សង្គ្រាម​យេ​ម៉ែន ៖ ការវាយប្រហារ​តាម​អាកាស​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​មកលើ​រថយន្តក្រុង សម្លាប់​កុមារ ២៩ នាក់​

598
ចែករម្លែក

​គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ​បាន​និយាយថា យ៉ាងហោចណាស់ កុមារ ២៩ នាក់​ត្រូវបាន​សម្លាប់ និង ៣០ នាក់​បាន​រងរបួស​នៅក្នុង​ការវាយប្រហារ​តាម​អាកាស​របស់​កងកម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអ៊ូឌីត​នៅ​ប្រទេស​យេ​ម៉ែន​។ នេះ​បើតាម​ប្រភព​សារព័ត៌មាន​ប៊ី​ប៊ី​ស៊ី​ចេញផ្សាយ​ថ្ងៃ​សុក្រ​ទី​១០ សីហា​។​

​ក្មេងៗ​ទាំង​នោះបាន​កំពុងធ្វើដំណើរ​តាម​ឡានក្រុង​មួយ ដែល​ត្រូវបាន​វាយប្រហារ​នៅ​ផ្សារ​មួយ​នៅ​ទីក្រុង​ដា​យ៉ាន ក្នុង​ខេត្ត​សា​អា​ដា ភាគ​ខាងជើង​។​

​ក្រសួងសុខាភិបាល​ដែល​គ្រប់គ្រង​ដោយ​ចលនា​ឧទ្ទាម​ហ៊ូ​ធី បានដាក់​តួលេខ​អ្នកស្លាប់​ចំនួន ៤៣ នាក់ និង​របួស ៦១ នាក់​។​

​កងកម្លាំង​ចម្រុះ​ដែល​កំពុង​គាំទ្រ​រដ្ឋាភិបាល​យេ​ម៉ែន​ក្នុង​សង្គ្រាម​ជាមួយ​ក្រុម​ឧទ្ទាម​ហ៊ូ​ធី បាន​និយាយថា សកម្មភាព​របស់ខ្លួន​គឺ “​ស្របច្បាប់​”​។​

​ក្រុមចម្រុះ​នេះ​ទទូចថា​ខ្លួន​មិនដែល​ផ្តោត​គោលដៅ​លើ​ជន​ស៊ីវិល​ដោយ​ចេតនា​នោះទេ តែ​ក្រុម​សិទ្ធិមនុស្ស​បាន​ចោទប្រកាន់​កងកម្លាំង​ចម្រុះ​ថា​បាន​បាញ់​ផ្លោង​ដាក់ ផ្សារ សាលារៀន មន្ទីរពេទ្យ និង តំបន់​លំនៅដ្ឋាន​។​

​ទន្ទឹមនឹងនេះ ប្រេសិត​ពិសេស​ថ្មី​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​ប្រទេស​យេ​ម៉ែន និង​ជា​អតីត​អ្នកការទូត​អង់គ្លេស លោក​ម៉ា​ទីន ហ្គ្រី​ហ្វ​ហ្វី​ត មាន​គម្រោង​អញ្ជើញ​ភាគី​ប្រយុទ្ធ​គ្នា​ទៅកាន់​ទីក្រុង​ហ្សឺ​ណែវ​នៅ​ខែកញ្ញា​ខាងមុខ​ដើម្បី​ពិភាក្សា​អំពី​ក្របខ័ណ្ឌ​សម្រាប់​ការចរចា​។​

​លោក​បាន​ប្រាប់​ប៊ី​ប៊ី​ស៊ីថា ប្រសិនបើ​ជម្លោះ​ទុកចោល​មិន​ដោះស្រាយ នោះ​យេ​ម៉ែន​នឹង​ដួលរលំ ហើយ​សហគមន៍​អន្តរជាតិ​អាច​នឹង​មើលឃើញ “​ស៊ី​រី​បូក​” នៅ​ប៉ុន្មាន​ឆ្នាំ​ទៀត​៕ ដោយ៖ កញ្ញាដាលីស

កុមារ ២៩ នាក់​ស្លាប់​ក្នុងការ​វាយប្រហារ​តាម​អាកាស​ដឹកនាំ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត