨ ជាមួយនឹង​ការរំពឹងទុក​ថា ការនាំចេញ និង​ការប្រើប្រាស់​ក្នុងស្រុក​នឹងមាន​លទ្ធផល​ល្អប្រសើរ​។ ក្នុង​ការធ្វើ​បច្ចុប្បន្នភាព​របាយការណ៍​ពិសេស​របស់ខ្លួន​ដែលមាន​ឈ្មោះថា ទស្សនៈវិស័យ​អភិវឌ្ឍន៍អាស៊ី (ADO) ឆ្នាំ ២០១៨ ADB ព្យាករណ៍​ថា ប្រទេស​កម្ពុជា​នឹងមាន​កំណើនសេដ្ឋកិច្ច​ប្រមាណ​៧,០%​សម្រាប់​ឆ្នាំ​២០១៨ និង ២០១៩ ខណៈពេលដែល​សេដ្ឋកិច្ច​របស់​ប្រទេស​កំពុង​អភិវឌ្ឍ​ភាគច្រើន​នៅ​អាស៊ី នៅ​បន្ត​កំណើនថេរ ហើយ​ប្រទេស​ឧស្សាហកម្ម​ធំៗ​មាន​ភាពរឹងមាំ​កម្រិត​មធ្យម ៕

*​វិស័យ​ទេសចរណ៍​បោះជំហាន​ទៅរក​ការអនុវត្ត​ប្រព័ន្ធ​ឌីជីថល​

​ទិវា​ទេសចរណ៍​ពិភពលោក​ថ្ងៃទី​២៧ កញ្ញា ឆ្នាំ​២០១៨ នេះ​បាន​លើកយក​ប្រធានបទ ”​វិស័យ​ទេសចរណ៍​និង​និន្នាការ​ផ្លាស់ប្តូរ​ទៅរក​ប្រព័ន្ធ​ឌីជីថល​។ នេះ​បើតាម​សារលិខិត​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានប្រកាស​ឲ្យ​ដឹង​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​២៥ ខែកញ្ញា មកនេះ​។​

​ខ្លឹមសារ​នៃ​ទិវា​នេះ​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា ប្រធានបទ​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​ស្រប​ពេលដែល​កម្ពុជា ក៏​ដូច​អាស៊ាន​បាន​នឹង​កំពុង​រៀបចំខ្លួន​សំរាប់​សេដ្ឋកិច្ច​ឌីជីថល និង​ឆ្លើយតប​ទៅនឹង​បដិវត្តន៍​ឧស្សាហកម្ម​ជុំនាញ​ទី​៤​។ យើង​ដឹង​ហើយ​ថា​ចរន្ត​រីកចម្រើន​នៃ​វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា ដែល​គេ​ហៅថា​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ បាន​ក្លាយជា​កត្តា​គ​ន្លិះ​មួយ​កំណត់​នូវ​និន្នាការ​វិវត្តន៍​នៃ​សង្គម​-​សេដ្ឋកិច្ច ក្នុង​គ្រប់​ទិដ្ឋភាព​ជាមួយនឹង​ការបង្កើតឡើង​ទាំង​កាលានុវត្តភាព ទាំង​បញ្ហា​ប្រឈម​សំរាប់​សកលលោក​ទាំងមូល ៕

*​គម្រោង​វិ​និ​យោ​តម្លៃ​ជាង​បី​រយ​លាន​ដុល្លារ​បានទទួល​ការសម្រេច​ក្នុង​ខែ​នេះ​

​សំណើសុំ​វិនិយោគ​លើ​គម្រោង​បង្កើត​រោងចក្រ​ខារ​អំបោះ របស់​ក្រុមហ៊ុន “CROWNGAIN GARMENT ACCESSORIES CO.,LTD.”​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុម ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានសម្រេច​ចេញ​“​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​”​ជូន​ដល់​ក្រុមហ៊ុន ។ នេះ​បើ​យោងទៅតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ហៅ​កាត់​ថា ស៊ី​ឌី​ស៊ី​ប្រកាស​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ ៕

*​អភិបាលខេត្ត​មណ្ឌល​គី​រីៈ ក្រុមហ៊ុន ហ៊ាង លី បាន​បញ្ឈប់​ការឈូសឆាយដី​ព្រៃឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​

​លោក​សា្វ​យ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌល​គី​រី បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា​ថា ក្រុមហ៊ុន ហ៊ាង លី បាន​បញ្ឈប់​សកម្មភាព​ឈូសឆាយ​ដីព្រៃ​ខុសច្បាប់ នៅក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​ពូ​ជ្រៃ នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ស្ថិតនៅ​ភូមិ​ពូ​តាង ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្ត​មណ្ឌល​គី​រី ហើយ​។ ការ​ថ្លែង​នេះ បាន​ធ្វើឡើង​នៅក្រៅ​ប្រកាស​គណៈកម្មាធិការ​ជំរឿន​រាជធានី​-​ខេត្ត និង​ពិធី​ប្រគល់​-​ទទួល​សម្ភារៈ ជំរឿន ដែលជា​អំណោយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ព្រឹក​ថ្ងៃ​២៦ ខែកញ្ញា ឆ្នាំ​២០១៨​នេះ នៅ​ក្រសួងមហាផ្ទៃ ៕