ដោយ : វិបុល/ភ្នំពេញ : ព័ត៌មានសំខាន់ៗប្រចាំថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ រួមមានដូចតទៅ ៖
*សម្តេចតេជោហ៊ុនសែន អញ្ជើញចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញទៅចូលរួមកិច្ចប្រជុំទូទៅលើកទី ៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតរយៈពេល៣យប់ ៤ ថ្ងៃចាប់ពីថ្ងៃទី(២៧-៣០ កញ្ញា)នៅទីក្រុង ញូវ យ៉កសហរដ្ឋអាមេរិក ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញចាកចេញពីកម្ពុជានៅម៉ោង ៧៖៣០នាទីព្រឹកថ្ងៃទី ២៧កញ្ញានេះ ហើយគ្រោងនឹងនិវត្តន៍មក ដល់មាតុភូមិវិញនៅព្រឹកថ្ងៃទី ៣០ ខែ កញ្ញា ៕
*នៅអាណត្តិទី៦នេះ រាជរដ្ឋាភិបាលកម្ពជាមានទីប្រឹក្សា ជាជនបរទេស ១១ រូប ក្នុងចំណោមទីប្រឹក្សាសរុប ២០៧ រូប
សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី បានចុះហត្ថលេខា លើព្រះរាជក្រឹត្យ តែងតាំងទីប្រឹក្សារាជរដ្ឋាភិបាល ចំនួន ២០៧ រូប សម្រាប់អាណត្តិទី៦ ឆ្នាំ២០១៨-២០២៣។ ក្នុងនោះ មានទីប្រឹក្សារាជរដ្ឋាភិបាល ជាជនបរទេសចំនួន ១១រូប។ព្រះរាជក្រឹត្យ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨ ដែលបានផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ បង្ហាញថា ទីប្រឹក្សាជាជនបរទេសរបស់រាជរដ្ឋាភិបាល ទាំង ១១រូបនោះ ជាឥស្សរជន ជនជាតិជប៉ុន ទុយនីស៊ី បារាំង អាម៉េរិក បែលហ្ស៊ិក អូស្ត្រាលី និងម៉ាឡេស៊ី។ទីប្រឹក្សាជាជនបរទេសរបស់រាជរដ្ឋាភិបាលទាំង ១១រូបនោះ រួមមាន៖ ១-លោក ហារុហ៊ីសា ហាន់ដា, ២-លោក អាស៊ីឌីន បេឆាអ៊ូជ, ៣-លោក ក្លូត ហ្គួរ ,៤-លោក ប្រេតតុន ស្ការូន្នី, ៥-លោក រ៉ាអ៊ូល ម៉ាក ជេណា, ៦-លោក អាឡាំង បេនីស៊ី ,៧-លោកស្រី ហេឡិន ចាវីស, ៨-លោក ចេន លីបគង់ ,៩-លោក តេរូអូ ជីនណៃ ,១០-លោក យ៉ាម៉ាដា យ៉ូស៊ីតាកា និង១១-លោក ចន ជី រាយស៍។ទីប្រឹក្សាជាជនបរទេស ចំនួន ១១ រូបនេះ ក្នុងនោះ ៩ រូប មានឋានៈស្មើរដ្ឋមន្ត្រី មួយរូប មានឋានៈស្មើនឹងរដ្ឋលេខាធិការ និងមួយរូប មិនមានឋានៈស្មើអ្វីទេ។ ទីប្រឹក្សាបរទេស បួនរូប មិនទទួលប្រាក់បៀវត្សឡើយ ៕
*កម្ពុជា ប្រកាសស្វាគមន៍លទ្ធផលនៃកិច្ចប្រជុំកំពូលរវាងមេដឹកនាំកូរ៉េទាំងពីរ នៅទីក្រុងព្យុងយ៉ាង
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសស្វាគមន៍លទ្ធផលនៃកិច្ចប្រជុំកំពូលអន្តរកូរ៉េ ដែល ជាជំនួបជាប្រវត្តិសាស្ត្រ និងជោគជ័យ ដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី១៨-២០ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងព្យុងយ៉ាង ជាពិសេសកម្ពុជាបានប្រកាសស្វាគមន៍នូវសេចក្តីប្រកាសរួមទីក្រុងព្យុងយ៉ាង ដែលកម្ពុជាចាត់ទុកថា ជាការបោះជំហានដ៏សំខាន់មួយទៀត ឆ្ពោះទៅរកការផ្សះផ្សាជាតិ សន្តិភាពយូរអង្វែង កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួមនៅឧបទ្វីបកូរ៉េ ៕
