សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨

887
ចែករម្លែក

ដោយ : វិបុល​/​ភ្នំពេញ : ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១៧ ខែតុលា រួមមាន​ដូចតទៅ ៖

*​សម្តេចនាយក​រដ្ឋមន្ត្រី​កម្ពុជា​អញ្ជើញ​ទៅ​បំពេញបេសកកម្ម​ការងា​រ​នៅ​អឺរ៉ុប​
​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​អញ្ជើញ​ដល់ ទីក្រុង​ប្រ៊ុ​ច​ហ្សែ​ល​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក​ហើយ​នៅវេលា​ម៉ោង​៧៖៤០​នាទី​ព្រឹក​ថ្ងៃទី ១៧ ខែតុលា ម៉ោង​នៅក្នុង​ទីក្រុង​ប្រ៊ុ​ច​ហ្សែ​ល​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក​ត្រូវ​នឹង​ម៉ោង​ប្រមាណ​ជាង​១២៖៤០​នាទី​រសៀល​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ ២០១៨ ម៉ោង​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​សុ​វត្តិភាព​នឹងត្រូវ​បានទទួល​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​បងប្អូន​ប្រជា ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ប៊ែ​ល​ហ្សិ​ច និង សហគមន៍​អឺរ៉ុប ។​ការអញ្ជើញ​ទៅកាន់​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក​នាពេលនេះ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM) លើក​ទី​១២​ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​១៨-១៩ ខែតុលា ឆ្នាំ​២០១៨ តប​តាម​ការអញ្ជើញ​របស់លោក Donald Tush ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​និង​លោក Jean Claude Juncher ប្រធាន​គណៈ​កម្ម ការ​អឺរ៉ុប ៕

*​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ នៅ​សាធារណរដ្ឋ​តួ​ក​គី​ពី​ថ្ងៃទី​២០​ដល់​ថ្ងៃទី​២២ ខែ តុលា​ឆ្នាំ ២០១៨ តប​តាម​ការអញ្ជើញ​របស់រ​ដ្ឋា​ភិ​បាល​តួ​ក​គី ។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​ថ្ង​ស​ទី ១៧ ខែតុលា​នេះ ៕

*​អនុប្រធាន​ទី​២​រដ្ឋសភា​: ពី​អតីតកាល កម្ពុជា​ត្រូវបាន​ពិភពលោក​ស្គាល់​ថា វាលពិឃាដ តែ​បច្ចុប្បន្ន ប្រទេស​កម្ពុជា​ត្រូវបាន​ល្បីឈ្មោះ​ថា​ជា​គោលដៅ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​
​នៅក្នុង​កិច្ចប្រជុំ​មហាសន្និបាត​សហភាព​អន្តរ​សភា​នាទី​ក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វី​ស គណៈប្រតិភូ​សភា​កម្ពុជា បាន​ជម្រាប​គណៈប្រតិភូ​សភា​នានា​មកពី​ពិភពលោក​អំពី​ការអភិវឌ្ឍ សន្តិភាព ដំណើរការ​អនុវត្ត​ប្រជាធិបតេយ្យ​និង​សភាពការណ៍​នៅ​កម្ពុជា ក្នុង​គោលបំណង​ឱ្យ​អង្គ​ប្រជុំបាន​យល់ បានដឹង បន្ថែមទៀត​ពី​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោកស្រី ឃួន សុ​ដា​រី អនុប្រធាន​ទី​២​នៃ​រដ្ឋសភា និង​ជា​ប្រធាន​គណៈប្រតិភូ​សភា​កម្ពុជា ក្នុងនាម​គណៈប្រតិភូ​ស​ភា​កម្ពុជា​ជា​ផ្លូវការ និង​ពេញសិទ្ធិ ចូលរួម​មហាសន្និបាត​លើក​ទី​១៣៩ ដែល​កំពុង​ប្រព្រឹត្តធ្វើ​នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស បាន​ជម្រាប​មហាសន្និបាត​សហភាព​អន្តរ​សភា ដែល​ហៅ កាត់​ថា IPU ពី​ការរីកចម្រើន និង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដល់​សមាជិក IPU បានដឹង​កាន់តែច្បាស់​។​

