សង្គ្រាមស៊ីរីបានទាញតួអង្គបរទេសសំខាន់ៗចូលមកក្នុងជម្លោះ រឹតបង្កើនភាពតានតឹង

333
ចែករម្លែក

នៅភាគខាងជើងប្រទេសស៊ីរី ការប្រយុទ្ធតដៃគ្នាយ៉ាងខ្លាំងក្លារវាងកងទ័ពស៊ីរីនិងតួកគីបានផ្ទុះឡើងកាន់តែញឹកញាប់ខ្លាំងឡើងៗ ដែលគំរាមឈានទៅរកជម្លោះពេញទំហឹង។ ក្បួនរថយន្ដរុស្ស៊ីនិងអាម៉េរិកបានឆ្លងកាត់គ្នាទៅវិញទៅមកនៅលើផ្លូវលំដាច់ស្រយាលមួយ ដែលធ្វើឱ្យភាពតានតឹងរវាងពួកគេមើលឃើញច្បាស់ក្រឡែត។ កងទ័ពអាម៉េរិកថែមទាំងបានប៉ះទង្គិចគ្នាយ៉ាងសាហាវជាមួយក្រុមខ្មាន់កាំភ្លើងស៊ីរីនៅឯកន្លែងត្រួតពិនិត្យមួយទៀតផង។

សង្គ្រាមស៊ីវិលដ៏យូររបស់ស៊ីរីបានផ្តល់ទីលានធ្វើសមរភូមិដោយសេរីសម្រាប់ពួកអ្នកប្រយុទ្ធប្រូកស៊ី (ទាហានឧទ្ទាមធ្វើការឱ្យបរទេស)។ ប៉ុន្តែក្នុងជម្លោះរយៈពេល៩ឆ្នាំមកនេះវាកំពុងទាក់ទាញតួអង្គបរទេសសំខាន់ៗឱ្យមានជម្លោះដោយផ្ទាល់នឹងគ្នានៅលើទឹកដីស៊ីរី ខណៈការគំរាមកំហែងនៃការប្រឈមមុខដាក់គ្នាពេញទំហឹងបានក្លាយជាលទ្ធភាពអាចកើតឡើងយ៉ាងពិតប្រាកដ។

នៅភាគពាយព្យ ការវាយលុករបស់យោធាស៊ីរីគាំទ្រដោយរុស្ស៊ីដើម្បីដណ្តើមកាន់កាប់ឡើងវិញនូវខេត្តអ៊ីដលីប ដែលជាតំបន់ត្រួតត្រាចុងក្រោយរបស់ពួកឧទ្ទាមនៅក្នុងប្រទេសនេះ បានធ្វើឱ្យរដ្ឋាភិបាលក្រុងអង់ការ៉ាខឹងសម្បារ និង បានបញ្ចូលកងទ័ពរាប់ពាន់នាក់ដើម្បីឆ្លើយតប។ នៅភាគឦសាន កងទ័ពអាម៉េរិក ដែលកំពុងបំពេញបេសកកម្មមិនច្បាស់លាស់ដើម្បីការពារតំបន់ប្រេងកាតនោះ ឥឡូវមើលឃើញខ្លួនឯងក្លាយជាគោលដៅវាយប្រហារ នៅពេលដែលកងទ័ពរដ្ឋាភិបាលស៊ីរីបង្ហាញពីទំនុកចិត្តកាន់តែខ្លាំងឡើង។

ជាលទ្ធផល សមរភូមិដែលពោរពេញទៅដោយភាពតានតឹងរាល់ថ្ងៃនេះអាចនឹងនាំមកនូវលទ្ធភាពកើតឧបទ្ទវហេតុឬការយល់ខុសណាមួយ ដែលអាចបញ្ឆេះអំពើហិង្សាកាន់តែទូលំទូលាយ។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន កងកម្លាំងតួកគីនិងក្រុមឧទ្ទាមដែលគាំទ្រដោយតួកគីបានវាយប្រហារទៅលើកងទ័ពរដ្ឋាភិបាលស៊ីរីនៅខេត្តអ៊ីដលីប ហើយយន្តហោះចម្បាំងរុស្ស៊ីបានវាយប្រហារតបតវិញ។ ទាហានតួកគីពីរនាក់ត្រូវបានសម្លាប់នៅក្នុងឧបទ្ទវហេតុនេះ ដែលធ្វើឱ្យចំនួនទាហានតួកគីស្លាប់នៅខេត្តអ៊ីដលីបក្នុងខែនេះកើនឡើងដល់ ១៥ នាក់។

