សង្គម​ស៊ីវិល​មួយ​បាន​បង្ហាញថា ប្រទេស​កម្ពុជា មាន​សត្វព្រៃ​ជីវៈចម្រុះ​យ៉ាងច្រើន​សម្បូរបែប

542
ចែករម្លែក
  • 1
    Share

ដោយ:​បាយ័ន​/​សៀមរាប​ ៖ ប្រធាន​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ បានបង្ហាញ​ឲ្យ​ឃើញ​ពី​ប្រទេស​កម្ពុជា ជា​ប្រទេសមួយ​ដែលមាន​សត្វព្រៃ ជីវៈចម្រុះ​យ៉ាងច្រើន​សម្បូ​បែប ប៉ុន្តែ​សត្វព្រៃ​ជីវៈចម្រុះ​ទាំងនោះ មាន​មួយចំនួន​បាន​នឹង​កំពុង​ប្រឈម​មុខការ​គម្រាមកំហែង និង​ការបាត់បង់ ដល់​ជីវិត​សត្វព្រៃ​ជាច្រើន​ប្រភេទ ដែល​ទាមទារ​ឱ្យមាន​ការយកចិត្ត​ទុក ដាក់​ក្នុងការ​ថែរក្សា និង​អភិរក្ស​ផងដែរ​។​

លោក Michael Meyerhoff ប្រធាន​មជ្ឈមណ្ឌល មានប្រសាសន៍ថា មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ នេះ បាន​បង្កើតឡើង​តាំងពី​អំឡុង​ឆ្នាំ​២០០៣​មកហើយ ហើយ​នៅក្នុង​រយៈពេល​១៥​ឆ្នាំ​កន្លងមកនេះ មជ្ឈមណ្ឌល​បានធ្វើការ​ងារ​ដ៏​លំបាក​ជាច្រើន សម្រាប់​កិច្ចការពារបរិស្ថាន និង​អភិរក្ស​សត្វព្រៃ​ជាច្រើន​ប្រភេទ​នៅ​ប្រទេស​កម្ពុជា និងក្រៅពី​ការព្យាបាល​សត្វ​ឱ្យមាន​សុខភាព​ល្អ មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ ក៏បាន​ធ្វើការ​បង្កាត់​ពូជ​សត្វ ដើម្បី​ឱ្យមាន​ចំនួន​កើនឡើង​ច្រើន និង​យកទៅ​ប្រលែង​នៅក្នុង​ព្រៃ​ធម្មជាតិ​វិញ ព្រមជាមួយ​ការចុះ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឱ្យ​ការពារ​និង​ស្រលាញ់​សត្វព្រៃ​ទាំងអស់គ្នា​។

លោក Michael Meyerhoff មានប្រសាសន៍​ទៀតថា ពលរដ្ឋ​កម្ពុជា គ្រប់រូប គួរតែមាន​មោទនភាព​ចំពោះ​ភាពសម្បូ​បែប​នៃ​ធម្មជាតិ និង​សត្វព្រៃនៅក្នុង​ប្រទេស​កម្ពុជា ដូច្នេះ​ដើម្បី​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា នៅតែ​បន្ត​មាន​ពពួក​សត្វព្រៃ​ជីវៈចម្រុះ​យ៉ាងច្រើន​សម្បូ​បែប​តទៅទៀត សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចេះ​ស្រឡាញ់​សត្វព្រៃ និង​ចូលរួម​ថែរក្សា​ការពារ​ទាំងអស់គ្នា ព្រោះថា បច្ចុប្បន្ន​មាន​សត្វព្រៃ​មួយចំនួន​ប្រឈម​នឹង​ការ​ផុត​ពូជ។​

បច្ចុប្បន្ន​មជ្ឈមណ្ឌល​នេះ​កំពុង​ទទួល​ការថែរក្សា អភិរក្ស និងព្យាបាល​សត្វព្រៃ​ចំនួន​ជាង​៦៣០ក្បាល ដែលមាន​ប្រមាណ​ជិត​៤០​អំបូរ ហើយ​សត្វ​ទាំងនេះ​មាន​មួយចំនួន​បានមកពី​ប្រជាពលរដ្ឋ​ដែល​ពួកគាត់​ចាប់បាន​យកមក​ប្រគល់ឱ្យ​មជ្ឈមណ្ឌល និង​មួយចំនួនទៀត បានមកពី​សមត្ថកិច្ច​ចាប់បាន​ពី​ក្រុម​ឈ្មួញ​រកស៊ី​ខុសច្បាប់ ៕B/