សង្គ្រាម​ពាណិជ្ជកម្ម​នាំ​អោយ​អាម៉េរិក​បាត់បង់​តំណែង​ប្រកួតប្រជែង​កំពូល​ទៅ​សិង្ហុបុរី​

181
ចែករម្លែក

​សហរដ្ឋ​អាម៉េរិក បាន​ធ្លាក់​មក​នៅ​ចំណាត់ថ្នាក់​ទី​២​បន្ទាប់​ពី​សិង្ហ​បុរី នៅក្នុង​បញ្ជី​ប្រកួតប្រជែង​សកល​របស់​អង្គការ​វេទិកា​សេដ្ឋកិច្ចពិភពលោក​(WEF) ដោយ​ការធ្លាក់ចុះ​នេះ​​មាន​ជាប់​ពាក់ព័ន្ធ​នឹង​សង្គ្រាម​ពាណិជ្ជកម្ម​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​។​

​អង្គការ ដែល​រៀបចំ​កិច្ចប្រជុំ​របស់​ឥស្សរៈជន​ធុរកិច្ច​និង​នយោបាយ​នៅ​ក្រុង​ដា​វ៉ូស​ជា​រៀងរាល់ឆ្នាំ បាន​បញ្ចេញ​របាយការណ៍​ប្រកួតប្រជែង​ប្រចាំឆ្នាំ​មួយ​ដែល​វាយ​តំលៃ​ថា​តើ​សេដ្ឋ​​កិច្ច​ប្រទេស​ណា​ដែល​កំពុង​ស្ថិតក្នុង​ស្ថានភាព​ល្អ​សំរាប់​ផលិតភាព​និង​កំណើន​យូរអង្វែង​។​

​អាម៉េរិក​«​នៅតែ​ជា​ឃ្លាំង​នវានុវត្តន៍​មួយ​»​និង​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ប្រកួតប្រជែង​បំផុត​លំដាប់​ទី​២​ក្នុង​លោក តែ​បញ្ហា​ខ្លះ​បាន​លេចឡើង​។​

​នៅពេល​ត្រូវ​បាន​សួរ​អំពី​ផល​នៃ​ការ​វាយ​ពន្ធ​ពិន័យ​របស់​រដ្ឋការ​ត្រាំ លោកស្រី សា​អា​ឌៀ ហ្សា​ហ៊ី​ឌី នាយក​គ្រប់គ្រង​WEF​បាន​និយាយថា​«​មិន​មាន​ផ្លូវ​ពីរ​ទេ​សំរាប់​វា​។​សំខាន់​ត្រូវ​​ធានាថា ប្រទេស​នានា​បើកចំហ​សំរាប់​ពាណិជ្ជកម្ម​»​។​

​លោកស្រី​បាន​បញ្ជាក់ថា​មិន​មាន​ទិន្នន័យ​ជាក់លាក់​អំពី​ផល​ប៉ះពាល់​ពី​ការ​វាយ​ពន្ធ​របស់​អាម៉េរិក​ទៅលើ​ដៃគូ​សេដ្ឋកិច្ច​សំខាន់ៗ​របស់​ខ្លួន​នៅ​ពេល​ផលិតផល​ដែល​ប៉ះពាល់​ក៏មាន​​កំណត់ តែ​អារម្មណ៍​វិនិយោគ​នៅ​អាម៉េរិក​ធ្លាក់ចុះ​។​វា​នឹង​ប៉ះពាល់​ដល់​ការវិនិយោគ​យូរអង្វែង​។​

​របាយការណ៍​ប្រកួតប្រជែង​របស់​អង្គការ​នេះ ផ្អែក​លើ​ការអង្កេត​មួយផ្នែក បន្ថែម​លើ​ទិន្នន័យ​សេដ្ឋកិច្ច​ជាក់ស្តែង​។​

​ហ្សា​ហ៊ី​ឌី បាន​និយាយថា ការធ្លាក់​ឋានៈ​របស់​អាម៉េរិក ក៏​ដោយសារ​តែ​ភាព​រំពឹងទុក​នៃ​អាយុកាល​រស់នៅ​របស់​ប្រជាជន​ក្នុងប្រទេស​នេះ​ដែល​ឥឡូវ​ទាប​ជាង​ចិន​។​បើ​តាម​អង្គ​​ការ​សុខភាព​ពិភពលោក មនុស្ស​កើត​ថ្មី​នៅ​ចិន​ត្រូវ​រំពឹងថា​នឹង​រស់​ជា​មធ្យម​បាន​៦៨,៧​ឆ្នាំ ខណៈ​នៅ​អាម៉េរិក​បាន​៦៨,៥​ឆ្នាំ​។​

សិង្ហ​បុរី​បាន​ឡើង​ដល់​កំពូល​នៃ​តារាង ដោយ​អង្គការ​WEF​កត់សំគាល់ថា ប្រទេស​នេះ​ទទួល​ផល​ពី​ការដូរ​ទិស​ពាណិជ្ជកម្ម​តាម​កំពង់ផែ​របស់​ខ្លួន ដែល​បង្ក​ឡើង​ពី​សង្គ្រាម​ពាណិជ្ជ​​កម្ម​អាម៉េរិក​-​ចិន​

​របាយការណ៍​នេះ​វា​ស់ភាព​ប្រកួតប្រជែង​លើ​ខ្នាត​សូន្យ​ដល់​១០០ ដោយ​ផ្អែក​លើ​កក្តា​ជាច្រើន​រួមមាន ហេដ្ឋារចនាសម្ពន្ធ ទីផ្សារការងារ ប្រព័ន្ធ​ហិរញ្ញវត្ថុ គុណភាព​ស្ថាប័ន​សាធារណៈ​​និង​ការបើកចំហ​សេដ្ឋកិច្ច​។​

​សិង្ហ​បុរី ទទួលបាន​៨៤,៨​ពិន្ទុះ លើ​១០០ ហើយ​អាម៉េរិក​បាន​៨៣,៧ ដោយ​ចុះ​ពី​៨៥,៦ កាលពី​ឆ្នាំ​២០១៨​។​

​ហុងកុង​កើនឡើង​៤​ថ្នាក់ ឡើង​មក​ចំណា​ត់ទី​៣ ជាមួយនឹង​ពិន្ទុះ​៨៣,១ តែ​ទិន្នន័យ​យក​មក​វាយ​តំលៃ​នេះ​ត្រូវ​បាន​ប្រមូល​មក​តាំងពី​មុន​ហុងកុង​ជួប​ចលាចល​នាំ​អោយ​សេដ្ឋកិច្ច​​និង​ទេសចរណ៍​ធ្លាក់ចុះ​ដូច​សព្វថ្ងៃ​។​

​ហូឡង់​នៅ​ចំណាត់ថ្នាក់​ទី​៤ ខណៈ​ស្វីស​នៅ​លេខ​រៀង​ទី​៥៕​ដោយ​៖​វាសនា​