សង្ឃឹមថា​ភ្ញៀវ​ទេសចរអន្តរជាតិ​លើ​នាវា​Westerdam​ នឹង​ចងចាំ​កម្ពុជា ​ហើយ​ទាក់ទាញ​ភ្ញៀវ​ផ្សេង​មកទៀត

116
ចែករម្លែក

ដោយ​មូល​សម្បត្តិ​៖​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែកុម្ភៈ​ឆ្នាំ​២០២០ ​លោក​ថោង​ខុន​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានបង្ហាញ​ក្តី​សង្ឃឹមថា ​បន្ទាប់ពី​ទទួលបាន​ការ អនុញ្ញាត​ឱ្យចូល​ចត​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​, ភ្ញៀវ​ទេ​ចរជាង​២​ពាន់​នាក់ នៅលើ​នាវា​ទេសចរណ៍ Westerdam នឹង​នាំយក​ទង្វើ​មនុស្សធម៌​កម្ពុជាទៅ​ផ្សព្វផ្សាយ​ក្នុងប្រទេស​ខ្លួន ​ព្រមទាំង​កៀរគរ​ភ្ញៀវ​ទេសចរ​បរទេស​ដទៃទៀត​មកកាន់​កម្ពុជា​ឱ្យ​កាន់តែ​ច្រើនឡើង​បន្ថែមទៀត​។​


​រដ្ឋមន្ត្រី​រូបនេះ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​ទាយ​ថា ​រាប់ពាន់នាក់​នេះ​គេ​នឹង​និយាយ​ល្អ​ពី​កម្ពុជា​ អត់​មាន​អ្នកណា​និយាយ​មិនល្អ​ពី​កម្ពុជា​នោះទេ ​ហើយ​គេ​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​ដទៃទៀត​មកកាន់​គោលដៅ​ក្រុងព្រះសីហនុ ក៏ដូចជា​ប្រទេស​កម្ពុជា​ទាំងមូល​»​។​

​លោក​បាន​បន្តថា​ ការអនុញ្ញាតឱ្យ​នាវា​Westerdam​ គឺ​ប្រទេស​កម្ពុជា​ធ្វើតាម​ច្បាប់​និង​បច្ចេកទេស​ត្រឹមត្រូវ​។​មិនតែប៉ុណ្ណោះ​ ភ្ញៀវ​ទេសចរ​ទាំងអស់​នៅលើ​នាវា​ទាំង​ជាង​២​ពាន់​នាក់​នេះ​ពួកគាត់​បាន​គោរព​តាមច្បាប់​របស់​កម្ពុជា​យ៉ាង​ខ្ជាប់ខ្ជួន​ ហើយ​អាច​និយាយថា​ កម្ពុជា​ជា​ប្រទេស​ដែលមាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ ជាពិសេស​បានបង្ហាញ​ច្បាស់​អំពី​កិច្ចការ​មនុស្សធម៌​។​

​លោក​បាន​បន្តថា​ ទីក្រុង​ព្រះសីហនុ​ត្រូវបាន​ត​ភ្ជាប់​ពី​ទីក្រុង​សៀមរាប​អង្គរ​ ព្រមទាំង​តំបន់​ទេសចរណ៍វប្បធម៌​ដទៃទៀត​។​ជាក់ស្តែង​នៅថ្ងៃនេះ ​លោកស្រី​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា ​ព្រមទាំង​តំណាង​ឯកអគ្គរដ្ឋទូត​ប្រទេស​មួយចំនួន បាន​អញ្ជើញ​មក​ត្រួតពិនិត្យ និង​សហការ​ដោយផ្ទាល់​ជាមួយ​អាជ្ញាធរ​កម្ពុជា ។​ព្រមទាំង​ប​ង្ហាះ​សារ​នៅ​គេហទំព័រ​របស់គេ​ល្អៗអំពី​ទឹកចិត្ត​មនុស្សធម៌​មិនអាច​កាត់ថ្លៃបាន​ពី​សំណាក់សម្តេច​តេ​ជោ​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ដែល​បានអនុញ្ញាត​ឱ្យ​នាវា​ដឹកនាំ​ភ្ញៀវ​ទេសចរនេះ​ចូល​សំចតនៅ​កំពង់ផែ ខេត្ត​ព្រះសីហនុ ដោយ​មិន​រើសអើង​។​