​លោកស្រី បាន​លើកឡើងថា​« ពី​អតីតកាល កម្ពុជា​ត្រូវបាន​ពិភពលោក​ស្គាល់​ថា វាលពិឃាដ តែ​បច្ចុប្បន្ន ប្រទេស​កម្ពុជា​ត្រូវបាន​ល្បីឈ្មោះ​ថា​ជា គោលដៅ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ជាងនេះទៀត ប្រទេស​កម្ពុជា តែងតែបាន​ស្វា​គម​ភ្ញៀវទេសចរ​ជាង​៥​លាន​នាក់ ជា​រៀងរាល់ឆ្នាំ និង​មាន​កំណើន​ជាប្រចាំ​ទៀតផង​» ៕

*​រដ្ឋមន្ត្រី​កសិកម្ម​ផ្តល់​អនុសាសន៍​៦​ចំណុច​ចូលរួម​គ្នា​កាត់បន្ថយ​ភាពអត់ឃ្លាន​ឱ្យបាន​ដល់​កម្រិត​សូន្យ​ត្រឹម​ឆ្នាំ​២០៣០
​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ កាលពី​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០១៨ ” បានរៀបចំ​ប្រារព្វ​ធ្វើ​ទិវា​ស្បៀង អាហារ​ពិភពលោក​លើក​ទី​៣៨ ឆ្នាំ ២០១៨ ក្រោម​ប្រធានបទ «​យើង​រួមគ្នា​កាត់បន្ថយ​ភាពអត់ឃ្លាន​ឱ្យបាន​ដល់​កម្រិត​សូន្យ​ត្រឹម​ឆ្នាំ​២០៣០»​នៅ​ភូមិ​សម្បូរ​ឃុំ​សូ​ភាស ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ក្នុង​គោលបំណង​ដើម្បី​បំផុសស្មារតី​ឱ្យ​យល់ដឹង និង​ទទួលស្គាល់​អំពី​តួនាទី​ដ៏​មាន​សារៈសំខាន់ នៃ​វិស័យ​កសិកម្ម ក្នុងការ​ដោះស្រាយ បញ្ហា​សន្តិសុខ​ស្បៀង និង​អភិវឌ្ឍ​ជនបទ សំដៅ​ឈានទៅរក​ការបញ្ចប់​ភាពអត់ឃ្លាន​។​លោក វេ​ង សុខុន បាន​បញ្ជាក់ថា​គោលនយោបាយ​ដែល​ត្រូវអនុវត្ត​គឺ ៖ ទី​១- ជំរុញ​ការរៀបចំ​និង​ដាក់​ឲ្យ​អនុវត្ត «​ផែនការមេ​សម្រាប់​អភិវឌ្ឍ​វិស័យ​កសិកម្ម ឆ្ពោះទៅ​ឆ្នាំ​២០៣០» និង «​ផែនការ​យុទ្ធសាស្ត្រ​អភិឌ្ឍន៍​វិស័យ​កសិកម្ម​ឆ្នាំ​២០១៩-២០២៣»​ប្រកបដោយ​ប្រសិទ្ធភាព​។ ទី​២-​បង្កើន​ផលិតភាព គុណភាព និង​ពិពិធ​កម្ម តាមរយៈ​ការបង្កើន​ការវិនិយោគ​លើ​ការស្រាវជ្រាវ និង​អភិវឌ្ឍ​ពូជ​ដំណាំ ពូជ​សត្វ​និង​ការចិញ្ចឹម​ត្រី ដែល​ផ្តល់​តម្លៃបន្ថែម​ខ្ពស់​។​ជំរុញ​ការ​អភិ​ឌ្ឍ​កសិដ្ឋាន​គំរូ ការផ្តល់សេវា​បច្ចេកទេស ការពង្រឹង​ការគ្រប់គ្រង​សហគមន៍​កសិកម្ម ការផលិត​កម្ម​កសិក​ម្ម​តាម​កិច្ចសន្យា ការបន្ត​កាត់បន្ថយ​ថៃ្ល និង​ពង្រឹងគុណភាព​នៃ​ធាតុ​ចូល​កសិកម្ម ព្រមទាំង​ការជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យា​វៃឆ្លាត​និង​ឌីជីថល​។ ទី​៣-​ចូលរួម​លើកកម្ពស់​ឧស្សាហកម្ម​កែ​ចៃ្ន តាមរយៈ​ការជំរុញ​ឲ្យ​មានការ​វិនិយោគឯកជន​លើ​កសិផល​ដែលមាន​សក្តានុពល ដូចជា ស្រូវ ដំ​ទ្បូ​ង​មី ស្វាយ ស្វាយចន្ទី ចេក កៅស៊ូ បន្លែ ជាដើម​។ ការកែលម្អ​នូវ​បរិយាកាស​ធុរកិច្ច សំដៅ​សម្រួល​ពាណិជ្ជកម្ម កាត់បន្ថយ​ថ្លៃដើម ព្រមទាំង​បង្កើន​ការវិនិយោគ និង​ឥណទាន​លើ​ការអភិវឌ្ឍ និង​ស្រាវជ្រាវ​ដើម្បី​គាំទ្រ​ដល់​ការបង្កើត​ការងារ និង​ជំរុញ​កំណើន​អាជីវកម្ម​ធុន​តូច និង​មធ្យម​ក្នុងស្រុក​។​ទី​៤- បន្ត​ជំរុញ​ការដាំ​បន្លែ​គ្រប់​ប្រភេទ​ជំនួស​ឲ្យ​ការនាំ​ចូល និង​សម្របសម្រួល​ការរៀបចំ​បង្កើត​ទីផ្សារ​បោះ​ដុំ និង​ចែកចាយ​បន្លែ ដែលមាន​ស្តង់ដារ និង​អនាម័យ​ខ្ពស់​។ ទី​៥-​ធ្វើ​កសិកម្ម​ចម្រុះ​ទៅតាម​សក្តានុពល​នៃ​ភូមិសាស្ត្រ​នីមួយៗ ដោយ​មិន​ត្រូវធ្វើ​តែ​ស្រែ​មួយ​មុខ​នោះឡើយ ហើយ​មន្ត្រី​ជំនាញ​ត្រូវ​ជួយ​ផ្សព្វផ្សាយ​អំពី​បច្ចេកទេស​កសិកម្ម​សម​ស្រប ការគិតគូរ​អំពី​តម្រូវការ​ទីផ្សារ ជៀសវាង​ការធ្វើ​តាម​គ្នា​ដោយ​ពុំមាន​ផែនការ​ច្បាស់លាស់​និង​ទី​៦-​ត្រូវ​ជំរុញ​ពា​ណិ​ជ្ជូ​ប​នីយកម្ម​កសិកម្ម​តាមរយៈ​ការបន្ត​ពង្រឹង​ប្រព័ន្ធ​អនាម័យ​និង​ភូតគាម​អនាម័យ ការវិនិយោគ​ប​លើ​មន្ទីរពិសោធន៍ សម្រាប់​នាំចេញ ៕

*​ក្រសួង​ការងារ​ចេញ​សេចក្តីប្រកាស​ថ្ងៃ​ឈប់សម្រាក​ប្រចាំឆ្នាំ​២០១៩
​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានចេញ​សច​ក្តី​ប្រកាស​ស្តីពី​ការកំណត់​ថ្ងៃ​ឈប់សម្រាក នៃ​ពិ​ធិ​បុណ្យ​នានា ដែលមាន​ប្រាក់​ឈ្នួល​នៅ​ប្រទេស​កម្ពុជា​។​ក្នុង​សេចក្តីជូនដំណឹង ដែល​ចុះហត្ថលេខា​ដោយ លោក​អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជា កាលពី​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០១៨ បានឱ្យដឹងថា សម្រាប់​ថ្ងៃ​ឈប់សម្រាក​ប្រចាំឆ្នាំ​២០១៩​ខាងមុខ សរុប​មាន​ចំនួន​២៨​ថ្ងៃ​។ ក្នុងចំណោម​ថ្ងៃ​ឈប់សម្រាក​នេះដែរ គេ​ឃើញ​ពិធីបុណ្យ​ធំ​ចំនួន​៣​លើក គឺ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​និង​ថ្ងៃ​បុណ្យអុំទូក​ត្រូវបាន​អនុ​ញ្ញា​ត្តិ​ឱ្យ មន្ត្រីរាជការ​បុគ្គលិក​និង​កម្មករនិយោជិត​ឈប់សម្រាក​ចំនួន​៣​ថ្ងៃ​ក្នុង​ពិធីបុណ្យ​នីមួយៗ​ខាងលើនេះ ៕

