សង្ខេប​ព្រឹត្តិការណ៍​សំខាន់​ប្រចាំ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៨

891
ចែករម្លែក

​ដោយ : វិបុល​/​ភ្នំពេញ : ព្រឹត្តិការណ៍​សំខាន់​ប្រចាំ​ថ្ងៃទី​១១ ខែកញ្ញា រួមមាន​ដូចតទៅ ៖

*​សម្តេច​តេ​ជោ​ហ៊ុនសែន​នឹង​អញ្ជើញ​ចូលរួម​កិច្ចសន្ទនា​តុមូល​ជាមួយ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ចិន​ធំៗ​ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា​

​ក្នុងការ​ស្នាក់នៅ​ទីក្រុង​ណាន់​នី​ង ខេត្ត​គង់​ស៊ី ប្រទេស​ចិន​ដើម្បី​ចូលរួម​ក្នុង​ពិធី​តាំង​ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម​អាស៊ាន ចិន លើក​ទី ១៥ នៅ​ព្រឹក​ថ្ងៃទី ១១ ខែ កញ្ញា​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នឹង​អញ្ជើញ​ដឹកនាំ​គណប្រតិភូ ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា ចូលរួម​កិច្ចសន្ទនា​តុមូល​ជាមួយ​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ធំៗ របស់​ប្រទេស​ចិន​ដែល​កំពុង​វិនិយោគ​និង ធ្វើ​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា ។ ក្រុម ហ៊ុន​ទាំងនោះ វិនិយោគ​ទៅលើ​វិស័យ​ធនាគារ ហិរញ្ញវត្ថុ សំណង់ ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និង វិស័យ​កសិកម្ម ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានធ្វើការ​គូសបញ្ជាក់​យ៉ាង​មុតមាំ​ថា​រាជរដ្ឋាភិបាល​ថ្មី​នីតិកាល​ទី ៦ ដែល​ដឹកនាំ​ដោយ​សម្តេច​ផ្ទាល់​នឹង បន្ត​ជំរុញ​លើកទឹកចិត្ត​និង​ផ្តល់នូវ​ការ​គាំពារ​ខ្ពស់​ចំពោះ​អ្នកវិនិយោគទុន​បរទេស​ទាំងអស់ ៕

*​គម្រោង​វិនិយោគ​តម្លៃ​ជាង​២២​លាន​ដុល្លារ​ទទួលបាន​ការសម្រេច​

​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ចំនួន​បួន ដែលមាន​តម្លៃ​ជាង​២២​លាន​ដុល្លារ​អាម៉េរិក​និង​បង្កើត​ការងារ​ជិត​មួយ​ម៉ឺន​នាក់ បានទទួល​នូវ​ការសម្រេច​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ឬ​ស៊ី​ឌី​ស៊ី ៕

*​ភាគី​សហជីព​សម្រេចយក​តួរ​លេខ​១៩២​ដុល្លារ​សម្រាប់​កិច្ច​ច​ចារប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ​២០១៩

​បន្ទាប់ពី​កិច្ចប្រជុំ​ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ​២០១៩ ក្នុង​វិស័យ​កាត់ដេរ​លើក​ទី​២​បានបញ្ចប់​ដោយ​មិនទាន់​លេច​ជា​តួរ​លេខ​ណាមួយ​នោះ​។ ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​បាន​លើកឡើងថា សម្រាប់​កិច្ចប្រជុំ​លើក​ទី​៣​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៤ ខែកញ្ញា​ខាងមុខ​ក្រុម​សហជីព​តំណាង​ឲ្យ​កម្មករនិយោជិត នឹង​លើកយក​តួរ​លេខ​ចំនួន​១៩២​ដុល្លារ​អាមេរិក ដើម្បី​ធ្វើការ​ពិភាក្សា​បន្ត ៕

*​រដ្ឋបាល​ក្រុងព្រះសីហនុ​ឃាត់​រថយន្ត​ខ្មែរ​,​ចិន​២៤​គ្រឿង​បង្ក​ប៉ះពាល់​សណ្តាប់ធ្នាប់​

​មន្ត្រី​សាលាក្រុង​ព្រះសីហនុ​បាន​ប្រាប់ថា រយៈពេល​ចុង​ក្រោយនេះ​រដ្ឋបាល​ក្រុង​សីហនុ​បាន​អនុវត្ត​ច្បាប់​ក្នុង​ការរៀបចំ​សណ្តាប់ធ្នាប់​ក្នុង​ទីក្រុង​។ ក្នុងនោះ​ឃាត់​យានយន្ត​សរុប​ចំនួន​២៤​គ្រឿង​ដែល​ឈប់​ចត​តាមផ្លូវ​ខាងមុខ​ផ្សារលើ ប៉ះពាល់​សណ្តាប់ធ្នាប់​ចាប់តាំងពី​ថ្ងៃទី​៦​ដល់​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ៕

*​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ថ្មី​ចូលកាន់​តំណែង​

​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ប្រព្រឹត្តទៅ​នៅវេលា​ម៉ោង​៣​រសៀល ថ្ងៃទី​១១ ខែកញ្ញា​ឆ្នាំ​២០១៨ នេះ នៅ​ស្នងការ​នគររាជ​ធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក​ចាន់ អ៊ា​ន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាង​សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស​ថេត​អគ្គ​ស្នងការរង​នគរបាលជាតិ​ជំនួយការ​ដឹកនាំ​នាយកដ្ឋាន​នគរបាល​ការពារ​និង​អង្គភាព​តម្រួត​បទបញ្ជា​បាន​ចូលកាន់​តំណែង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ជំនួស​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ជា​ផ្លូវការ​ហើយ​ ៕