សង្ខេប​ព័ត​មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៨

765
ចែករម្លែក

​ដោយ : វិបុល​/ ភ្នំពេញ : ព័ត​មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​២២ ខែសីហា រួមមាន​ដូចតទៅ ៖

*​សម្តេច​តេ​ជោ ហ៊ុន សែន ​ជួប​សវនាការ​ជាមួយ​អនុរដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​​ទទួល​ជួប​សវនាការ​ជាមួយ លោក ម៉ាក ហ្វៀ​លដ៍ (Mark Field) អនុរដ្ឋមន្ត្រី​ទទួលបន្ទុក​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក​នៃ​ក្រសួង​ការ​បរ​ទេ ស​អង់គ្លេស នា​ព្រឹក​ថ្ងៃទី​២២​ខែ សីហា​នៅ​វិមាន​សន្តិភាព​ទីស្តីការ នាយករដ្ឋមន្ត្រី ។​

​ក្នុងឱកាស​នេះ លោក ម៉ាក ហ្វៀ​លដ៍ បានបង្ហាញ​ពី​ការប្ដេជ្ញា​របស់​អង់គ្លេស​ថា នឹង​រក្សា ទំនាក់ទំនង​នេះ​ឲ្យ​កាន់​មាន​ភាពរឹងមាំ​ថែមទៀត​រវាង​ប្រទេស​ទាំងពីរ​និង​ជាមួយ​អា ស៊ាន​។ លោក ម៉ាក ហ្វៀ​លដ៍ បាន​បន្តថា ចក្រភព​អង់គ្លេស​នៅតែ​បន្ត​ជួយ​កម្ពុជា ហើយ​ចង់​ចូលរួមចំណែក​ជួយ​ដល់​ប្រ​ទេ ស​កម្ពុជា​ពិសេស​លើ​វិស័យសេដ្ឋកិច្ច លើ​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន លើ​វិស័យ​ប្រែប្រួល​អាកាសធាតុ​លើ​វិស័យ​អប់រំ​និង​បច្ចេកវិជ្ជា​និង វិទ្យាសាស្ត្រ​ជាដើម ។ លោក ម៉ាក ហ្វៀ​លដ៍ បន្តថា​ចក្រភព​អង់គ្លេស​នឹង​ជួយ កម្ពុជា​លើ​វិស័យ​ដោះមីន​បន្តទៀត ៕

*​ឧបការី​អគ្គលេខាធិការ​អ​.​ស​.​ប​សរសើរ​កម្ពុជា​ពី​ការរីកចម្រើន​

​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ហាវ​លីង ហ្សូ​(Haoliang Xu) ឧបការី​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (​អ​.​ស​.​ប​) និង​ជានា​យក​ប្រចាំ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក នៃ យូ​អិន​ឌី​ភី​(UNDP )​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៨ នេះ នៅ​ទីស្តីការ​ក្រសួងការបរទេស​។​

​ឧបការី​អគ្គលេខាធិការ​អ​.​ស​.​ប បានកត់សម្គាល់​ពី​វឌ្ឍនភាព និង​ការរីកចម្រើន​យ៉ាងច្រើន​នៅ​កម្ពុជា ជាពិសេស​លើ​ការកាត់បន្ថយ​ភាពក្រីក្រ ដែល​បាន​កាត់បន្ថយ​រហូតដល់ ៥០​ភាគរយ​។​លោក​ឧបការី​បាន​ជម្រាបជូន​អំពី​បទពិសោធន៍​នៅ​បណ្តា​ប្រទេស​មួយចំនួន ដែល​ការអភិវឌ្ឍ​ត្រូវ​ប្រកបដោយ​ចីរភាព កាត់បន្ថយ​នៅ​ផលប៉ះពាល់​ផ្សេងៗ ដែល​កើតចេញ​មកពី​សកម្មភាព​នៃ​ការអភិវឌ្ឍ​នេះ​។ ហើយ UNDP បាន​ជួយ​ដល់​ប្រទេស​នៅ​អាស៊ី​ប៉ាស៊ីហ្វិក ៕


*​កម្ពុជា​និង​ចិន​ចាយ​ទុន​រួមគ្នា​ជាង​៣២​លាន​ដុល្លារ​លើ​ការដាំ​ចេកអំបូង​លឿង​ពិសេស​នៅ​ខេត្តកំពត​

​ដោយ​អាច​ចាត់ទុកថា នេះ​ជា​លើកដំបូង​ហើយ​ក្នុងការ​វិនិយោគ​ដ៏​ធំ​មួយ​លើ​ការដាំ​ចេកអំបូង​លឿង​ពិសេស​។ ក្នុងនោះ​ប្រទេស​កម្ពុជា​និង​ចិន បានសម្រេច​ចិត្ត​បោះទុន​វិនិយោគ​រួមគ្នា​ក្នុង​ទឹកប្រាក់​ប្រមាណ ជាង​៣២​លាន​ដុល្លារ​អាមេរិក​សម្រាប់​ការវិនិយោគ​នេះ ក្នុងដំណាក់កាល​ដំបូង​លើ​ផ្ទៃដី​ដាំ​ដុះ​ជាង​០១​ពាន់​ហិច​តា ដែល​ស្ថិតនៅ​ក្នុងស្រុក​ឈូក ខេត្តកំពត ក្នុងប្រទេស​កម្ពុជា ៕

