សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៨

523
ចែករម្លែក

​ដោយ : វិបុល​/​ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​៣ ខែតុលា រួមមាន​ដូចតទៅ ៖

*​ប្រមុខរដ្ឋស្តីទី​ប្រទាន​ភ្លើង​បូជាសព​លោក​នៃ ប៉េ​ណា​នៅមុខ​វត្ត​បុ​ទុម​វ​ត្តី​

​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រទាន​ភ្លើង​បូជាសព​លោក​នៃ​ប៉េ​ណា​អនុប្រធាន​ទី​១ ព្រឹ​ទ្ឋ​សភា នៅមុខ​វត្ត​បុ​ទុម​វ​ត្តី ដែល​បានទទួល​មរណៈភាព​កាលពីពេល​ថ្មីៗ​នេះ​។ ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ផ្តល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​ជាច្រើន​នាក់ នា​ព្រឹក​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៨ ៕

*​សម្តេច​តេ​ជោ​និង​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​កាន់បិណ្ឌ​ទី​៩​នៅ​វត្ដ​មុនី​សុវណ្ណ​ ហៅ​វត្ត​ចំពុះក្អែក​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​កា​លពី​ព្រឹក​ថ្ងៃ​ពុធ ៩​រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៨​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន ដឹកនាំ​មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​ទី​៩ នៅ​វត្ដ​មុនី​សុវណ្ណ ហៅ​វត្ត​ចំពុះក្អែក ដែល​ស្ថិតនៅក្នុង​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ៕

*​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​បញ្ជាក់ប្រាប់​បរទេស​ថា​ កម្ពុជា​ជា​ប្រទេស​វិនិយោគ​ល្អ​ដាច់​គេ​នៅក្នុង​តំបន់​

​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​អះអាងថា កម្ពុជា គឺជា​ប្រទេស​បើកចំហរ​សេដ្ឋកិច្ច​ជាមួយ​គោលនយោបាយ​គាំពារ​វិនិយោគ​ល្អ​ជាងគេ​នៅក្នុង​តំបន់ ជាពិសេស​គ្មាន​ការរើសអើង​ចំពោះ​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ហើយ​វិនិយោគិន​បរទេស មាន​សិទ្ធិ​កាន់កាប់​ភាគហ៊ុន​បាន​ទាំងស្រុង និង​អាច​ប្រមូលប្រាក់​ចំណេញ​ពី​ការធ្វើ​ធុរកិច្ច​បាន​១០០​ភាគរយ​។​

​ការអះអាង​ដូច្នេះ​របស់លោក​រដ្ឋមន្ត្រី បាន​ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ​និង​ផ្សព្វផ្សាយ​ឱកាស​វិនិយោគ​ជូន​ប្រតិភូ​ធុរជន​នៃ​បណ្តា​ប្រទេស​អាស៊ាន និង​អាមេរិក​មកពី​ក្រុមហ៊ុន​ធំៗ​ចំនួន​១០​ដឹកនាំ​ដោយ​លោក ម៉ា​យ​ឃើ​ល​មីឆា​ល​ឡាក់ (MichaelW.Michalak) អនុប្រធាន​ជាន់ខ្ពស់​និង​ជានា​យក​ប្រចាំ​តំបន់​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​អាមេរិក កាលពី​រសៀល​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០១៨​កន្លងទៅ នៅ​ទីស្តីការក្រសួង ៕

*​កម្ពុជា​-​ចិន​គ្រោង​នាំចេញ​ចេកអំបូង​លឿង​ទៅ​ចិន​ប្រមាណ​បី​ម៉ឺន​តោន​នៅ​២០១៩​ខាងមុខ​

​ក្រុមហ៊ុន​”​ឡង​មេ​ត​អេ​ហ្គ្រី​ខ​ល​ឈ័​រ​”​ដែលជា​ក្រុមហ៊ុន​បណ្តាក់ទុន​រួមគ្នា រវាង​ក្រុម​អ្នកវិនិយោគ​គិ​ន​ខ្មែរ​និង​ក្រុម​អ្នកវិនិយោគ​មកពី​ទីក្រុង​ហុងកុង​ប្រទេស​ចិន គ្រោង​នឹងធ្វើ​ការនាំចេញ​ចេកអំបូង​លឿង​ចំនួន​ប្រមាណ​០៣​ម៉ឺន​តោន​ទៅកាន់​ទីផ្សារ​ចិន ដែលជា​ទីផ្សារ​ធំ​សម្រាប់​កម្ពុជា​ក្នុង​ឆ្នាំ​ដំបូង​២០១៩​ខាងមុខ​នេះហើយ ៕

*​សត្វ​ខ្ទីង​មេ​មួយ​ក្បាល​កើតកូន​នៅ​សួនសត្វ​ភ្នំ​តា​ម៉ៅ​

​កាលពី​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៨ សត្វ​ខ្ទីង​មេ​មួយ​ក្បាល​បាន​បង្កើតកូន ឈ្មោល​ចំនួន​១​ក្បាល នៅក្នុង​ទ្រុង​នៃ​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ​។ នេះ​បើតាម​គេហ៍ទំព័រ​នៃ​រដ្ឋបាល​ព្រៃឈើ​ផ្សាយ​កាលពី​ទី​១​តុលា​កន្លងទៅនេះ​។​

​ជា​សញ្ញា​ជោគជ័យ​មួយទៀត របស់​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ​ក្នុង​កម្មវិធី​បង្កាត់​ពូជ​សត្វព្រៃ​។ កូន​ខ្ទីង​ឈ្មោល ដែល​ទើបនឹង​កើត​នេះ កំពុង​ស្ថិតក្រោម​ការតាមដាន​យ៉ាង​យកចិត្តទុកដាក់​ពី​បសុពេទ្យ​និង​អ្នកថែរក្សា​សត្វព្រៃ​។ សត្វ​ខ្ទីង​ជា​ប្រភេទ​សត្វ​ព្រៃធំ​មួយ​គឺ​ប្រភេទ​សត្វ​ដែលមាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន ៕​