សង្គ្រោះ​ស្អី​?

512

​ទីបំផុត​គណបក្ស​សង្គ្រោះ​ជាតិ​បានសម្រេច​ដក​រូប​ទណ្ឌិត សម រង្សី និង​ប្រធាន​បក្ស​ដែល​នៅ​ផ្ទៃក្នុង បក្ស​មិន​ទុកចិត្ត គឺ លោក កឹម សុខា ចេញពី​ស្លាក​គណបក្ស​ហើយ ។ នៅលើ​ស្លាក​នេះ​លែងមាន​រូប សម រង្សី និង កឹម សុខា លើកដៃ​ថ្ពក់​ម្រាម​គ្នា​តាមរបៀប​ក្បាច់​រាំ​សារា​វ៉ាន់​ខែ​ក​ត្តឹ​ក​ទៀតហើយ ។ ប៉ុន្តែ​នៅត្រង់​កន្លែង​នោះ​ត្រូវបាន​ជំនួស​មកវិញ​ដោយ​ពាក្យ​ថា​«​រួមគ្នា​ដើម្បី​សង្គ្រោះ​ជាតិ​យើង​»​។​ពាក្យ​ថា សង្គ្រោះ​ជាតិ​នេះ ត្រូវបាន​អ្នកវិភាគ​ខ្លះ​និយាយថា វា​ខុសពី​បរិបថ​នៃ​សភាពការណ៍​នយោបាយ នៅ​កម្ពុជា​ហើយ​។ ប៉ុន្តែ​បើ​និយាយថា រួមគ្នា​ដើម្បី​ជួយសង្គ្រោះ​ក្រុម កឹម សុខា ឬ​ក្រុម សម រង្សី ដែល​កំពុង​បូញ​មាត់ បត់​ដុំដៃ ដាក់គ្នា​ទំនងជា​ត្រឹមត្រូវ​ជាង​។ ឯ​ពាក្យ​សង្គ្រោះ​ជាតិ គឺជា​ពាក្យ​ដែល ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្កើតឡើង​តាំងពី​ចុងឆ្នាំ​១៩៧៨ ដើម្បី​ដឹកនាំ​ចលនា វាយ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ។​
​ ​
​គេ​ត្រូវ​រំ​ឮ​ក​ឡើងវិញ​ថា នៅ​ខែមិថុនា ឆ្នាំ​១៩៧៧ សម្តេច​តេ​ជោ ហ៊ុន សែន បាន​រត់​ចាកចេញ ពី​របប​ប្រល័យពូជសាសន៍​ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម​ដើម្បី​ស្វែងរក​ជំនួយ​ឧបត្ថម្ភ​ក្នុងការ​សង្គ្រោះ ជាតិ​ចេញពី​របប​កាប់សម្លាប់​ប្រជាជន​ឯង​ដ៏​គ្មាន​មេត្តា​នេះ​។ នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​១៩៧៨ កងកម្លាំងប្រដាប់អាវុធ​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ក៏ត្រូវ​បានប្រកាស​បង្កើត​ឡើងជា​ផ្លូវការ​ដោយមាន ការចូលរួម​ពី​សំណាក់​យុទ្ធ​មិត្ត ដែលជា​អ្នក​ស្មោះត្រង់​ចំពោះ​ជាតិ និង​ប្រជាជន ហើយ​សុទ្ធ តែ​បាន​ឆ្លងកាត់ និង​បាន​រត់គេច​ចេញពី​រប​ប​ស្រេក​ឈាម​នេះ​ដូចគ្នា​។ នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​១៩៧៨ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ដឹកនាំ​ដោយ​សម្តេច ហេង សំរិន សម្តេច ជា ស៊ីម និង​សម្តេច ហ៊ុន សែន ត្រូវបាន​ប្រកាស​បង្កើត​ឡើង​នៅ​ស្រុក​ស្នួល ខេត្តក្រចេះ ហើយ​រណសិរ្ស​នេះ បាន​ដឹកនាំ​កម្លាំង​វាយ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត អៀង សារី ខៀវ សំផន នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​១៩៧៩ សង្គ្រោះ​ជាតិ និង​ប្រជាជន​ឲ្យ​រួច​ផុតពី​ការសម្លាប់​ផ្តាច់​ពូជ​។ ក្នុងពេលដែល ប្រទេស​ត្រូវបាន​សង្គ្រោះ ហើយ​សង្គ្រាម​នៅតែ​បន្ត​កើតមាន ដោយសារ​ពួក ប៉ុល ពត និង​មានការ​ចូលរួម​ដៃ​ពី​មនុស្ស​មួយចំនួនទៀត ហើយ​ម្យ៉ាងទៀត​រដ្ឋាភិបាល​នា​សម័យ​នោះ ដែល​ដឹកនាំ​ដោយ​សម្តេច​ទាំងបី ក៏ត្រូវ​មាន​ភារ​កិ​ច្ចរែ​ក​ពន់​ដឹកនាំ​ការកសាង​ប្រទេស​យ៉ាង​លំបាក ជាទីបំផុត​។ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ក៏បាន​ក្លាយទៅជា​រណសិរ្ស​សាមគ្គី​ការពារ និង​កសាង​មាតុភូមិ​កម្ពុជា ដើម្បី​ប្រមែប្រមូល​កម្លាំង​ពី​គ្រប់ទិសទី​ទាំង​កម្មករ កសិករ បញ្ញាជន ទាំង​ក្នុង និង​ក្រៅប្រទេស​ឲ្យ​ជួយ​រួម​កសាង​ប្រទេស​ដ៏​កំសត់​មួយ​នេះ ឲ្យ​បាន​រស់រានមានជីវិត នៅលើ​សកលលោក​ដូច​គេ​ដូច​ឯង​ឡើងវិញ​។ ក្នុងស្ថានភាព​ដ៏​មហា​វេទនា​នេះ តើ សម រង្សី នៅឯណា​? សម រង្សី កំពុង​រស់នៅ​យ៉ាង​សុខ​ស្រួល​ត្រេកត្រអាល​យ៉ាង​ត្រជាក់​មេជើង ជាមួយនឹង​ភាព​ហ៊ឺហារ នៅ​ទីក្រុង​ប៉ារីស​ឯណោះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ថែមទាំង​បាន​ចូលរួមចំណែក​ជាមួយ​អង្គការ ចាត់តាំង​ខាង​នយោបាយ គាំទ្រ​ដល់​កម្ពុជា​ប្រជាធិបតេយ្យ​របស់ ប៉ុល ពត ដែល​នៅ តែ​បន្ត​អាសនៈ នៅ​អង្គការសហប្រជាជាតិ​ថែម​ទៀតផង​។ ចុះ​ចំណែក កឹម សុខា វិញ​ជ្រក​នៅ ឯណា​ដែរ​? លោក កឹម សុខា ក៏​ជា​ជនរងគ្រោះ​ម្នាក់​ដូច​ជនរងគ្រោះ​ដទៃទៀត​ដែរ នៅក្នុង​របប​ប្រល័យ ពូជសាសន៍ ។ ប្រសិនបើ​គ្មាន​ការជួយ​សង្គ្រោះ​ទាន់ពេលវេលា​ទេ យើង​ក៏​មិនដឹងថា លោក កឹម សុខា មាន​វាសនា បែបណា​ដែរ ហើយក៏​រិត​តែ​មិនដឹង​ទៀតថា តើ​លោក កឹម សុខា ត្រូវ​រក​មធ្យោបាយ​បែបណា ដើម្បី​សង្គ្រោះ អាយុជីវិត​ខ្លួន​? អ្នក​ដែល​ធ្លាប់បាន​ឆ្លងកាត់​របប​នោះ​សុទ្ធតែ​បាន​ភ្លក់​រសជាតិ​ហើយ ប៉ុន្តែ​ប្អូនៗ និង​ក្មួយៗ​យុវជន​ជំនាន់​ក្រោយ ដែល​មិនបាន​ស្គាល់​រសជាតិ​នេះហើយ​អ្នកខ្លះ​ថែមទាំង មិន​ជឿ ថា​មាន​របប​នេះ ឬក៏​ជឿ​ដែរ ប៉ុន្តែ​បែរជា​តាំងចិត្ត​ទាំង​ប្រថុយប្រថាន​ថា បើ​របប​យង់ឃ្នង បែបនេះ​កើតមាន​ម្តងទៀត​ក៏​កើ​តទៅ​ចុះ​នោះ អាច​សាកសួរ​ទៅ​លោក កឹម សុខា បាន​។ សំណួរ​មិន​ពិបាក​ទេ គឺ​ទី​១-​តើ​នៅក្នុង​របប ប៉ុល ពត លោក​រស់នៅ​យ៉ាងម៉េច​? ព្រោះ​ជីវិត​យើង ទាំងអស់គ្នា មិនមាន​តម្លៃ ស្មើនឹង​ជីវិត​ឆ្កែ​មួយ​ក្បាល​ផង​។ តើ​អ្នកណា​ជួយសង្គ្រោះ​ជីវិត​លោក​? ក្រោយ​ជីវិត​លោក​ត្រូវបាន​សង្គ្រោះ​ហើយ តើ​លោក​ទៅ​រស់​នៅឯណា​? រស់​យ៉ាងម៉េច​? សំណួរ​ចុង​ក្រោយនេះ ប្រហែលជា​លោក កឹម សុខា ពិបាក​ឆ្លើយ​បន្តិច​។ ប៉ុន្តែ​យើង​សូម​ឆ្លើយ​ជំនួស គាត់​ទៅ​ចុះ គឺថា​ពេលនោះ​លោក កឹម សុខា​ត្រូវបាន​រដ្ឋអំណាច​ប្រគល់​តួនាទី​ជា​កម្មាភិបាល​ម្នាក់ នៅក្នុង​សង្កាត់​មួយ​នៃ​ទីក្រុង​ភ្នំពេញ​។ ប៉ុន្តែ​ដោយសារតែ​ជា​មនុស្ស​លោភលន់​ហួសហេតុ​លោក កឹម សុខា អត់​ខ្វល់​ពីអ្វី​ទាំងអស់​ទោះបី​ប្រជាជន​អត់ឃ្លាន​ស្ទើរ​ងាប់​ស្ទើរ​រស់ ដាច់បាយ ដាច់ទឹក គាត់​បែរជា​ហ៊ាន​លួច​អង្ករ ដែលជា​របប​របស់​ប្រជាជន​យកទៅលក់​។ ដោយ​ខ្លាច​ប្រជាជន​កាប់ សម្លាប់ចោល លោក កឹម សុខា ក៏ រត់ចោលស្រុក​ទៅ​រស់​នៅឯ​ព្រំដែន​ថៃ ។
​ ​
