សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨

945
ចែករម្លែក

​ដោយ : វិបុល​/​ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១៦ ខែតុលា រួមមាន​ដូចតទៅ ៖

*​សម្តេច​តេ​ជោ​ហ៊ុនសែន​ជួប​សំណេះសំណាល​ជាមួយ​យុវជន​អាស៊ីអាគ្នេយ៍​កម្ពុជា​២៩​រូប​
​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ព្រឹក​ថ្ងៃទី​១៦ ខែតុលា​នេះ​បានអនុញ្ញាត​ឲ្យ​គណៈ ប្រតិភូ​យុវជន​អាស៊ីអាគ្នេយ៍​កម្ពុជា​ចំនួន ២៩ រូប​បាន​ចូលជួប​សម្តែង​ការគួរសម​និង​ទទួល​ដំបូន្មាន​ពីមុន​ពេលចេញ​ដំណើរ​ទៅ​ចូលរួម​កម្មវិធី​នាវា​យុវ ជន​អាស៊ី​អ​គ្នេ​យ៍​និង​ប្រទេស​ជប៉ុន​លើក​ទី​៤៥ នាពេល​ខាងមុខនេះ​។​ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ណែនាំ​ប្រតិភូ ប្រឹងប្រែង​ធ្វើយ៉ាង​ណា​​រៀបចំខ្លួន​ជា​កូន​ខ្មែរ​ពិតៗ​សមជា​អ្នកតំណាង​ប្រជាជន​កម្ពុ​ជាជាង ១៦ លាន​នាក់ ៕

*​សម្តេច​តេ​ជោ​ហ៊ុនសែន​នឹង​អញ្ជើញ​ចាក​ចេញពី​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ អាស៊ី​អឺរ៉ុប​លើក​ទី​១២​នៅ​យប់​នេះ​
​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១២ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៨-១៩ ខែតុលា ឆ្នាំ​២០១៨ ខាងមុខនេះ ក្រោម​មូលបទ “​អ៉ឺ​រ៉ុ​ប​និង​អាស៊ី ៖ ដៃគូ​សម្រាប់​បញ្ហា​ប្រឈម​សាកល​”​។ ចំពោះ​ដំណើរ​របស់​សម្ដេច​តេ​ជោ​លើក​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាត់ទុកថា នេះ​ជាការ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ​រវាង​កម្ពុជា​និង​អឺរ៉ុប ។​
​ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​រសៀល​ថ្ងៃទី​១៦ ខែតុលា នេះ បានចេញ​សេចក្ដីថ្លែងការណ៍​មួយ ដោយបាន​ចាត់ទុក​របៀប​វារៈ​នៃ​កិច្ចប្រជុំ​កំពូល​នេះ​ថា “​ជា​របៀបវារៈ​ផ្លូវការ ដែលជា​សត្យានុម័ត ឆ្លើយតប​ទៅនឹង​ការធ្វើ​វិ​ទ្ធ​ស្សនា​អកុសល​របស់​ក្រុម​ក្រៅច្បាប់ ដែល​ធ្វើ​យុទ្ធនាការ​ប្រឌិត​និង​បំភ្លឺ​ការពិត ដែល​លើកឡើងថា សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី នឹង​ទទួល​សម្ពាធ​ពី​សហភាព​អឺរ៉ុប ក្នុងពេល​ប្រជុំ​នោះ គឺជា​ការ​ភូតភរ​ពិតប្រាកដ​មិន​ខ្មាស់អៀន​” ៕

*​រយៈពេល​៨​ខែ ភ្ញៀវទេសចរ​អន្តរជាតិ​មក​កម្ពុ​ជាមាន​ចំនួន​ជិត​៤​លាន​នាក់​
​មន្ត្រី​ក្រសួងទេសចរណ៍​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៦​តុលា​នេះ​ថា រយៈ​ខែ​ឆ្នាំ​២០១៨​នេះ កម្ពុជា​ទទួល​ទេសចរ​អន្តរជាតិ​បាន ៣,៩​លាន​នាក់ កើន​បាន ១១,៧​ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៨ ក្នុង​រយៈពេល​ដូចគ្នា​។​ភ្ញៀវ​ចិន​បាន​នាំមុខគេ​គឺ​កើន​រហូតដល់ ៧២​ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៧ ក្នុង​រយៈពេល​ដូចគ្នា ៕

*​តម្លៃ​ប្រេងឥន្ធនៈ​ត្រូវ​លក់រាយ តាម​ស្ថានីយ​ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃទី​៣១ ខែតុលា​
​ក្រសួងពាណិជ្ជកម្ម បានចេញ​សេចក្តីជូនដំណឹង​កំណត់​តម្លៃ​ប្រេងឥន្ធនៈ ដែល​ត្រូវ​លក់រាយ​តាម​ស្ថានីយ​ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨ ដោយ​តម្លៃ​សាំង​ធម្មតា ត្រូវ​លក់​មិន​លើស​៤,២៥០​រៀល ក្នុង​១​លីត្រ និង​ម៉ា​ស៊ូ​ត​លក់​តម្លៃ​៤,១៥០​រៀល ក្នុង​១​លីត្រ ៕

*​ប្រឡាយ​ទឹកស្អុយ​ស្ទឹងមានជ័យ​កំពុង​សាង់​សង់ផ្ទះ​ថ្មី​ខណៈ​ក្នុងតំណាក់កាល​ទី​២​ចាក់​បេតុង​ស៊ី​ផាយ​ប្រមាណ​១០០​ម៉ែត្រ​
​ដំណើរការ​នៃ​ការដ្ឋាន​ស្ថាបនា​ប្រឡាយ​ស្ទឹងមានជ័យ​ក្នុងតំណាក់កាល​ទី​២​នេះ​បាន​ឈានដល់​ការចាក់​បេតុង​ស៊ី​ផាយ​បាន​ប្រមាណ​១០០​ម៉ែត្រ​ទៀតហើយ ក្រោយពី​ការដ្ឋាន​ស្ថាបនា​ប្រឡាយ​ស្ទឹងមានជ័យ តំណាក់កាល​ទី​១ ត្រូវបាន​បញ្ចប់ ហើយ​នៅ​ខណៈ​នេះដែរ ផ្ទះថ្ម​ជាច្រើន​ជាន់​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ពុះ​ឡូត៍​ចែកជូន​នោះ​ក៏បាន​នឹង​កំពុង​សាងសង់​ផ្ទះ​បានជា​ច្រើន​ខ្នង​ហើយ​ដែរ ជាមួយនិង​ភាព​រីករាយ​បិទមាត់​មិន​ជិត​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​ទទួលបាន​កម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់​នេះ ៕

*​របួស​១១​នាក់ រថយន្ត​២​គ្រឿង​បុក​គ្នា នៅ​ស្រុក​កៀនស្វាយ​
​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ដ​និង​រថយន្ដបុក​គ្នា បណ្ដាល​ឲ្យ​មនុស្ស​១១​នាក់​រងរបួស​ធ្ងន់​ស្រាល ដែល​ហេតុការណ៍​កើតឡើង នៅ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​និង​៥០​នាទី​ព្រឹក លើផ្លូវ​ជាតិ​លេខ​១ ក្នុង​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៥-៣៦ ភូមិ​ជ័យ​ឧ​ត្ត​ម ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ៕​