*​ក្រសួង​ធម្មការ​ស្នើឱ្យ​ស្ថាប័ន​ក្រោម​ឱវាទ​ធ្វើ​ជម្រាល​ផ្លូវ​សម្រាប់​ជន​មាន​ពិការភាព​
​តាមរយៈ​លិខិត​មួយច្បាប់​ផ្ញើជូន​មន្ត្រីក្រោមឱវាទ​របស់ខ្លួន លោក ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ធម្មការ និង សាសនា បានសរសេរថា ដើម្បី ចូលរួមចំណែក​លើកស្ទួយ​ជន​ដែលមាន​ពិការភាព​នៅ​កម្ពុជា ក្រសួង​ស្នើសុំ ប្រធាន​មន្ទីរ​ធម្មការ និង សាសនា ព្រះ​មេគណ ព្រះ​អនុគុណ ប្រធាន​អង្គ​សាសនា​នានា គ្រប់​រាជធានី ខេត្ត នៅ​រាល់​ការសាងសង់​អាគារ​ថ្មី ដូចជា មន្ទីរ​ធម្មការ និង សាសនា ព្រះវិហារ ស៊ូ​រ៉ាវ សាលាឆាន់ បន្ទប់ទឹក ឬ សំណង់​ផ្សេងៗ ត្រូវធ្វើ​ជម្រាល​ឲ្យ​ជន​មាន​ពិការភាព ដើម្បី ឲ្យ​មាន​ភាពងាយស្រួល ក្នុងការ​ធ្វើដំណើរ​ឡើង​ចុះ ។ ចំណែក​អាគារ​ដែល​បាន​ស្ថាបនា​រួចហើយ ត្រូវ​កែច្នៃ​ឱ្យមាន​ជម្រាល​ទៅតាម​លទ្ធភាព​ដែល​អាច​កែច្នៃ​ទៅរួច សម្រាប់​ការធ្វើដំណើរ​ឡើង​ចុះ របស់​ជន​ដែលមាន​ពិការភាព ៕

*​អ្នក​ចុះឈ្មោះ​ថ្មី​បាន​ជាង​១៨​ម៉ឺន​នាក់ ខណៈ​ការចុះ​បោះឆ្នោត​ឆ្នាំ​២០១៨ នឹងត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃស្អែក​នេះ​
​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​សម្រាប់​ឆ្នាំ​២០១៨ ក៏ដូចជា​ការពិនិត្យ​ផ្ទៀងផ្ទាត់​ទិន្នន័យ​របស់​អ្នកបោះឆ្នោត​នៅក្នុង​បញ្ជី​បោះឆ្នោត​ជាដើម​នោះ នឹងត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨​ស្អែក​នេះហើយ ខណៈ​អ្នក​ចុះឈ្មោះ​ថ្មី​បាន​ចំនួន​ជាង​១៨​ម៉ឺន​នាក់ ៕

*​ភ្លៀង​ធ្លា​ក់មួយ​មេ​និង​ខ្យល់​កន្ត្រាក់​បណ្តាលឱ្យ​លិច​ផ្លូវ​ក្នុង​ក្រុង​ស្វាយរៀង​
​ចាប់ពី​ម៉ោង​១២​ជាង​ថ្ងៃត្រង់​ថ្ងៃទី​១៧​ខែតុលា​ឆ្នាំ​២០១៨​នេះ​មាន​ភ្លៀង​ធ្លា​ក់មួយ​មេ​ធំ​លាយឡំ​និង​ខ្យល់​បោកបក់​ខ្លាំងៗ​រ​ន្ទៈ​ផង​នោះ​អស់​ពេល​ជិត​មួយ​ម៉ោង​គេ​ឃើញ​នៅតាម​ដងផ្លូវ​ក្រុង​ស្វាយរៀង​ត្រូវ​ជន​លិច​ដោយសារ​ទឹកភ្លៀង​ស្ទើរ​គ្រប់​ផ្លូវ ៕