​ចំពោះ​ស្ថានភាព​ស្រុកទេស​នាពេលនោះ​វិញ គឺ​ក្រោយពេល​ប្រជាជន​ត្រូវបាន​សង្គ្រោះ​ជីវិត ហើយ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា និង​រដ្ឋអំណាច​ប្រជាជន​ក៏​បន្ត​ជួយសង្គ្រោះ​ប្រជាជន ឲ្យ​រួច​ចេញ​ផុតពី​គ្រោះ​ទុរភិក្ស គ្រោះ​នៃ​ជម្ងឺ​ដ​ម្កា​ត់ គ្រោះ​នៃ​ភាពមិន​ចេះអក្សរ និង​គ្រោះ​ដទៃទៀត ជាច្រើន ដែល​បន្សល់ទុក​ពីរ​បប​ប្រល័យពូជសាសន៍​។ ពេលនោះ​អត្រា​នៃ​ភាពក្រីក្រ​របស់​ប្រជាជន ស្មើនឹង ១០០%​។ ប្រជាជន​ប្រហែល​ប្រមាណ ៨០% មិនបាន​បង្កបង្កើនផល​ទេ ព្រោះ​ត្រូវ​ចំណាយ ពេល​រាប់​ខែ​ធ្វើដំណើរ​ត្រឡប់​ទៅ​ស្រុកកំណើត​។ ម្យ៉ាងទៀត​ក៏​ខ្វះ​ទាំង​មធ្យោបាយ​ផលិតកម្ម​ទៀតផង​។ នៅ​ឆ្នាំ​១៩៧៩ ផ្ទៃដី​ធ្វើស្រែ​មានតែ​ត្រឹម ៧៧០.៥១០​ហិកតា ទទួលបាន​ផល​ត្រឹម ២៦៥.២២០​តោន ។ ដូច្នេះ​ការផ្គត់ផ្គង់​របប​ជីវភាព គឺ​លំបាក​ខ្លាំងណាស់​។ ទូទាំងប្រទេស​មាន​សា​លាម​ត្តេ​យ្យ​ត្រឹមតែ ៩៦​សាលា មាន​ថ្នាក់រៀន ២៣០ សាលាបឋមសិក្សា​មាន ៥២៩០ មាន​ថ្នាក់រៀន ១៧.៧៦១ អនុវិទ្យាល័យ មានតែ​១៤ មាន​ថ្នាក់រៀន ១០១ វិទ្យាល័យ​មានតែ ១ មាន​ថ្នាក់រៀន ៧​ថ្នាក់ ។ វិស័យ​សុខាភិបាល​មាន​មន្ទីរពេទ្យ​នៅ​ថ្នាក់មជ្ឈិម​៣​កន្លែង និង​ប៉ុស្តិ៍​សង្គ្រោះ​១០០​កន្លែង​ត្រូវ​រ៉ាប់រង ព្យាបាល​ប្រជាជន​ប្រមាណ ៣​លាន​នាក់ ដែល​សេសសល់​ពី​ការកាប់សម្លាប់​នៃ​របប​ប៉ុល ពត ហើយ​ផ្ទុក​ទៅដោយ​ជម្ងឺ​ស្ទើរ​គ្រប់គ្នា​ទាំងអស់​។ ហេតុនេះ ពាក្យ​ថា សង្គ្រោះ​ជាតិ​នៅក្នុង​បរិបទ នៃ​សភាពការណ៍​នាពេលនោះ គឺជា​ការត្រឹមត្រូវ​ណាស់​។ ៣៨​ឆ្នាំ​ក្រោយមក​ពោលគឺ​បច្ចុប្បន្ននេះ យើង​ឃើញថា ប្រទេសជាតិ​យើង​មានការ​រីកចម្រើន​ច្រើនណាស់​ទៅហើយ​។ ប្រជាជន​យើង លែង​រងគ្រោះ​ដោយ​ការកាប់សម្លាប់​ផ្តាច់​ពូជ​លែង​រស់នៅក្នុង​ភាព​ភិតភ័យ​លែង​រស់នៅក្នុង​គ្រោះ អត់ឃ្លាន អ្វី​ទៀតហើយ​។ ប្រជាជន​កំពុង​រស់នៅក្នុង​ការអភិវឌ្ឍ​។ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ កម្ពុជា ដែល​បានក្លាយ​ទៅជា​រណសិរ្ស​សាមគ្គី​កសាង​ការពារ​មាតុភូមិ​កម្ពុជា​បច្ចុប្បន្ន​នេះ​ក៏បាន​ប្តូរ ឈ្មោះ​មកជា​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​មាតុភូមិ​កម្ពុជា​វិញ​ដើម្បី​ឲ្យ​ត្រូវ​ក្នុង​បរិបទ​ក្នុង​សភាពការណ៍​បច្ចុប្បន្ននេះ ។
