សង្គ្រាម​ពាណិជ្ជកម្ម​ចិន​-​អាម៉េរិក​ ធ្វើឲ្យ​វិស័យ​ទេសចរណ៍​កម្ពុជា​រៀប​យុទ្ធសាស្ត្រ​ថ្មី​

138
ចែករម្លែក
​លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុន

ដោយ​មូល​សម្បត្តិ​: ​ភ្នំពេញ​៖​លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុន​ បាន​លើកឡើងថា កម្ពុជា​កំពុង​កែសម្រួល​រៀបចំ​យុទ្ធសាស្ត្រ​ថ្មី​ដើម្បី​ទាក់ទាញ​ទេសចរ ខណៈ​គោលដៅ​មួយចំនួន​បាន​ប្រែប្រួល​ក្នុងពេល​មាន​សង្គ្រាម​ពាណិជ្ជកម្ម​។​

ក្រុមប្រឹក្សាភិបាល​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា ដែលមាន​ក្រសួងទេសចរណ៍​ជា​ប្រធាន បាននិងកំពុង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថ្មីៗ ក្នុងការ​ទាក់ទាញ​កំណើន​ទេសចរ​អន្តរជាតិ​ឱ្យមក​ទស្សនា​កម្ពុជា​កាន់​តែ​ច្រើន ខណៈ​គោលដៅ​ទេសចរណ៍​មួយចំនួន​បាននិងកំពុង​មានការ​ប្រែប្រួល ក្នុងដំណាក់កាល​កើតមាន​សង្គ្រាម​ពាណិជ្ជកម្ម​។​

​ដើម្បី​សម្រេច​កិច្ចការ​នេះ​ទៅបាន នា​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៩​នេះ ក្រុមប្រឹក្សាភិបាល​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា បាន​កោះប្រជុំ​សមាជិក​របស់ខ្លួន​នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ ក្រោម​អធិបតីភាព​លោក​រដ្ឋមន្ត្រី ថោង ខុន ក្នុងនាម​ប្រធាន​ក្រុមប្រឹក្សាភិបាល​នេះ​។​

ក្រុមប្រឹក្សាភិបាល​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា ក្រោយ​ការអនុម័ត​លើ​លក្ខន្តិកៈ និង​បទបញ្ជាផ្ទៃក្នុង​រួចហើយ នឹង​បន្ត​ពិភាក្សាគ្នា​លើ​ការរៀបចំ​យុទ្ធសាស្ត្រ​ទីផ្សារ​ថ្មីៗ សម្រាប់​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​កម្ពុជា​ឡើងវិញ​ឱ្យបាន​ល្អប្រសើរ ខណៈដែល​ពិភពលោក​កំពុង​ជួបប្រទះ​វិប្បត្តិ​សង្គ្រាម​ពាណិជ្ជកម្ម ដែល​បង្កឡើង​ដោយ​សហរដ្ឋអាម៉េរិក និង​មហា​យក្ស​ចិន​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា វិបត្តិ​សង្គ្រាម​ពាណិជ្ជកម្ម​នេះ​បាន​បណ្ដាលឱ្យ​គោលដៅ​ទីផ្សារ​ទេសចរណ៍​មួយចំនួន​មានការ​ប្រែប្រួល ហើយ​កម្ពុជា​ត្រូវខិតខំ​តោង​ស្រវា​ចាប់យក​ទីផ្សារ ឬ​គោលដៅ​ទេសចរណ៍​ណា​ដែលមាន​សក្តានុពល ពោលគឺ​ត្រូវ​រៀបចំ​ទាំង​យុទ្ធសាស្ត្រ មធ្យោបាយ និង​ថវិកា ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ទៅកាន់​គោលដៅ​សំខាន់ៗ សំដៅ​ទាក់ទាញ​ភ្ញៀវទេសចរ​មក​កម្ពុជា​ឱ្យបាន​ច្រើន និង​ប្រកបដោយ​គុណភាព​និង​ប្រសិទ្ធភាព​។​

​លោក ថោង ខុន បាន​សង្កត់ធ្ងន់ថា សម្រាប់​ទីផ្សារ​ទេសចរណ៍​ចិន កម្ពុជា​កាន់តែ​ត្រូវ​ពង្រឹង​ថែមទៀត ព្រោះថា​ចិន​ជាទី​ផ្សារ​ទេសចរណ៍​លើ​សកលលោក​ដ៏​ធំ តែ​ត្រូវតែ​ចូល​ជ្រៅ​ទៅ​គោលដៅ​សំខាន់​ណា​ដែលមាន​សក្តានុពល ហើយ​ដែល​កម្ពុជា​ត្រូវ​រៀបចំ​ការផ្សព្វផ្សាយ​ឱ្យបាន​ល្អ​នៅ​ទីនោះ ក៏​ដូចគ្នា​ទៅនឹង​ទីផ្សារ​ក្នុង​អាស៊ាន អាស៊ី អឺរ៉ុប អាម៉េរិក​ផងដែរ ដោយ​ត្រូវធ្វើ​ឱ្យចំ​គោលដៅ និង​ត្រូវ​ប្រើ​គ្រប់​មធ្យោបាយ រូបភាព ថវិកា​ឱ្យមាន​ប្រសិទ្ធភាព​។​

នៅ​ចំពោះមុខ​នៃ​កិច្ចប្រជុំ​នា​ថ្ងៃនេះ ក្រុមប្រឹក្សាភិបាល​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា បាន​ពិភាក្សា​លម្អិត​លើ​ចំណុច​សំខាន់ៗ​ចំនួន ៣ រួមមាន​៖

​ទី​១. លក្ខន្តិកៈ​របស់​ក្រុមប្រឹក្សាភិបាល​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​។​

​ទី​២. បទបញ្ជាផ្ទៃក្នុង​របស់​ក្រុមប្រឹក្សាភិបាល​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​កម្ពុជា​។​

​ទី​៣. សេចក្ដីសម្រេច​ស្ដីពី​ការបង្កើត​ក្រុមការងារ​ជំនាញ​ចំនួន ៥​ក្រុម មាន​ក្រុមការងារ​ជំនាញ​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​ក្រៅប្រទេស ក្រុមការងារ​ជំនាញ​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​អន្តរជាតិ​ក្នុងស្រុក ក្រុមការងារ​ជំនាញ​រៀបចំ​ផលិតកម្ម បោះ​ពុ​ម្ពផ្សាយ​ទេសចរណ៍ និង​ឌីជីថល ក្រុមការងារ​ជំនាញ​រៀបចំ​ដំណើរ​ទស្ស​កិច្ច​សិក្សា (Fam Trip) និង​ក្រុមការងារ​ជំនាញ​រៀបចំ​ស្ថាន​តំណាង​ទេសចរណ៍​ក្រៅប្រទេស ព្រមទាំង​ការបង្កើត​លេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សាភិបាល​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​កម្ពុជា​៕Ha