តោះក្រឡេកមើលតួអង្គបរទេសនិងរបៀបដែលពួកគេចូលរួមក្នុងជម្លោះនៅភាគខាងជើងប្រទេសស៊ីរី ៖

  • តួកគី

ប្រទេសជិតខាងនៅភាគខាងជើងរបស់ស៊ីរីមួយនេះគឺជាអ្នកគាំទ្រដំបូងគេបង្អស់របស់ក្រុមប្រឆាំងនៅស៊ីរី ដោយផ្តល់ការគាំទ្រខាងភស្តុភារក៏ដូចជាសព្វាអាវុធនិងថវិកាសម្រាប់ក្រុមឧទ្ទាមនានា ដែលលើកដៃកាន់អាវុធប្រឆាំងនឹងប្រធានាធិបតីស៊ីរីលោកបាសា អាល់អាសាដ។

ប្រាំបួនឆ្នាំក្រោយមក តួកគីបានចាញ់សង្គ្រាមនេះ។ ខេត្តអ៊ីដលីបនៅជិតព្រំដែនតួកគីគឺជាតំបន់សេសល់ចុងក្រោយដែលនៅកាន់កាប់ដោយក្រុមឧទ្ទាម។ ហេតុដូច្នេះហើយសម្រាប់តួកគី ខេត្តនេះបានក្លាយជាបញ្ហាគួរឱ្យបារម្ភ។

ការរុលទៅមុខផ្នែកយោធាយ៉ាងឆាប់រហ័សរបស់រដ្ឋាភិបាលស៊ីរីនៅខេត្តអ៊ីដលីបបានគំរាមដល់តំបន់ព្រំដែនខាងជើង ដែលដណ្តើមកាន់កាប់បានដោយការឈ្លានពានរបស់តួកគី។ របបក្រុងអង់ការ៉ា ដែលទទួលជនភៀសខ្លួនស៊ីរីជាង ៣,៥ លាននាក់ ក៏មានការព្រួយបារម្ភផងដែរថា ការវាយប្រហារទៅលើទីរួមខេត្តអ៊ីដលីប និង តំបន់ជុំវិញរបស់ខេត្ត នឹងរុញប្រជាជន ២ លាននាក់បន្ថែមទៀតឆ្ពោះទៅព្រំដែនរបស់ខ្លួន ដោយរឹតដាក់សម្ពាធធ្ងន់ធ្ងរឱ្យតួកគីត្រូវតែអនុញ្ញាតឱ្យពួកគេចូល។

ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ តួកគីបានបញ្ជូនកងទ័ពរាប់ពាន់នាក់បន្ថែមទៀតទៅកាន់ប្រទេសស៊ីរីដើម្បីព្យាយាមទប់ស្កាត់ការរុលទៅមុខរបស់រដ្ឋាភិបាល ដោយបង្កឱ្យមានការប៉ះទង្គិចគ្នាជាមួយកងទ័ពរដ្ឋាភិបាលស៊ីរី។ រហូតមកទល់ពេលនេះ កិច្ចចរចារវាងរុស្ស៊ីនិងតួកគីដើម្បីកាត់បន្ថយភាពតានតឹង បានបរាជ័យក្នុងការនាំមកនូវលទ្ធផល។

