សង្គ្រាម​ថ្មី​ដ៏​ធំ​កំពុង​លេច​ស្រមោល​ស្ទង់ៗ តែ​ពិភពលោក​មិនបាន​ចាប់អារម្មណ៍

3687

​សង្គ្រាម​ថ្មី​ដ៏​ធំ​មួយ​កំពុង​លេច​ស្រមោល​ស្ទង់ៗ​។ អ្នកជំនាញ​ខាង​កិច្ចការ​អាស៊ី​ប៉ាស៊ីហ្វិក​ឈានមុខ​មួយរូប​បាន​ព្រមាន​ថា ទ្វីបអាស៊ី​អាច​នឹង​ធ្លាក់ចូល​ទៅក្នុង​វិបត្តិ​នៅ​ទូទាំង​តំបន់​ជាមួយ​ផលប៉ះពាល់​ជាស​កល​។​

​លោក​បណ្ឌិត ប្រេន​ដាន់ ថា​យ​ល័​រ (Brendan Taylor) ជំនួយការ​សាស្ត្រាចារ្យ​នៅ​សាលា​ជំនាញ​កិច្ចការ​អាស៊ី​ប៉ាស៊ីហ្វិក​ខូ​រ៉​ល​ប៊ែ​ល​នៅ​សាកលវិទ្យាល័យ ANU បាន​លើកឡើងថា​អាស៊ី​កំពុង​ស្ថិតនៅ​ផ្លូវបំបែក​ដ៏​គ្រោះថ្នាក់​នៅក្នុង​សៀវភៅ​ថ្មី​របស់គាត់ ឈ្មោះ The Four Flashpoints: How Asia Goes to War ។​

​រឿងរ៉ាវ​ជាច្រើន​កំពុង​កើតឡើង​នៅ​អាស៊ី​ប៉ូ​ព៌ា​។ ប្រទេស​ចិន​គ្រោង​នឹង​វ៉ា​អាមេរិក​ក្នុងនាម​ជា​មហាអំណាច​លើ​ពិភពលោក​នៅ​មួយ​ទសវត្សរ៍​ខាងមុខ​។ សំណួរ​នៅតែមាន​អំពី​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​របស់​លោក​គីម ជុង​អ៊ុន​។ ប្រទេស​ជប៉ុន​កំពុង​បង្កើន​អំណាច​យោធា​របស់ខ្លួន​ជាថ្មី​ម្តងទៀត ហើយ​សមរភូមិ​ក្នុង​តំបន់​ដើម្បី​ភាពជា​ម្ចាស់​នៃ​សមុទ្រ​ដ៏​សម្បូរ​លាភសក្ការៈ​កំពុង​កាន់តែ​រីក​ខ្លាំង​ឡើង​។​

​ទន្ទឹមនឹង​នេះដែរ អាស៊ី​កំពុង​ឆ្លងកាត់​វិបត្តិ​ផ្ទៃក្នុង​រៀងៗ​ខ្លួន​និង​រាលដាល​ជា​បន្ត​បន្ទាប់ពី​ប្រទេសមួយ​ទៅ​ប្រទេស​មួយទៀត ពោល​គឺជា​ទម្រង់​ស្រដៀង​គ្នា​ដែល​បាន​កើតឡើង​នៅមុន​ពេល​ផ្ទុះ​សង្គ្រាមលោកលើកទី ១ និង​ទី ២​។​

​លោក​បណ្ឌិត​ថា​យ​ល័​រ​បាន​លើកឡើងថា​មាន “​ចំណុច​ផ្ទុះ​ជម្លោះ​សំខាន់ៗ​” ចំនួន ៤ ដែល​ពាក់ព័ន្ធ​នឹង​តំបន់​គ្មាន​ស្ថិរភាព​ខាង​នយោបាយ ដែល​អាច​ផ្ទុះ​ជា​ជម្លោះ​ភ្លាមៗ ហើយ​តំបន់​ទាំងអស់នោះ​គឺ​ស្ថិតនៅក្នុង​ទ្វីបអាស៊ី​តែម្តង​។​