*បង្ការពុលអាហារ និង ស្រា អំឡុងកាន់បិណ្ឌ៖ ក្រសួងសុខាភិបាលណែនាំ ៩ ចំណុច
ដោយក្តីបារម្ភចំពោះបញ្ហាសុខភាពដែលកើតឡើងពីការពុលអាហារ និង ពុលស្រានាអឡុងបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ ដោយហេតុថា ម្ហូបអាហារ ផ្លែឈើ នំចំណី ភេសជ្ជៈ និង គ្រឿងស្រវឹងផង តែងតែត្រូវបានប្រើប្រាស់យ៉ាលាយឡំគ្នា ដែល អាចនឹងបណ្តាលឱ្យមានបញ្ហាសុខភាពរហូតដល់បាត់បងជីវិត ប្រសិនបើខ្វះការប្រុងប្រយ័ត្ន ។ ដើម្បី បង្ការបញ្ហាសុខភាពក្រសួងសុខាភិបាល បានណែនាំជនានុជន ឱ្យអនុវត្តនូវគោលការណ៍អនាម័យ ៩ ចំណុច ឱ្យបានខ្ជាប់ខ្ជួនគឺ៖
ទី១. ត្រូវប្រើប្រាស់ទឹកស្អាត ម្ហូបអាហារស្អាត និង ឆ្អិនជានិច
ទី ២. លាងដៃនឹងសាប៊ូ មុនពេល និង អំឡុងពេលរៀបចំម្ហូបអាហារ មុនបរិភោគ និង
ក្រោយបន្ទោរបង់
ទី៣. លាងសម្អាតបន្លែ ផ្លែឈើឱ្យបានស្អាត មុនបរិភោគ
ទី៤. សម្អាតសម្ភារប្រើប្រាស់សម្រាប់ចម្អិនម្ហូបអាហារឱ្យបានត្រឹមត្រូវ
ទី៥. ចម្អិនអាហារឱ្យបានឆ្អិនល្អ ជាពិសេស សាច់សត្វស្លាប ស៊ុត និង អហារសមុទ្ទ
ទី៦. ទុកដាក់ចំណីអាហារឆ្អិន និង ឆៅដាច់ដោយឡែកពីគ្នា
ទី៧. កុំរក្សាទុកម្ហូបអាហារក្នុងកម្តៅធម្មតា លើសពី ២ ម៉ោង
ទី៨. មិនត្រូវរក្សាទុកអាហារជាច្រើនថ្ងៃឡើយ ទោះជាស្ថិតក្នុងសីតុណ្ហភាព កម្រឹតសុវត្ថិ
ភាព ក៏ដោយ ៖ ក. បើរក្សាទុកអាហារក្នុងប្រព័ន្ធត្រជាក់ គឺត្រូវឱ្យនៅសីតុណ្ហភាពក្រោម
៥ អង្សាសេ, ខ. បើរក្សាទុកអាហារក្នុងប្រព័ន្ធកម្តៅ គឺត្រូវឱ្យលើសពីសីតុណ្ហភាព ៦០
អង្សាសេ
និង ទី៩. កុំប្រើប្រាស់ ឬ បរិភោគចំណីអាហារហួសកាលកំណត់ ៕
*ច្នៃម៉ាស៊ីនអាចច្រូតស្រូវក្នុងទឹកជ្រៅៗឬទឹកជំនន់លេចរូបរាងបណ្តើរៗហើយ
ការច្នៃបង្កើតមាស៊ីនអាចច្រូតស្រូវក្នុងទឹកជ្រៅៗឬទឹកជំនន់ លេចរូបរាងបណ្តើរៗហើយបន្ទាប់ពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលនិងលោកអភិបាលខេត្ត បានចុះទៅពិនិត្យលទ្ធភាពផលិតនិងកុម្ម៉ង់ផលិតសាកល្បង ៕
* ផ្លូវ២៣ខ្សែរក្នុងខេត្តកំពង់ស្ពឺរងការខូចខាតយ៉ាងដំណំដោយសារជំនន់ទឹកភ្លៀង
ផ្លូវក្រាលកៅស៊ូនិងក្រាលក្រួសក្រហមចំនួន២៣ខ្សែររ ងការខូចខាតយ៉ាងដំណំដោយជំនន់ទឹកភ្លៀង៣ស្រុកក្នុងខេត្តកំពង់ស្ពឺ។ លោក អៀង ដាំ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទបានឲ្យរស្មីកម្ពុជាដឹងកាលពីព្រឹកថ្ងៃ២៧ ខែកញ្ញា ឆ្នាំ២០១៨ថា ស្រុកភ្នំស្រួចមានផ្លូវខូចដោយសារទឹកជំនន់ភ្លៀងចំនួន១៧ខ្សែ ៕