សង្គ្រោះ​ជាតិ កំពុង​សង្គ្រោះ​ខ្លួនឯង​មិនបាន​

621

(​ភ្នំពេញ​) ៖ បន្ទាប់ពី​មានការ​ឃាត់ខ្លួន​លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រហូត​ឈានដល់​ការចោទប្រកាន់​ពីបទ​ក្បត់ជាតិ ដែល​អាច​នឹងត្រូវ​ជាប់​ទោស​រយៈ​ពី​១៥ ទៅ​៣០​ឆ្នាំ ហើយ​ករណីនេះ​ក៏​មានការ​លើកឡើងថា​ស្ថានភាព​នេះ​នឹង​អាចធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​​ជាតិ​ត្រូវ​រលាយ នោះ​, មន្ដ្រី​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​សុខ ឥសាន បាន​លើកឡើងថា សង្គ្រោះ​ជាតិ​កំពុង​សង្គ្រោះ​ខ្លួនឯង​​មិនបាន​។​
​ ​
​កឹម សុខា បានបង្ហាញ សកម្មភាព និង ឧបាយកល​ឃុបឃិត​ការចាត់តាំង​អនុវត្តតាម​ផែនការ​បញ្ជា​របស់​ចៅហ្វាយនាយ​បរទេស​ក្នុងការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​នៅ​កម្ពុជា ដោយ​យក​គំរូ​តាម​ប្រទេស​យូ​ហ្គោ​ស្លា​វី និង ស៊ែ​ប​ប៊ី ។​

​ការ​លាតត្រដាង​នូវ​សកម្មភាព​និង​ឧបាយកល​ដែល​ចាប់ផ្តើម​ពី​ឆ្នាំ​១៩៩៣ និង​កំពុង​អនុវត្ត​ជាក់ស្តែង​បន្តបន្ទាប់​នាពេលនេះ​ជា​ភស្តុតាង​​បញ្ជាក់​ច្បាស់​ថា កឹម សុខា​បាននិងកំពុង​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង ក្នុងការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​នៅ​កម្ពុជា​យ៉ាង​​ច្បាស់លាស់​មិនអាច​ប្រកែក​បាន​។​

​ផ្អែកលើ​សកម្មភាព​និង​ភ័ស្តុតាង​នេះ កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាត់​វិធានការណ៍​ចាប់ខ្លួន​បន្ទាន់​ហើយ​ត្រូវបាន​តុលាការ​ចោទ​​ប្រកាន់​និង​ចេញ​ដីកាឃុំខ្លួន​តាម​នីតិវិធី​ច្បាប់​រួចហើយ​។ ដូច្នេះ ករណី កឹម សុខា មាន​កំហុស​ជា​បទ​ក្បត់ជាតិ​យ៉ាងពិត​ប្រាកដ​ក្នុងការ​​ឃុបឃិត​ជាមួយ​បរទេស​និង​ស្តាប់​បញ្ជា​តាម​បរទេស ក្នុងការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​ត្រូវតែ​ទទួលទោស​តាមច្បាប់ ដោយ​ខានមិនបាន​។ ក្នុងការ​អនុវត្ត​ឧបាយកល​តាម​ការគូសវាស​របស់​បរទេស​នៅមាន​ការពាក់ព័ន្ធ​មន្ត្រី​សំខាន់ៗ​មួយចំនួន​ទៀត​ក្នុង​ក្បាលម៉ាស៊ីន​ដឹកនាំ របស់​គណបក្ស​សា​ង្គ្រោះ​ជាតិ ដែល​តុលាការ​ចា​តម​វិធានការណ៍​ស៊ើបអង្កេត​តាម​នីតិវិធី​ច្បាប់​។​

​ដូច្នេះ គណបក្ស​សា​ង្គ្រោះ​ជាតិ កំពុងស្ថិត​នៅក្នុង​ស្ថានភាព​មួយ​ធ្លាក់​ទៅក្នុង​គ្រោះ​ភយន្តរាយ​ធ្ងន់ធ្ងរ​បំផុត ដែល​មិនអាច​សង្គ្រោះ​ខ្លួន​បាន កុំថាឡើយ​ទៅ​សង្គ្រោះ​ជាតិ​នោះ​៕​វិបុល​/sn