​លោក​បាន​ព្រមាន​ថា “​ហានិភ័យ​នៃ​សង្គ្រាម​ដ៏​ធំ​នៅ​អាស៊ី​សព្វថ្ងៃនេះ​គឺមាន​ខ្ពស់ជាង​ការដែល​មនុស្ស​នីមួយៗ​បាន​សន្ម​ត់ទៅទៀត​។ អ្វីដែល​អាចធ្វើឱ្យ​ផ្ទុះ​សង្គ្រាម​បាន គឺ​ការប៉ះទង្គិច​គ្នា​ដោយ​ចៃដន្យ​រវាង​កងទ័ព​២​ខុសគ្នា នៅ​កន្លែង​ខុស ឬ នៅពេល​វេលា​ខុស ហើយ​ការរីក​រាលដាល​ដ៏​គ្រោះថ្នាក់​អាច​នឹង​កើតឡើង​។ អាស៊ី​មានសំណាង​ណាស់​ដែល​រហូតមកទល់​ពេលនេះ វា​មិនទាន់​កើតឡើង​”​។​

​ប៉ុន្តែ​តើ “​ចំណុច​ផ្ទុះ​ជម្លោះ​សំខាន់ៗ​” ទាំង ៤ នោះ​គឺជា​អ្វី ហើយ​តើ​ស្ថានភាព​នេះ​មាន​សភាព​អាក្រក់​កម្រិត​ណា​?

១. សមុទ្រ​ចិន​ខាងត្បូង​

​គេ​បាន​និយាយ​ច្រើន​អំពី​ឋានៈ​មហាអំណាច​កំពុង​កើនឡើង​ខ្លាំង​របស់​ចិន​។​

​យោងតាម​ស​ន្ទ​ស្សន៍​មហាអំណាច​អាស៊ី​ចុងក្រោយបង្អស់​របស់​វិទ្យាស្ថាន​ឡូ​វី ចិន​នឹង​វ៉ា​អាមេរិក​ក្នុងនាម​ជា​ប្រទេស​ដ៏​មាន​ឥទ្ធិពល​បំផុត​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅត្រឹម​ឆ្នាំ ២០៣០​។​

​គ្មាន​កន្លែង​ណា​ផ្សេង​ដែល​គេ​មើលឃើញ​អំណាច​ចិន​ច្បាស់ក្រឡែត​ដូច​នៅ​សមុទ្រ​ចិន​ខាងត្បូង​នោះឡើយ កន្លែង​ដែល​សមុទ្រ​នេះ​មាន​ព្រំប្រទល់​ជាប់​ប្រទេស​ប្រទាញប្រទង់​ចំនួន ១០​។ ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លងមកនេះ ទំហំ​នៃ​ផ្ទៃដី​ទាមទារ​ដោយ​ចិន​បាន​រីកធំឡើង​កាន់តែខ្លាំង ជាមួយ​ភស្តុតាង​ពី​ផ្កាយរណប​បានបង្ហាញ​អំពី​ការបង្កើន​កម្លាំងយោធា​ចិន និង​ការគំរាមកំហែង​បានធ្វើ​ឡើង​ចំពោះ​ពិភពលោក​ទាំងមូល រួមទាំង​អូស្ត្រាលី​។​

​សមុទ្រ​ចិន​ខាងត្បូង​នៅតែ​ជា​ផ្លូវ​ដឹកជញ្ជូន​ដ៏​សំខាន់បំផុត​របស់​ពិភពលោក​ហើយ​ត្រូវបាន​គេ​ជឿថា​មាន​ធនធាន​ប្រេង​និង​ឧស្ម័ន​តម្លៃ​រាប់​កោដិ​ដុល្លារ​។​

​ការរំពឹងទុក​អំ​ពីស​ង្គ្រា​ម​ផ្ទុះឡើង​នៅលើ​សមុទ្រ​ចិន​ខាងត្បូង​នៅតែ​ជា​ចំណុច​កំពុង​ពិភាក្សាគ្នា​ដ៏​សំខាន់​នៅឡើយ​។​

​វា​ប្រហែលជា​គួរឱ្យភ្ញាក់ផ្អើល ដែល​លោក​បណ្ឌិត​ថា​យ​ល័​រ​និយាយថា សមុទ្រ​ចិន​ខាងត្បូង​គឺមាន​លទ្ធភាព​ផ្ទុះ​សង្គ្រាម​តិចតួច​ជាងគេ​ក្នុងចំណោម​ចំណុច​ងាយ​ផ្ទុះ​ជម្លោះ​ទាំង ៤​។​

​លោក​បាន​កត់សម្គាល់ថា ខណៈដែល​ប្រទេស​ជាច្រើន​បានជា​ប់​ពាក់ព័ន្ធ​នឹង​ការទាមទារ​ធ្វើជា​ម្ចាស់​ទឹកដី ពួកគេ​ភាគច្រើន​មិន​ចាប់អារម្មណ៍​នឹង​ការធ្វើ​សង្គ្រាម​ទេ​។​

​ប៉ុន្តែ​ថា​តើ​ប្រទេស​លោកខាងលិច​អាច​រក្សា​ដែនទឹក​នេះ​ឱ្យនៅ​បើកបរ​បាន​ដោយ​សេរី ដោយ​មិន​ប្រឈមមុខ​នឹង​ចិន គឺជា​រឿង​មួយ​ផ្សេងទៀត​។ លោក​ថា​យ​ល័​រ​និយាយថា “​វ៉ាស៊ីនតោន​នឹងមិន​ហ៊ាន​សម្លឹង​មើលមុខ​ចិន​ឡើយ​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​។ ភូមិសាស្ត្រ​គឺ​អំណោយផល​ខ្លាំងពេក​ដល់​ចិន​”​។​

​ទន្ទឹមនឹង​នេះដែរ នៅ​សមុទ្រ​ភាគ​ខាងកើត​ប្រទេស​ចិន រឿង​ស្រដៀង​គ្នា​នេះ​ក៏​កំពុងពុះ​កញ្ជ្រោល​ខ្លាំង​ផងដែរ​។​

២. សមុទ្រ​ចិន​ខាងកើត​

​អ្នក​ប្រហែលជា​មិនសូវ​ឮ​អំពី​ជម្លោះ​នេះ​ទេ​។ ប៉ុន្តែ​ការគំរាមកំហែង​ទៅជា​សង្គ្រាម​គឺ​ពិត​ជាមាន​ប្រាកដ​មែន ទោះ​មិន​ខ្លាំង​ដូច​នៅ​សមុទ្រ​ចិន​ខាងត្បូង​ក៏ដោយ​។​

​សមុទ្រ​ចិន​ខាងកើត​គឺជា​តំបន់​ជម្លោះ​ស្ថិតនៅ​កណ្តាល​ប្រទេស​ចិន ជប៉ុន កូរ៉េខាងត្បូង និង តៃវ៉ាន់ ដែល​គេ​ជឿថា​មាន​ធនធានធម្មជាតិ​ដ៏​មានតម្លៃ​។​

​នៅ​ទំហំ ១,២៥ លាន​គីឡូ​ម៉ែត្រការ៉េ សមុទ្រ​នេះ​មាន​ទំហំ​តូច​ជាង​ពាក់កណ្តាល​នៃ​ទំហំ​សមុទ្រ​ចិន​ខាងត្បូង ហើយ​ទទួលបាន​ការយកចិត្ត​ទុកដាក់​តិចតួច​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ ប៉ុន្តែ​វា​ជា​ជម្លោះ​ដ៏​ក្តៅគគុក និង​រួមបញ្ចូល​ទាំង​ការប្រឈមមុខគ្នា​រវាង​ជប៉ុន​និង​កូរ៉េខាងត្បូង​, ជប៉ុន​និង​ចិន​, និង​តៃវ៉ាន់​។​

​ខណៈដែល​ទីតាំង​របស់​វា​មិនសូវ​ពាក់ព័ន្ធ​ខ្លាំង​ជាមួយ​អូស្ត្រាលី​ជាង​សមុទ្រ​ចិន​ខាងត្បូង ដែនទឹក​នេះ​បាន​បង្កឱ្យមាន​ភាពចម្រូងចម្រាស់​អស់​ជាច្រើន​ឆ្នាំ​មកហើយ ជាមួយ​នាវា​ចិន​ជាច្រើន​គ្រឿង​បាន​បើក​ចូលក្នុង​ដែនទឹក​មាន​ជម្លោះ​នេះ​ម្តង​ហើយ​ម្តងទៀត​។​

​លោក​បណ្ឌិត​ថា​យ​ល័​រ​បាន​និយាយថា “​ការរំពឹងទុក​ថា​ប្រទេស​ជប៉ុន​អាច​នឹង​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ គឺ​លែង​និយាយថា​មិនអាច​ទៅរួច​ទៀតហើយ​”​។​

