សង្គ្រាម​បច្ចេកវិជ្ជា​! ចិន​ចង់​ដណ្តើម​ខ្សែក្រវាត់​បច្ចេកវិជ្ជា AI ពី​អាមេរិក ត្រឹម​ឆ្នាំ ២០៣០

465

​ក្រុមប្រឹក្សារដ្ឋ​ចិន​បានចេញ​របាយការណ៍​ថ្មី​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ កក្កដា ដោយ​បង្ហាញ​លម្អិត​នូវ​ផែនការ​ថ្មី​របស់​ជាតិ​ដើម្បី​បង្កើត​ឧស្សាហកម្ម​បច្ចេកវិជ្ជា AI (​ខួរក្បាល​សិប្បនិម្មិត​) តម្លៃ ១,៤៨ លាន​លាន​ដុល្លារ ក្នុង​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅត្រឹម​ឆ្នាំ ២០៣០ ដោយ​ធ្វើឱ្យ​ចិន​ក្លាយជា​មេដឹកនាំ​ពិភពលោក​ក្នុង​បច្ចេកវិជ្ជា AI ជំនួស​ឱ្យ​ស្តេចត្រាញ់​បច្ចុប្បន្ន អាមេរិក​។

​ផែនការ ដែល​ត្រូវ​បានអនុម័ត​ដោយ​ថ្នាក់ដឹកនាំ​កម្រិត​កំពូល​របស់​ប៉េកាំង​នេះ បាន​គូសបញ្ជាក់​អំពី​ផែនការ​រយៈពេល ១៣ ឆ្នាំ ដើម្បី​នាំ​ចិន​ទៅរក​ភាព​រីកចម្រើន​នៃ​វិស័យ​បច្ចេកវិជ្ជា AI ។ ឯកសារ​នោះ​លើកឡើងថា “​បច្ចេកវិជ្ជា AI បាន​ក្លាយជា​ម៉ាស៊ីន​ថ្មី​មួយ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។ យើង​ត្រូវតែ​ចាប់ផ្តើម​ក្តា​ប់យក​ដំណាក់កាល​ថ្មី​នៃ​ការអភិវឌ្ឍ​បច្ចេកវិជ្ជា AI ឱ្យ​ណែន​ក្នុង​ដៃ និង​បង្កើត​ឧត្តមភាព​ប្រកួតប្រជែង​ថ្មី​មួយ​”​។

​ជា​ទម្លាប់​ទៅហើយ ចិន​នឹង​ប្រឈម​ការប្រកួតប្រជែង​ស្វិតស្វាញ​នៅក្នុង​ដៃគូ​សេដ្ឋកិច្ច​និង​គូប្រជែង​របស់ខ្លួន​គឺ​សហរដ្ឋអាមេរិក​។ ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​អាមេរិក ដូចជា Alphabet, Microsoft និង Apple សុទ្ធតែ​បាន​បោះជំហាន​ទៅមុខ​យ៉ាង​លឿន​នៅក្នុង​ឧស្សាហកម្ម​ដែល​ទើបនឹង​ចាប់ផ្តើម​នេះ​។ ថវិកា​ចំនួន ៥ ពាន់​លាន​ដុល្លារ​ត្រូវបាន​បណ្តាក់ទុន​ចូលទៅក្នុង​ក្រុមហ៊ុន​បច្ចេកវិជ្ជា AI ថ្មីថ្មោង​របស់​អាមេរិក គ្រាន់តែ​ក្នុង​ឆ្នាំ ២០១៦​។​

​ប៉ុន្តែ​ចិន​មាន​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ផ្ទាល់ខ្លួន ដូចជា Baidu និង Tencent ដែល​ទាំងពីរ​ក្រុមហ៊ុន​នេះ​សុទ្ធតែ​បាន​ស្រាវជ្រាវ​រក​បច្ចេកវិជ្ជា AI ដោយ​ខ្លួនឯង​។ ចិន​សព្វថ្ងៃ​កំពុង​ប្រកៀក​ប្រកិត​គ្នា​ជាមួយ​អាមេរិក​ក្នុង​វិស័យ​កុំព្យូទ័រ​កំពូល​ផ្ទុក​ទិន្នន័យ ហើយ​សាកលវិទ្យាល័យ​នានា​របស់​ចិន​បានចេញ​ផ្សាយ​ឯកសារ​អំពី​ការសិក្សា​ស៊ីជម្រៅ (​គំនិត​សំខាន់​ក្នុង​បច្ចេកវិជ្ជា AI) ក្នុង​ឆ្នាំ ២០១៦ ច្រើនជាង​សម​ភាគី​អាមេរិក​៕ ដោយ៖ កញ្ញាដាលីស

ចិន​ចេញ​ផែនការ​រយៈពេល ១៣ ឆ្នាំ​ដើម្បី​ក្លាយជា​មេដឹកនាំ​ពិភពលោក​ក្នុង​បច្ចេកវិជ្ជា AI ជំនួស​ឱ្យ​ស្តេចត្រាញ់​បច្ចុប្បន្ន អាមេរិក