សង្គ្រាម​ពាណិជ្ជកម្ម​ចិន​-​អាមេរិក ធ្លាយ​ដល់​ឈ្លោះ​គ្នា​រឿង​សម្រាម​

3785
ចែករម្លែក

ជា​យូរ​មកហើយ ចិន​ជា​អ្នក​នាំចូល​សំណល់​និង​ទំនិញ​អេតចាយ​ធំ​បំផុត​ក្នុង​ពិភពលោក​។​តែ​ឥឡូវ បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក លោក​​ត្រាំ​ចេញ​បញ្ជា​អោយ​វាយ​ពន្ធ​ខ្ពស់​លើ​ទំនិញ​នាំចូល​ពី​ចិន​ជាហេតុ​នាំអោយ​ចិន​ត​តប​វិញ​ភ្លាម​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​មួយ ដោយ​រដ្ឋាភិបាល​​ក្រុង​ប៉េកាំង​នឹង​ហាម​ការ​នាំចូល​ទំនិញ​អេតចាយ​មកពី​អាមេរិក​និង​ប្រទេស​ផ្សេងទៀត​ជាហេតុ​នាំអោយ​បណ្តា​ប្រទេស​ឧស្សាហកម្ម​​កំពុង​ឈឺក្បាល​វិលមុខ​រករឿង​ចិន​ដោយសារ​មិនដឹង​យកស​ម្រាម​ទៅណា​។​

​គិត​មក​ត្រឹម​ឆ្នាំ​២០១៦ ចិន​ទទួលខុសត្រូវ​ចំពោះ​សំណល់​អាច​កែច្នៃ​មក​ប្រើ​បាន​វិញ​(​អេតចាយ​)​ចំនួន​ជិត​៨០%​របស់​អាមេរិក ដែល​វា​ជា​​មុខ​ជំនួញ​ធំ​មួយ​ជាហេតុ​នាំអោយ​ពួក​អ្នកជំនួញ​និង​អ្នកច្បាប់​អាមេរិក​សុំ​អង្វរ​កុំអោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ហាមឃាត់​ការ​នា​ចូល​ទំនិញ​​ប្រភេទ​នេះ​។​

​តំណាង​អាមេរិក​ម្នាក់​បាន​ប្រាប់​កិច្ចប្រជុំ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(WTO)​កាលពី​ថ្ងៃ​សុក្រ​ថា បំរាម​របស់​ចិន​លើ​ទំនិញ​អេ​ត​​ចាយ​គឺ​«​មិន​ស្ថាបនា​»​និង​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​គួរ​ត្រូវ​បន្ទោស​ចំពោះ​ការ​មាន​សម្រាម​ពេញទី​ធ្លា​ចាក់សម្រាម​យ៉ាង​លឿន​នៅ​អាមេរិក​​និង​កន្លែង​ផ្សេងទៀត​ក្នុង​ពិភពលោក​។​

​អ្នកនាំពាក្យ​អាមេរិក​នៅឯ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ទំនិញ​WTO​ក្នុង​ក្រុង​ហ្សឺ​ណែវ បាន​លើកឡើងថា​«​ការ​រឹតត្បិត​របស់​ចិន​លើ​​ទំនិញ​អេតចាយ​ជា​មូលហេតុ​នៃ​ការរំខាន​ជា​សារវន្ត​នៅក្នុង​បណ្តាញ​ផ្គត់ផ្គង់​ពិភពលោក​សម្រាប់​ទំនិញ​អេតចាយ ជាហេតុ​នាំអោយ​វា​ទៅ​​ឆ្ងាយ​ពី​កន្លែង​ផលិតកម្ម​និង​ឆ្ពោះទៅកាន់​កន្លែង​ចាក់ចោល​»​។​

​តំណាង​ពាណិជ្ជកម្ម​អាមេរិក​នៅ​ស្វី​ស​ក៏​ចោទប្រកាន់​ចិន​ថា​ផ្លាស់ប្តូរ​ច្បាប់​ស្តីពី​ការ​នាំចូល​ទំនិញ​អេតចាយ​លឿន​ពេក ជាហេតុ​នាំអោយ​​ឧស្សាហកម្ម​មួយ​នេះ​ប្រឈម​ការដួលរលំ ហើយ​«​យើង​ស្នើអោយ​ចិន​បញ្ឈប់​ការអនុវត្ត​វិធានការ​នេះ​ភ្លាម​»​។​

​នៅឯ​កិច្ចប្រជុំ​WTO​កាលពី​ថ្ងៃ​សុក្រ​នេះដែរ អ្នកនាំពាក្យ​សហភាព​អឺរ៉ុប​បាន​អះអាងថា គោលនយោបាយ​ថ្មី​របស់​ក្រុង​ប៉េកាំង​នឹង​នាំ​​អោយ​ទំនិញ​អេតចាយ​ដែល​ធ្លាប់តែ​នាំទៅ​កាន់​ប្រទេស​ត​តី​យ​លោក និង​ត្រូវបាន​ស្វាគមន៍​នោះ មិន​ប្រកាន់ខ្ជាប់​ចំពោះ​ការប្រតិបត្តិ​កែច្នៃ​​ឡើងវិញ​ដើម្បី​សុវត្ថិភាព​បរិស្ថាន ដែលជា​លទ្ធផល​នាំអោយមាន​ការចាក់ចោល​ទាំង​គំនរ​ដូច​ភ្នំ​នៅតាម​ទី​ចាក់សម្រាម ឬក៏​ត្រូវគេ​ដុតចោល​​ដែល​នឹង​ធ្វើអោយ​វា​ចូលរួម​ធ្វើអោយ​ប្រែប្រួល​អាកាសធាតុ​។​

​តែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ច្រានចោល​ការអះអាង​របស់​អាមេរិក​ដែលថា​ចិន​ជា​អ្នកទទួលខុសត្រូវ ចំពោះ​សំណល់​សម្រាម​ពិភពលោក​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​ចិន បាន​និយាយថា ប្រជាជាតិ​នានា​ត្រូវតែ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​ចំពោះ​សំណល់​សម្រាប់​របស់ខ្លួន​ក្នុង​លក្ខ​​ណៈ​ដែល​អាច​ទទួលយកបាន​ខាង​បរិស្ថាន ហើយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែល​មិន​ព្រម​ទិញ​សំណល់​ពិភពលោក​ដោយសារតែ​ខ្លួន​កំពុង​​ខិតខំ​សម្អាត​កាកសំណល់​ក្នុង​តំបន់​របស់ខ្លួន​ផងដែរ​៕​ដោយ​៖​វាសនា​

​អាមេរិក​និង​អឺរ៉ុប កំពុង​រករឿង​ចិន​រឿង​មិន​ព្រម​ទិញ​កាកសំណល់​របស់ខ្លួន