​ដោយ​កត់សម្គាល់ឃើញ​ទំនាក់ទំនង​ដ៏​ស្មុគស្មាញ​រវាង​ចិន​និង​ជប៉ុន លោក​ថា​យ​ល័​របា​ន​ព្រមាន​ថា ជម្លោះ​សមុទ្រ​ចិន​ខាងកើត​អាច​បង្ក​សង្គ្រាម​រវាង​ជប៉ុន​និង​ចិន​ជុំវិញ “​ការប៉ះទង្គិច​ខាង​យោធា​ដោយ​ចៃដន្យ ឬ ការប៉ាន់ប្រមាណ​ខុស​” ក៏ដូចជា “​ជាតិនិយម​ជ្រុល​រវាង​ប្រទេស​ទាំង​២”​។​

​ដូចដែល​លោក​បណ្ឌិត​ថា​យ​ល័​រ​បានកត់សម្គាល់​អ៊ីចឹង មូលហេតុ​ចម្បង​មួយ​ដែល​ជប៉ុន​កំពុង​បង្កើន​ការចូលរួម​របស់ខ្លួន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង គឺ​ដោយសារ​បារម្ភ​ថា អ្វីដែល​ចិន​អាច​ទទួលបាន​ពី​ទីនោះ នឹង​កំណត់​លក្ខខណ្ឌ​សម្រាប់​អ្វីដែល​ចិន​អាច​ធ្វើបាន​នៅក្នុង​សមុទ្រ​ចិន​ខាងកើត​ដែរ​។​

​ជម្លោះ​រវាង​ប្រទេស​ទាំង​២​អាចជា​មហន្តរាយ​គួរឱ្យខ្លាច​។​

៣. ឧបទ្វីប​កូរ៉េ​

​ភាព​តានតឹង​រវាង​កូរ៉េខាងជើង​និង​ពិភពលោក​បាន​កើនឡើង​ខ្ពស់​កាលពី​ឆ្នាំមុន ជាមួយ​ការគំរាមកំហែង​ទៅវិញទៅមក​រវាង​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ និង​លោក គីម ជុង​អ៊ុន​។​

​ទោះបីជា​មានការ​សន្យា​ជា​និមិត្តរូប​ឆ្ពោះទៅរក​សន្តិភាព​នៅក្នុង​កិច្ចប្រជុំ​កំពូល​នៅ​សិង្ហ​បុរី​នាពេល​ថ្មីៗ​នេះ​ក្តី ក៏ប៉ុន្តែ​លោក​បណ្ឌិត​ថា​យ​ល័​រ និយាយថា ហានិភ័យ​នៃ​ការផ្ទុះ​ជម្លោះ​នៅតែ​មាននៅ​ឧបទ្វីប​កូរ៉េ​។​

​លោក​បាន​ព្រមាន​ថា ការចុះ​ខ្សោយ​នៃ​កិច្ចប្រឹងប្រែង​ខាង​ការទូត​អាច​នឹង​នាំឱ្យមាន​ការវាយប្រហារ​ពី​លោក​គីម ប្រសិនបើ​គាត់​គិត​ច្រើនពេក​អំពី​វោហា​ស័ព្ទ​ដៀមដាម​របស់​អាមេរិក និង​ការត្រៀម​លក្ខណៈ​របស់​យោធា​អាមេរិក​។​

​លោក​ថា​យ​ល័​រ​និយាយថា “​ឬ​មិន​អ៊ីចឹង​ទេ លោក​គីម ដែលមាន​អារម្មណ៍​ថា​មិន​ងាយ​រងគ្រោះថ្នាក់​ដោយសារ​តែ​ខ្លួន​មាន​អាវុធ​នុយក្លេអ៊ែរ​និង​កាំជ្រួច និង​ការយល់ឃើញថា​ទំនាក់ទំនង​រវាង​អាមេរិក​និង​កូរ៉េខាងត្បូង​ចុះខ្សោយ​នោះ អាច​នឹង​ចាប់ផ្តើម​វាយប្រហារ​ដ៏​ភ្ញាក់ផ្អើល​ប្រឆាំងនឹង​ទីក្រុង​សេ​អ៊ូ​ល​ដើម្បី​ធ្វើការ​បង្រួបបង្រួម​កូរ៉េ​ដោយ​ប្រើ​កម្លាំង​”​។​

