សង្គ្រាម​៨​ឆ្នាំ​នៅ​ស៊ី​រី​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ជាង ៣៧​ម៉ឺន​នាក់ ក្នុងនោះ​រួមមាន​កុមារ​ជាង ២១.០០០ នាក់​

98
ចែករម្លែក
  • 61
    Shares

​អង្គការ​ឃ្លាំមើល​មួយ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១៥​មីនា​ថា សង្គ្រាម​រយៈពេល ៨ ឆ្នាំ​នៅក្នុង​ប្រទេស​ស៊ី​រី​បាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ជាង ៣៧០.០០០ នាក់​ក្នុងនោះ​មាន​ជន​ស៊ីវិល ១១២.០០០ នាក់​។​

​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ី​រី ដែលមាន​បណ្តាញ​ប្រភព​នៅ​ទូទាំងប្រទេស បាន​និយាយថា កុមារ​ជាង ២១.០០០ នាក់​និង​ស្ត្រី ១៣.០០០ នាក់​គឺ​ស្ថិត​ក្នុងចំណោម​អ្នកស្លាប់​។​

​ជម្លោះ​ស៊ីវិល​បាន​ផ្ទុះឡើង​បន្ទាប់ពី​ការប្រឆាំង​រដ្ឋាភិបាល​មិន​ធ្លាប់មាន​ពីមុនមក​នៅក្នុង​ទីក្រុង​ដា​រ៉ា​អា (Daraa) ភាគខាងត្បូង​នៅ​ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១១​។​

​បាតុកម្ម​បាន​រីក​រាលដាល​នៅ​ទូទាំងប្រទេស​ស៊ី​រី​និង​ត្រូវបាន​បង្ក្រាប​យ៉ាង​ឃោរឃៅ​ដោយ​របប​អាសាដ ដោយ​បង្កឱ្យមាន​ជម្លោះ​ប្រដាប់អាវុធ​ពី​គ្រប់ទិសទី ដែល​បាន​អូសទាញ​មហាអំណាច​បរទេស​និង​ក្រុម​សកម្មប្រយុទ្ធ​ជាច្រើន​ចូលរួម​ក្នុង​ជម្លោះ​នេះដែរ​។​

​ចំនួន​អ្នកស្លាប់​ចុងក្រោយ​របស់​អង្គការ​ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​ស្តីពី​ជម្លោះ​ស៊ី​រី​ដែល​បានចេញ​ផ្សាយ​កាលពី​ខែកញ្ញា គឺ​ឈរ​នៅ​ចំនួន​ជាង ៣៦០.០០០ នាក់​។​

​អង្គការ​ឃ្លាំមើល​នេះ​បាន​និយាយថា ទាហាន​រដ្ឋាភិបាល​ស៊ី​រី​និង​ពួក​យុទ្ធជន​ដែល​គាំទ្រ​រដ្ឋាភិបាល​ជាង ១២៥.០០០ នាក់​គឺ​ស្ថិត​ក្នុងចំណោម​អ្នកស្លាប់​ក្នុង​ទិន្នន័យ​ចុងក្រោយ​នេះ​។​

​អង្គការ​នេះ​បាន​និយាយថា យុទ្ធជន​ផ្សេងទៀត​រួមទាំង​ពួក​ឧទ្ទាម​និង​ពួក​ឃឺ​ដ​បាន​ស្លាប់​ក្នុង​ចំនួន​ប្រមាញ ៦៧.០០០​នាក់​។​

​ជិត ៦៦.០០០ នាក់​គឺជា​ពួក​ជី​ហាដ ដែល​ភាគច្រើន​គឺ​មកពី​ក្រុម​រដ្ឋ​អ៊ីស្លាម និង​ក្រុម Hayat Tahrir al-Sham (HTS) ដែល​គ្រប់គ្រង​ដោយ​អតីត​សម្ព័ន្ធមិត្ត​របស់​អាល់​កៃ​ដា​នៅក្នុង​ប្រទេស​ស៊ី​រី​។​

​ជម្លោះ​ដ៏​បំផ្លិចបំផ្លាញ​នេះ​បាន​នាំឱ្យ​មនុស្ស​ប្រហែល​១៣​លាន​នាក់​ធ្វើ​បំលាស់​ទី ឬ និរទេស​ខ្លួន និង​បង្ក​ការខូចខាត​រាប់ពាន់​លាន​ដុល្លារ​៕ ដោយ៖ កញ្ញាដាលីស

ជម្លោះ​ស៊ី​រី​បាន​បណ្តាល​មនុស្ស​ស្លាប់​ជាង​៣៧​ម៉ឺន​នាក់