ឥឡូវនេះ ប្រធានាធិបតីតួកគីលោក រីស៊ីប ថាយយីប អឺដូហ្គាន បានគំរាមធ្វើប្រតិបត្តិការទ្រង់ទ្រាយធំដើម្បីបញ្ឈប់ការវាយលុករបស់ស៊ីរីនាពេលបច្ចុប្បន្ន ប៉ុន្តែដើម្បីធ្វើដូច្នេះ តួកគីត្រូវប្រថុយនឹងការប្រឈមមុខផ្ទាល់ជាមួយរបបក្រុងមូស្គូ ដែលអង់ការ៉ាមិនអាចមានលទ្ធភាពធ្វើទៅបាននោះទេ។

  • ​រុស្ស៊ី

ប្រសិនបើមានការប្រយុទ្ធគ្នាជាប្រចាំនៅក្នុងសង្គ្រាមស៊ីរី វាច្បាស់ណាស់គឺបានមកពីការគាំទ្រឥតឈប់ឈររបស់រុស្ស៊ីចំពោះលោកអាសាដ។

រុស្ស៊ីបានធ្វើយុទ្ធនាការយោធានៅក្នុងប្រទេសស៊ីរីចាប់តាំងពីខែកញ្ញាឆ្នាំ ២០១៥ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលរបស់លោកអាសាដដណ្តើមកាន់កាប់មកវិញនូវផ្នែកភាគច្រើននៃប្រទេស។ ការខាតបង់មានទំហំធំពេកក្រៃ។ ទីក្រុងទាំងមូលៗត្រូវបានបំផ្លាញដោយការទម្លាក់គ្រាប់បែកមិនរើសមុខដោយរុស្ស៊ី។

ប៉ុន្តែស៊ីរីនិងមូលដ្ឋានកងទ័ពជើងទឹករបស់ខ្លួននៅតំបន់ថាទូសបានផ្តល់ឱ្យរបបក្រុងមូស្គូនូវទីតាំងឈរជើងយុទ្ធសាស្ត្រនៅតំបន់សមុទ្រមេឌីទែរ៉ាណេហើយរុស្ស៊ីបានប្តេជ្ញាចិត្តហើយថានឹងការពារស៊ីរីឱ្យខាងតែបាន។

មូស្គូបានស្តីបន្ទោសតួកគីចំពោះការដួលរលំនៃបទឈប់បាញ់នៅខេត្តអ៊ីដលីប ដោយចោទប្រកាន់អង់ការ៉ាថា “បានបង្កភាពតានតឹងបន្ថែមទៀត” ដោយបន្តផ្តល់ការគាំទ្រផ្នែកយោធាដល់ពួកសកម្មប្រយុទ្ធក្នុងការរំលោភលើកិច្ចព្រមព្រៀងឆ្នាំ ២០១៨ ។

រុស្ស៊ីបានចូលទៅបំពេញចន្លោះទំនេរដែលបន្សល់ដោយសហរដ្ឋអាម៉េរិកកាលពីឆ្នាំមុន បន្ទាប់ពីប្រធានាធិបតីអាម៉េរិកលោកដូណាល់ត្រាំបានបញ្ជាឱ្យដកកងទ័ពអាម៉េរិកនៅភាគឦសានប្រទេសស៊ីរី ដោយដាក់ពង្រាយកងទ័ពរបស់ខ្លួនដើម្បីកុំឱ្យកងទ័ពស៊ីរីនិងតួកគីជល់គ្នា។

ការណ៍នេះបានធ្វើឱ្យមូស្គូក្លាយជាអ្នកសម្របសម្រួលអំណាច អន្តរការី និង ជាអ្នកឈ្នះសង្គ្រាម ដោយរក្សានូវកិច្ចសហប្រតិបត្តិការជាមួយតួអង្គទាំងអស់រួមទាំងពួកឃឺដ តួកគី និងសូម្បីសហរដ្ឋអាម៉េរិក ដែលរុស្ស៊ីសហការជាមួយលើប្រតិបត្តិការកាត់បន្ថយភាពតានតឹងនៅខ្សែត្រៀមជួរមុខ។