​បើទោះបីជា​លោក​ត្រាំ​និង​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង ធ្វើ​កិច្ចព្រមព្រៀង​នឹង​គ្នា និង​ដោះដូរ​កូរ៉េខាងជើង​ដើម្បី​យក​កោះ​តៃវ៉ាន់​មកវិញ​ក៏ដោយ ក៏ប៉ុន្តែ​លោក​ថា​យ​ល័​រ​បាន​និយាយថា លោក​គីម​ទំនងជា​មិន​ធ្វើតាម​គេ​ដោយ​គ្មាន​ការ​តដៃ​វិញ​នោះឡើយ​។​

​លោក​ថា​យ​ល័​រ​និយាយថា “​នៅក្នុង​សេណា​រី​យ៉ូ​ដ៏​អាក្រក់​បំផុត គាត់ (​គីម​) ប្រហែលជា​អាច​នឹង​បាញ់​នុយក្លេអ៊ែរ​របស់គាត់​ដាក់​ពិភពលោក​។ អ្វីដែល​គួរឱ្យ​បារម្ភ​គឺថា ឆ្លងកាត់​ប្រវត្តិសាស្ត្រ​មកនេះ ប្រទេស​មហាអំណាច​ដែល​កំពុង​ចុះខ្សោយ គឺមាន​ទំនោរ​វាយប្រហារ​សងសឹក​វិញ​យ៉ាង​សាហាវ​”​។​

​កាលពី​សប្តាហ៍​មុននេះ ភស្តុតាង​ថ្មី​ពី​រូបថត​ផ្កាយរណប​បានបង្ហាញ​សកម្មភាព​ថ្មី​នៅ​រោងចក្រ​របស់​កូរ៉េខាងជើង​ដែល​ផលិត​មី​ស៊ី​ល​ឆ្លង​ទ្វីប​ដំបូងបង្អស់​របស់ខ្លួន ដែលមាន​សមត្ថភាព​បា​ញ់​ដល់​សហរដ្ឋអាមេរិក​។​

​រូបភាព​ផ្កាយរណប​នេះ​បាន​បង្កឱ្យមាន​ការព្រួយបារម្ភ​ថា លោក​គីម​មិនបាន​រក្សា​ពាក្យសន្យា​របស់ខ្លួន​ដើម្បី​លុបបំបាត់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​ឆ្លង​ទ្វីប​របស់លោក​ទេ​។​

៤. តៃវ៉ាន​

​តៃវ៉ាន់​មាន​ផ្ទៃដី​ត្រឹមតែ ៣៦.០០០ គីឡូម៉ែត្រ​ការ៉េ​ទេ តែ​កោះ​នេះ​មាន​ភាពចម្រូងចម្រាស់​ខ្លាំង​សម្បើម​ណាស់​។​

​ប៉េកាំង​មើលឃើញ​កោះ​នេះ​ជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន​ហើយ​បាន​ត្រៀមលក្ខណៈ​ជាស្រេច​ដើម្បី​បង្រួបបង្រួម​ប្រទេស​ទាំង​២​ដោយ​ប្រើ​កម្លាំង បើ​ចាំបាច់ ទោះបីជា​កោះ​នេះ​មាន​រដ្ឋាភិបាល​លទ្ធិប្រជាធិបតេយ្យ គ្រប់គ្រង​ដោយ​ខ្លួនឯង និង​ចាត់ទុក​ខ្លួន​ថា​ជា​ប្រទេស​អធិបតេយ្យ​ក៏ដោយ​។​

​ខណៈដែល​សហរដ្ឋអាមេរិក​បាន​បន្ត​ផ្គត់ផ្គង់​សព្វាវុធ​យោធា​ដល់​តៃវ៉ាន់​អស់​ជាច្រើន​ទសវត្សរ៍ ថ្វីបើ​ខ្លួន​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​ចិន​តែមួយ​ក៏ដោយ ក៏ប៉ុន្តែ​លោក​បណ្ឌិត​ថា​យ​ល័​រ​បាន​ពណ៌នា​តៃវ៉ាន់​ថា​ជា “​គ្រាប់បែក​កំណត់ពេល​” ។​