*​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដាស់តឿន​មន្ដ្រីនគរបាល​ពន្លត់​អគ្គិភ័យ​កុំ​ឲ្យ​ទារលុយ​ពី​អ្នករងគ្រោះ​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ បាន​ដាស់តឿន​ដល់​មន្ត្រីនគរបាល​ពន្លត់​អគ្គិភ័យ​កុំ​ឲ្យ​ទារលុយ​ពី​ប្រជាពលរដ្ឋ ជា​ថ្នូរ​នឹង​ការបាញ់ទឹក​ពន្លត់​ពោលគឺ​កុំ​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ធ្វើ​អាជីវកម្ម​។ សម្ដេច​ក្រឡាហោម​ព្រមាន​យ៉ាង​ដូច្នេះ​នៅក្នុង​ពិធី​ប្រគល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ដល់​អង្គភាព​ជំនាញ​និង​ស្នងការ​នគរបាល​រាជធានី​-​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​២២ ខែសីហា នេះ នា​ក្រសួងមហាផ្ទៃ ៕

*​លោក កឹម សុខា គ្មាន​វាសនា​បាន​នៅក្រៅ​ឃុំ​ទេ​

​ក្រោយ​បញ្ចប់​ការសួរដេញដោល , តុលាការ​កំពូល នៅវេលា​ថ្ងៃត្រង់​ទី​២២ ខែសីហា នេះ សម្រេច​មិន​ដោះលែង​លោក​កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទេ ដោយ​បន្ត​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ដដែល ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក អ៊ុក គឹម​សិទ្ធិ អគ្គព្រះរាជអាជ្ញា​រង​នៃ​មហាអយ្យការ​អម​តុលាការ​កំពូល និង ជា​អ្នកនាំពាក្យ​ផងដែរ ៕

*​ស្ត្រី​ជា​គ្រូសិល្ប៍​ម្នាក់​បាន​យក​ដំបង​ឫស្សី​វាយ​អ្នកជំងឺ​រហូត​ស្លាប់​

​ស្ត្រី​ម្នាក់​ដែល​គេ​អះអាងថា ពូកែ​ចេះ​ដោះ​អំពើ​អាប​ធ្មប់ ខ្មោច ចូល​តាម​អ​បិ​យ​ជំនឿ​បានគេច​ខ្លួន បន្ទាប់ពី​យក​ដំបង​ប្ញ​ស្សី​ប៉ុនកដៃ វាយ​ស្ត្រី​អ្នកជំងឺ​ម្នាក់​បណ្តាល​ឲ្យ​ស្លាប់​។ ករណីនេះ​កើតមាន​នៅក្នុង​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៨ ៕

*​ក្មេងប្រុស​ស្រី​ចំនួន​៤​នាក់​ជួប​គ្រោះ​ធំ ខណៈ​ឪពុកម្តាយ​ធ្វើអត្តឃាត​

​ក្មេងប្រុស​ស្រី​ចំនួន​៤​នាក់ ជួប​គ្រោះ​ធំ ខណៈ​ឪពុកម្តាយ​ធ្វើអត្តឃាត ដោយ​បន្សល់​ឲ្យ​ពួកគេ​រស់នៅ​តែលតោល​គ្មាន​ទីពឹង​។ យុវជន​ជា​កូនច្បង​ដែល​ទើប​និង​មាន​អាយុ​១៧​ឆ្នាំ និង​ត្រូវ​រ៉ាប់រង​មើល​ការខុសត្រូវ​ប្អូនៗ​ប្រុស​ស្រី​បីនាក់​ទៀត​ជំនួស​ឪពុកម្តាយ​ពួកគេ ដែល​បាន​បាត់បង់​ជីវិត ដោយសារតែ​ការគិត​ខ្លី​មួយពេល​។ យុវជន​កុមារា​កុមារី​ឈ្មោះ​រស់ ចាន់​ថៃ អាយុ​១៧​ឆ្នាំ កុមារា​រស់ គឹម​ថេ​ង អាយុ​១៤​ឆ្នាំ កុមារី រស់ សុខ​លាង អាយុ​១១​ឆ្នាំ​និង​ប្អូនប្រុស​ម្នាក់ទៀត​ឈ្មោះ​រស់ សុខ​ឡាង កំពុង​ដង្ហោយ​ស្វែងរក​សប្បុរសជន​ជួយ​ពួកគេ ព្រិះ​បញ្ហា​ជីវភាព​ពីមុន​ត្រូវ​ពឹង​លើ​ឪពុកម្តាយ​ទាំងស្រុង ៕