សង្គ្រាម​ផ្កាយ​កំពុង​ចាប់ផ្តើម​? រុស្ស៊ី​ប្រកាស​បង្កើត​អាណានិគម​លើ​ព្រះ​ចន្ទ​ត្រឹម​ឆ្នាំ​២០៤០ តែ​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ណា​សា​និយាយ​ខ្លួន​នឹង​វិលត្រឡប់​ទៅ​នៅ​ឋាន​ព្រះ​ចន្ទ​វិញ​

1249
ចែករម្លែក

​ទីភ្នាក់ងារ​អវកាស​សហព័ន្ធ​បានប្រកាសថា ប្រទេស​រុស្ស៊ី​នឹង​បង្កើត​អាណានិគម​មួយ​នៅ​ឋាន​ព្រះ​ចន្ទ​ត្រឹម​ឆ្នាំ ២០៤០​។​

​យោងតាម​ក្រុមមន្ត្រី​បានឱ្យដឹងថា ការយក​មនុស្ស​ទៅ​ចុះចត​ដើម្បី​បង្កើត​មូលដ្ឋាន​នៅ​ឋាន​ព្រះ​ចន្ទ​គឺជា​អាទិភាព​កំពូល​។​

​ដំណឹង​នេះ​ធ្វើឡើង​បន្ទាប់ពី​អង្គការ​ណា​សាបាន​បង្ហើប​ឱ្យដឹងថា​ខ្លួន​គ្រោង​នឹង​យក​អាមេរិក​ត្រឡប់​ទៅ​ឋាន​ព្រះ​ចន្ទ​វិញ​ដើម្បី “​ស្នាក់នៅ​” ដោយ​ប្រើ​ក្រុមហ៊ុន​ឯកជន​ដើម្បី​ដំណើរការ​អាជីវ​កម្មនេះ​។​

​ទីភ្នាក់ងារ​អវកាស​រុស្ស៊ី​រ៉ូ​ស​កូ​ស​ស្មូ (Roscosmos) បាន​និយាយថា ខ្លួន​នឹង​ចាប់ផ្តើម​យុទ្ធសាស្ត្រ​នេះ​ជា​៣​ដំណាក់កាល​។​

​យុទ្ធសាស្ត្រ​នេះ​នឹង​រួមបញ្ចូល​ការ​បង្ហោះ​ស្ថានីយ៍​ផ្កាយរណប​មួយ បន្ទាប់មក​បេសកកម្ម​ដែលមាន​មនុស្ស​ជិះ ហើយ​បន្ទាប់មកទៀត​គឺ​ការសាងសង់​មូលដ្ឋាន​អចិន្ត្រៃយ៍​។​

​អ្នកនាំពាក្យ​ម្នាក់​បាន​និយាយថា ទីភ្នាក់ងារ​នេះ​បានកំណត់​តំបន់​ពិសេសៗ​ដែលមាន​លក្ខខណ្ឌ​អំណោយផល​សម្រាប់​ការសាងសង់​មូលដ្ឋាន​លើ​ឋាន​ព្រះ​ចន្ទ ដោយ​ប្រើ​ផ្កាយរណប​។​

​អ្នកនាំពាក្យ​នោះ​និយាយថា “​ការអនុវត្ត​កម្មវិធី​ឋាន​ព្រះ​ចន្ទ​នេះ​នឹងត្រូវ​បានរៀបចំ​ឡើងជា​ច្រើន​ដំណាក់កាល​រហូតដល់​ឆ្នាំ ២០៤០”​។​

​ការប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​រួមគ្នា​មួយ​របស់​ក្រុមប្រឹក្សា​វិទ្យាសាស្ត្រ​និង​បច្ចេកទេស​របស់​រ៉ូ​ស​កូ​ស​ស្មូ ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​មូ​ស្គូ និង​ក្រុមប្រឹក្សា​អវកាស​នៃ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ​រុស្ស៊ី​៕ ដោយ៖ កញ្ញាដាលីស

រុស្ស៊ី​នឹង​កសាង​មូលដ្ឋាន​អចិន្ត្រៃយ៍​នៅលើ​ឋាន​ព្រះ​ចន្ទ​នៅត្រឹម​ឆ្នាំ​២០៤០