​លោក​បានសរសេរថា “​សមត្ថភាព​របស់​យោធា​អាមេរិក​ក្នុងការ​ការពារ​កោះ​តៃវ៉ាន់​គឺ​កំពុងមាន​ដែន​កំណត់​រួចទៅហើយ​។ ប្រៀប​ខ្លាំង​របស់​អាមេរិក​នឹងត្រូវ​បាត់បង់​នៅ​មួយ​ទសវត្សរ៍​ទៀត​…​ដោយ​វា​នឹង​អនុញ្ញាតឱ្យ​ប៉េកាំង​បដិសេធ​អាមេរិក​មិនឱ្យ​ចូល​លូកដៃ​រឿង​តៃវ៉ាន់​ទៀតឡើយ​។ សមត្ថភាព​របស់​អាមេរិក​ក្នុង​ការធ្វើអន្តរាគមន៍​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​កំពុង​ថយចុះ ខណៈដែល​ការប៉ុនប៉ង​ចូលរួម​ធ្វើ​អន្តរាគមន៍​គឺមាន​ហានិភ័យ​ផ្ទុះ​សង្គ្រាម​ធំ​មិន​ធ្លាប់​ជួប​ពីមុន​”​។​

​លោក​ដូ​ណា​ល់ ត្រាំ បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​អំពី​កោះ​តៃវ៉ាន់​នាពេល​ថ្មីៗ​នេះ ដែល​លោក​បណ្ឌិត​ថា​យ​ល័​រ​ជឿថា “​ជាការ​ឆ្លុះបញ្ចាំង​ពី​ការមិនសប្បាយចិត្ត​រប​ស់​គាត់​ចំពោះ​ចិន​ដែល​គ្មាន​ឆន្ទៈ​ក្នុងការ​ដោះស្រាយ​ជាមួយ​ព្យុងយ៉ាង​ឬ​បន្ធូរបន្ថយ​ភាព​តានតឹង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​” ។​

​លោក​បាន​កត់សម្គាល់ថា មានការ​ព្រួយបារម្ភ​ជាច្រើន​ថា​លោក​ត្រាំ​អាច​នឹង​មានបំណង​ដោះដូរ​ការគាំទ្រ​របស់​អា​មេ​រិ​ក​ចំពោះ​កោះ​តៃវ៉ាន់​ដើម្បី​ជា​ថ្នូរ​នឹង​ការជួយ​របស់​ចិន​ក្នុងការ​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​។​

​លោក​បណ្ឌិត​ថា​យ​ល័​រ​បាន​កត់សម្គាល់ថា “​ហាក់​មិន​មានការ​អើពើ​អំពី​លទ្ធភាព​ផ្ទុះ​សង្គ្រាម​នៅ​អាស៊ី​នោះទេ​” ទោះបី​ប្រទេស​ដើរតួ​សំខាន់ៗ​ដឹង​ច្បាស់​ថា​តើ​ទំហំ​នៃ​ការខូចខាត​ពី​សង្គ្រាម​មាន​កម្រិត​ធំ​យ៉ាងណាក៏ដោយ​។​

​ដំណឹង​ល្អ​គឺថា​ការស្វែងរក​ដំណោះស្រាយ​គឺ​មិនមែន​មិនអាច​ទៅរួច​នោះទេ​ប៉ុន្តែ​វា​នឹងមិន​ងាយស្រួល​នោះឡើយ​។ លោក​បណ្ឌិត​ថា​យ​ល័​រ​បាន​ព្រមាន​ថា “​វា​នឹង​តម្រូវឱ្យមាន​ការគ្រប់គ្រង​យ៉ាង​ប្រុងប្រយ័ត្ន​នូវ​ចំណុច​ងាយ​ផ្ទុះ​ជម្លោះ​ដែល​នៅជាប់ៗ​គ្នា​ឱ្យបាន​ខ្លាំងក្លា​ឡើង​នៅ​អាស៊ី ដែល​ពួកគេ​ម្នាក់ៗ​ត្រូវមាន​វិធីសាស្ត្រ​គ្រប់គ្រង​ផ្សេងៗ​គ្នា​។ អ្វីដែល​សំខាន់​ជាងនេះទៅទៀត​នោះ​គឺ​វា​នឹង​ទាមទារ​ឱ្យ​មេដឹកនាំ​អាស៊ី​គិតគូរ​បន្ទាន់​ជាង​ពេលណាៗ​ទាំងអស់​។ នេះ​គឺ​ដោយសារតែ​ពេលវេលា​កាន់តែ​ជិត​អស់​។ ទ្រនិចនាឡិកា​ថ្ងៃ​អវសាន​កំពុង​ចាប់ផ្តើម​រំកិល និង ពេល​រាត្រី​សម្រាប់​ពួកយើង​ក៏​កាន់តែ​ជិត​អស់​ដែរ​”៕ ដោយ៖ កញ្ញាដាលីស

​ប្រភព​៖ news.com.au