  • សហរដ្ឋអាម៉េរិក

ខណៈលោកត្រាំបានបញ្ជាឱ្យដកកងទ័ពអាម៉េរិកចេញពីប្រទេសស៊ីរីកាលពីឆ្នាំមុន ពួកមេបញ្ជាការនិងទីប្រឹក្សាយោធារបស់គាត់ក្រោយមកបានបញ្ចុះបញ្ចូលគាត់ឱ្យរក្សាទុកកងកម្លាំងបម្រុងខ្លះដើម្បីការពារតំបន់ប្រេងនិងទីតាំងគ្រប់គ្រងដោយពួកឃឺដកុំឱ្យធ្លាក់ចូលក្នុងដៃរបស់ពួកសកម្មប្រយុទ្ធមកពីក្រុមរដ្ឋអ៊ីស្លាម។

យោងតាមពួកមន្រ្តីបានឱ្យដឹងថា មានកងទ័ពអាម៉េរិកប្រមាណ ៧៥០ នាក់នៅភាគខាងកើតប្រទេសស៊ីរី ដែលលាតសន្ធឹងជាង ១៥០ គីឡូម៉ែត្រពីតំបន់ឌាអែលហ្សួរហូតដល់តំបន់ព្រំដែនខាងកើត អាល់ហាសសាកេ។

ពួកគេបានដើរល្បាតនៅតំបន់មួយ ដែលប្រមូលផ្តុំទៅដោយកងទ័ពផ្សេងទៀតរួមមានកងទ័ពរុស្ស៊ី កងទ័ពរដ្ឋាភិបាលស៊ីរី និងសូម្បីកងកម្លាំងតំណាងរបស់អ៊ីរ៉ង់ ដែលនៅមិនឆ្ងាយពីគ្នាប៉ុន្មាននោះឡើយ។

ប៉ុន្តែគេមើលឃើញច្បាស់ហើយថានរណាមានប្រៀបជាងគេ។

កាលពីដើមខែនេះ កងទ័ពអាម៉េរិកបានបាញ់សម្លាប់បុរសម្នាក់ បន្ទាប់ពីក្បួនរថយន្តរបស់ពួកគេរងការវាយប្រហារនៅជិតប៉ុស្តិ៍ត្រួតពិនិត្យមួយដែលគ្រប់គ្រងដោយកងកម្លាំងគាំទ្រលោកអាសាដនៅលើផ្លូវដាច់ស្រយាលមួយនៃទីក្រុងកាមីស្លីភាគឦសានប្រទេសស៊ីរី។ ក្បួនរថយន្តអាម៉េរិកត្រូវបានវាយប្រហារដោយដុំថ្មនិងដបសាំង ហើយបុរសម្នាក់ត្រូវគេឃើញបាញ់កាំភ្លើងវែងស្រោចមកលើក្បួនរថយន្ត។ រថយន្ដអាម៉េរិកមួយគ្រឿងបានជាប់ផុងក្នុងភក់ក្រោយកាច់ចង្កូតចូលស្នាមភ្លោះ ហើយរថយន្តមួយទៀតបានបែកកង់។

នៅត្រង់ចំណុចមួយក្នុងហេតុការណ៍នេះ ក្បួនរថយន្តកងទ័ពរុស្ស៊ីបានមកដល់កន្លែងកើតហេតុជាក់ស្តែងដើម្បីសម្របសម្រួល។ រូបភាពជាច្រើនបានបង្ហាញយានយន្តដែលមានទង់ជាតិរុស្ស៊ីសហរដ្ឋអាម៉េរិកនិងស៊ីរីស្ថិតក្នុងស៊ុមតែមួយ។

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ការមកដល់នៃកងទ័ពរុស្ស៊ីបានទប់ស្កាត់ “ការកើនឡើងនូវជម្លោះបន្ថែមទៀត”៕ ដោយ៖ កញ្ញាដាលីស

ទាហានរុស្ស៊ី ស៊ីរីនិងទាហានដទៃតៀតជួបជុំគ្នាក្បែរក្បួនរថយន្តយោធាអាម៉េរិកនៅក្នុងភូមិឃើបេតអាមមូនៅភាគខាងកើតទីក្រុងកាមីស្លី កាលពីថ្ងៃទី១២កុម្ភៈកន្លងទៅ