សង្វៀនអ្នកប្រយុទ្ធ កំពូលថាមពល Champion បើកការប្រកួត ដណ្ដើមខ្សែក្រវាត់

126
ចែករម្លែក

ដោយ៖ រ៉ូហ្សា /
ភ្នំពេញ៖
សង្វៀនអ្នកប្រយុទ្ធកំពូលថាមពល Champion របស់អាស៊ីអាគ្នេយ៍ បានបើកការប្រកួត ដណ្ដើមខ្សែក្រវាត់ ចាប់ពីថ្ងៃទី១៥ កញ្ញា តទៅ ដោយមានអ្នក ប្រដាល់ថៃ ៤ រូប និងអ្នកប្រដាល់កម្ពុជា ៤ រូប ចូលរួម។

ទិដ្ឋភាពសន្និសីទកាសែត

ក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទី១១ កញ្ញា នេះ បានឲ្យដឹងថា សម្រាប់ព្រឹត្តិការណ៍ នេះ អ្នកដែលដណ្ដើមបានខ្សែក្រវាត់ បានទទួលថវិកាអម ចំនួន ៥.០០០ ដុល្លារ លេខ២ បាន ៣.០០០ ដុល្លារ លេខ៣ បាន ១.៥០០ ដុល្លារ និងលេខ៤ បាន ១.០០០ ដុល្លារ ។

ចំពោះរូបមន្ដប្រកួតគឺ កម្ពុជា ជួបជាមួយថៃ ហើយនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លេខ១ និងលេខ២ ពូល កម្ពុជា ប្រកួតគ្នា ឯលេខ១ និងលេខ២ ពូលថៃ ប្រកួតគ្នា ដើម្បីរកអ្នកឈ្នះ ប្រកួតគ្នាដណ្ដើមខ្សែក្រវាត់ ។

អ្នកប្រដាល់កម្ពុជា ដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ មាន ពុទ្ធ សេរីវង្ស ឆៃ សារ៉ា សមាគមប្រដាល់ក្រសួងការពារជាតិ នី សុភី ក្លិបសាលវ័ន្តកីឡា និង វង្ស វិឆ័យ ក្លិបទ័ពឆ័ត្រយោង៩១១។ ចំពោះអ្នកប្រដាល់ថៃ ទាំង ៤ រូបវិញនោះមាន ហ្វា ស៊ូរ៉ាក់ (Fa Suosak) ឈូក ឆៃ (Chhuok Chhai) ឈាង ឆៃ (Chhieng Chhai) និង រ៉ុង ណាផា (Rong Napha)។

ឆៃ សារ៉ា និង ឈាង ឆៃ

សម្រាប់ថ្ងៃទី១៥ កញ្ញា ដែលជាថ្ងៃចាប់ផ្ដើមដំបូងនេះ មានការប្រកួតចំនួន ២ គូ គឺ ឆៃ សារ៉ា ប្រកួតជាមួយ ឈាង ឆៃ និង ពុទ្ធ ឆាយរិទ្ធី ប្រកួតជាមួយ ឈូក ឆៃ។ ថ្ងៃចាប់ផ្ដើមដំបូងបែបនេះ មិនដឹងថា នរណាឈ្នះ នរណា ចាញ់នោះទេ ។

សារ៉ា មានប្រវត្តិប្រកួត ចំនួន៩៦ដង ឈ្នះ៧៨ដង ចាញ់១៦ដង និងស្មើពិន្ទុ ២ដង ។ ចំពោះ ឈាង ឆៃ មិនសូវមានអ្នកស្គាល់ទេ នរណា នឹងស្គាល់ឈ្នះមុនគេ នៃព្រឹត្តិការណ៍នេះ ?។

ពុទ្ធ ឆាយរិទ្ធី និង ឈូក ឆៃ

ពុទ្ធ ឆាយរិទ្ធី ជួបជាមួយ កំពូលអ្នកលេងជង្គង់ ឈូក ឆៃ គឺប្រាកដជា មិនងាយ ស្រួល ឡើយ ។ អ្នកប្រដាល់ទាំង ២ រូបនេះ មានឱកាសឈ្នះ ដូចគ្នា ហើយបើនរណា ប្រហែស ក៏អាចសន្លប់ដែរ ។ ពុទ្ធ ឆាយរិទ្ធី មានប្រវត្តិប្រកួត ចំនួន១២២ដង ឈ្នះ៩៤ដង ចាញ់២៦ដង ស្មើពិន្ទុ ២ដង ។ ចំពោះ ឈូក ឆៃ វិញ គេមានប្រវត្តិប្រកួត ចំនួន៨៨ដង ឈ្នះ៦៥ដង ចាញ់២០ដង និងស្មើពិន្ទុ៣ដង ។

សូមបញ្ជាក់ថា អ្នកប្រដាល់ថៃ រូបនេះ ធ្លាប់ស្ពាយខ្សែក្រវាត់ ពីស្រុកខ្មែរ ទៅស្រុកថៃ បាន ១ ហើយ ។ លើកនេះ បើប្រហែស គេនឹងស្ពាយយកទៅមួយទៀត ជាមិនខាន៕v

#