​ ​
​ប៉ុន្តែ​មិនដឹង​ជា​ក្នុង​ហេតុផល​អ្វី ស្រាប់តែ​អ្នកនយោបាយ​ប្រឆាំង​មួយក្រុម​ចេញមក​ស្រែ​កកោក​កាក ប្រើ​ឈ្មោះ​សង្គ្រោះ​ជាតិ ភូតកុហក​បោកប្រាស់​គេឯង ថា​កម្ពុជា​លិចលង់​ហើយ​ត្រូវតែ​ឆាប់​ជួយ សង្គ្រោះ ។ តាមពិត​អ្នក​ទាំងអស់នេះ​កំពុង​លេងល្បែង​នយោបាយ​ដ៏​ថោកទាប ។ មាត់​គេ​ស្រែកថា សង្គ្រោះ​ជាតិ តែ​មាយា​ទ​ពួកគេ​អន់​រក​លេខ​ដាក់​គ្មាន ។ អ្នកខ្លះ​ងប់​ង​ល់​តែ​ជាមួយ​ល្បែង​តណ្ហា ផិត​ប្តី ក្បត់​ប្រពន្ធ ក្បត់​កូន យកគ្នា​ពពាក់ពពូន​ដូច​សត្វ​ធាតុ មានរឿង​ក្តីក្តាំ​នៅឯ​តុលាការ​វិះ​តែ​នឹង ជាប់គុក​ជាប់ច្រវាក់​។ អ្នកខ្លះ​លង់​ក្នុង​ល្បែង​បៀរ​ប៉ោ​យក​កាស៊ីណូ​ធ្វើ​ផ្ទះ​ជំពាក់​ប្រាក់​គេ​រុំកោះ​រុំ​សួត រកលុយ​សង​គេ​មិនបាន​។ អ្នកខ្លះ​សុខចិត្ត​លក់​ផ្ទះ​លក់​ស្រែចំការ​មក​ទិញ​បុណ្យស័ក្តិ​ក្នុង​បក្ស​បាន​មុខ មាត់​បន្តិចបន្តួច​ក៏​ដើរ​បោកប្រាស់​ប្រជាជន សន្យា​ឲ្យ​នេះ​ឲ្យ​នោះ ពេល​បក្ស​ខ្លួន​ឈ្នះឆ្នោត ហើយក៏​ប្រមូលបាន​លុយកាក់​ខ្លះ​ពី​ការបោកប្រាស់​នោះមក​វិញ​។ អ្នកខ្លះ​ជា​ជន​អវិជ្ជា​សុទ្ធសាធ​មាន អតីតកាល​ជា​ចោរប្លន់ ជា​ជន​ក្រៅសង្គម​ក៏រ​ត់ទៅ​ជ្រក​ក្រោម​បក្ស​នោះ ព្រោះ​ឮថា​សង្គ្រោះ​ក្រែង អាចជួយ​សង្គ្រោះ​ខ្លួន​បាន​។ តាមពិត​សុទ្ធតែជា​ការបោកប្រាស់​ទាំង​អស់ ហើយ​ពួកគេ​ទាំងអស់គ្នា សុទ្ធតែជា​មនុស្ស​ដែល​មិនមាន​ការទុកចិត្ត​គ្នា​ក្នុង​ចង្កោម​គ្នាឯង​ទៀតផង​។ ដូច្នេះ​តើ​ពួកគេ​សង្គ្រោះ​ស្អី​? សង្គ្រោះ​ជាតិ​យកទៅ​ណា​? យកទៅ​ឲ្យ​រែក​ដី យកទៅ​ឲ្យ​ស៊ី​បបរ​យកទៅ​កាប់​សម្លាប់ចោល​វិញទៀត ឬ​យ៉ាងណា​? កោតតែ​ពួកគេ​ហ៊ាន​ប្រើពាក្យ​សង្គ្រោះ​ជាតិ ដោយ​គ្មាន​ការ​ខ្មាស់អៀន​បន្តិច​ណា​សោះ​។ គេ​ហ៊ាន​យកពាក្យ «​រួមគ្នា ដើម្បី​សង្គ្រោះ​ជាតិ​យើង​» ទៅ​ដាក់​ក្នុង​ស្លាក​គណបក្ស​ទៅ​កើត​? ពិតជា​អត់​កេរ្តិ៍ខ្មាស់​មែន ៕ ​ដោយៈ លី ទួង​