ដោយ៖រ៉ាម៉ន/ភ្នំពេញ៖គិតមកដល់ពេលនេះនៅរាជធានីភ្នំពេញមានស្ថានីយបូមទឹកទាំងថ្មីទាំងចាស់ចំនួន១៤កន្លែងហើយដើម្បីប្រតិបត្តិការបូមទឹកចេញខណៈពេលដែលមានភ្លៀងធ្លាក់គំហុកម្ដងៗដែលធ្វើឱ្យរាជធានីភ្នំពេញកាត់បន្ថយការលិចលង់ដោយជំនន់ទឹកភ្លៀងមិនយូរដូចបណ្ដាឆ្នាំមុនៗឡើយ។
ពាក់ព័ន្ធការងារនេះលោកសាំពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី២៥ឧសភានេះថានៅរាជធានីភ្នំពេញរបស់យើងមកដល់បច្ចុប្បន្ននេះមានស្ថានីយបូមទឹកទាំងថ្មីទាំងចាស់ចំនួន១៤កន្លែងដើម្បីប្រតិបត្តិការបូមទឹកចេញពីក្នុងរាជធានីភ្នំពេញ។នៅពេលមានភ្លៀងធ្លាក់ខ្លាំងម្ដងៗដែលធ្វើឲ្យរាជធានីភ្នំពេញមិនទទួលការលិចលង់ដោយជំនន់ទឹកភ្លៀងយូរដូចបណ្ដាឆ្នាំមុនៗទៀតទេ។
លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថាក្នុងចំណោមស្ថានីយបូមទឹក១៤កន្លែងនេះមានស្ថានីយ៍បូមទឹកថ្មីចំនួន៣កន្លែងដូចជាស្ថានីយបូមទឹកព្រះពន្លានៅខណ្ឌច្បារអំពៅស្ថានីយបូមទឹកបុរី១០០ខ្នងនៅខណ្ឌសែនសុខ និងស្ថានីយបូមទឹកលូ៥ នៅខណ្ឌមានជ័យ។
សម្រាប់ការដ្ឋានស្ថានីយបូមទឹកលូ៥មកដល់ពេលនេះការដ្ឋានទាំងមូលសម្រេចបានជិតរួចរាល់១០០ភាគរយហើយនឹងអាចបូមទឹករំដោះការលិចលង់បាននៅខែមិថុនាឆ្នាំ២០១៩ខាងមុខនេះ។ស្ថានីយបូមទឹកថ្មីទាំង៣កន្លែងខាងលើនេះមានសមត្ថភាពបូមទឹកបានខ្លាំងជាងស្ថានីយបូមទឹកចាស់រហូតដល់៣ដង។
លោកសាំពិសិដ្ឋបានបន្តថាខណៈមានភ្លៀងធ្លាក់ខ្លាំងម្តងៗស្ថានីយបូមទឹកទាំង១៤កន្លែងបានបើកប្រតិបត្តិការព្រមៗគ្នាតែម្តងដែលធ្វើឱ្យយើងអស់ក្តីបារម្ភរឿងលិចរាជធានីភ្នំពេញយូរដូចឆ្នាំមុនៗទៀត។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកសាំពិសិដ្ឋបានសំណូមពរនិងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញទាំងអស់ត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវជៀសវាងឱ្យបានការបោះសំរាមចូលក្នុងអណ្តូងលូ ប្រឡាយ ដែលធ្វើឱ្យទឹកមិនអាចហូរបាន៕S/