​គួរបញ្ជាក់​ថា​ នាវា​ទេសចរណ៍​ខ្នាត​យក្ស​របស់​អាម៉េរិក​Westerdam​ បាន​ចូល​សំចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​កាលពី​ព្រឹក​ថ្ងៃទី​១៣​ខែកុម្ភៈ​ឆ្នាំ​២០២០ ​បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។​បន្ទាប់ពី​នាវា​នេះរក​ទីសំចត​មិនបានអស់​រយៈពេល​ប្រមាណ ២​សប្តាហ៍ ដោយសារតែ​ប្រទេសនិង​កោះ​ចំនួន​៦​បដិសេធ​។ ការ​អនុ​ញ្ញ​ត​ឱ្យ​នាវា​ចូល​ពី​សំណាក់សម្តេច​តេ​ជោ គឺ​បង្ហាញ​ពី​ការលុបបំបាត់នូវ​ជំងឺ​ភ័យខ្លាច ដែល​កំពុង​កើតមាន​នៅលើ​ពិភពលោក​។​

​យោងតាម​បញ្ជី​អ្នកដំណើរ​ដែល​ទទួលបាន​ពី​អាជ្ញាធរខេត្ត​ព្រះសីហនុ​បានបង្ហាញ​ឱ្យឃើញថា​ នាវា​ទេសចរណ៍​ខ្នាត​យក្ស​Westerdam ​ផ្ទុក​អ្នក​ទេសចរ​ចំនួន​៤១​ជាតិ​សាសន៍​ ក្នុងនោះ​ជនជាតិ​អាម៉េរិក​ច្រើនជាងគេ ​មាន​ចំនួន​រហូតដល់​៦៥១​នាក់​ជនជាតិ​កាណាដា​២៧១​នាក់​ អង់គ្លេស​១២៧​នាក់​ ជាតិ​សាសន៍​ដទៃ​ជា​បន្តបន្ទាប់​។​

ក្រោយពី​នាវា Westerdam បាន​ចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ ឃើញ​មាន​វត្តមានលោកស្រី អេ​វ៉ា ង្វៀន ប៊ិ​ញ (Eva Nguyen BINH) ឯកអគ្គរដ្ឋទូត​បារាំ​ង ប្រចាំ​នៅ​កម្ពុជា និង​ព្រមទាំង​តំណាង​ស្ថានទូតសហរដ្ឋអាម៉េរិក​,​កាណាដា​,​ហូ​ឡង់​និង​អូស្ត្រាលី​ជាដើម​បាន​ចុះទៅ​ខេត្ត​ព្រះសីហនុ​ដើម្បី​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​និង​ត្រួតពិនិត្យ​ជនជាតិ​របស់ខ្លួន​ដែល​ស្ថិតនៅលើ​កប៉ាល់​យក្ស​ទេសចរណ៍​មួយ​នេះ​។​

រាជរដ្ឋាភិបាល​កម្ពុជា​បានអនុញ្ញាត​ឱ្យ​នាវា​ទេសចរណ៍​ខ្នាត​យក្ស​ដែលមាន​ម្ចាស់​ជា​ជនជាតិ​ហូ​ឡង់​កាត់​អាម៉េរិក និង​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាម៉េរិកចូល​សំចត​នៅ កំពង់ផែ​ខេត្ត​ព្រះសីហនុ​របស់​កម្ពុជា ក្រោយពី​ប្រទេស​និង​កោះ​សរុប​ចំនួន​៦​បដិសេធ​មិនឱ្យ​នាវា​ដ៏​ធំ​មួយ​នេះ​ចូល​ចត​ដោយសារ​ភ័យខ្លាច​អ្នកដំណើរ​មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ថ្មី​។​

​ការអនុញ្ញាត​ឱ្យចូល​ចត​នេះ​ ធ្វើឡើង​បន្ទាប់ពី​មានការ​ធានា​ច្បាស់លាស់​ពី​អ្នកគ្រប់គ្រងនាវា​ទេសចរណ៍ Westerdam ថា មនុស្ស​ទាំងអស់​លើក​ប៉ាល់ មិនមាន​អ្នកណាម្នាក់ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ថ្មី ឬ Covid-19 នោះទេ​៕S/​Ha