សង្វេគ​, សង្កថា​, សន្មតិ​, សង្វៀន​, សង្រែក​, សម្រួល​, សម្រួច​, សម្រេច​, ពិរុទ្ធ​, ពិស្ដារ​, ពួរ​, ពិសោធន៍​, ពហុការី​, ពាន​, ពពក​

2114
ចែករម្លែក

សង្វេគ សង់ ឬ ស័ង​-​វេ​ក សំ​. បា​. ( ន​. ) (​សំវេគ​) សេចក្ដី​ស្លុតចិត្ត​, ដំណើរ​តក់ស្លុត​, ការ​នឹក​ខ្លាច​អំពើអាក្រក់​, ការរំពឹង​ឃើញ​សេចក្ដី​ទុក្ខលំបាក​; ដំណើរ​នឹក​អាណោចអាធម្ម​; សេចក្ដី​នឹក​អាណិត​ទៅរក​អ្នក​ដែល​រង​ទុក្ខលំបាក : កើត​សង្វេគ​, មាន​សង្វេគ ។ ខ្មែរ​ប្រើ​ជា កិ​. ក៏បាន : គួរ​ឲ្យ​សង្វេគ ។ បើ​រៀង​ភ្ជាប់​ពី​ខាងដើម​សព្ទ​ដទៃ​ច្រើន​ប្រើ សំវេគ ជាង អ​. ថ​. ស័ង​វេ​គៈ​, ដូចជា : សំវេគ​ភាព ភាព​នៃ​សង្វេគ ។ សំវេគ​សមុដ្ឋាន ហេតុដែល​នាំ​បណ្ដាល​ឲ្យ​កើត​សង្វេគ ។​ល​។

​សង្កថា សង់​-​កៈ​– សំ​. បា​. ( ន​. ) ពាក្យ​សន្ទនា​, ការសន្ទនា​គ្នា​; ការ​ថ្លែងសេចក្ដី​មាត់ទទេ : ធ្វើ​សង្កថា​រកគ្នា ទៅវិញទៅមក ។

​សន្មតិ សន់​-​ន្ម៉​ត់ សំ​. បា​. ( ន​. ) (​សម្មតិ​) ការប្តេជ្ញា​, ការសន្យា​; អនុម័តិ​; ការយល់ព្រម ជាមួយ​, ដំណើរ​ព្រម​តាម​; ការតាំង​; ការកំណត់​; ការ​ទុកដាក់​ជា​… ; បញ្ញត្តិ : ដោយ​សន្មតិ​, តាម​សន្មតិ​, មាន​សន្មតិ ។ សម្មតិ​

សង្វៀន ស​. ( ន​. ) (​ស័ង​វ្យើ​ន អ​. ថ​. –​វៀន​) ទី​ដែល​បាំង​ព័ទ្ធជុំវិញ ដូចជា​ក្រោល សម្រាប់​បញ្ជល់មាន់​ជាដើម : សង្វៀនមាន់​, មេស​ង្វៀន ។

សង្រែក សង់​រ៉ែ​ក ( ន​. ) ប្រដាប់​សម្រាប់​ច្រក​អ្វីៗ​រែក : ដាក់​ល្អី​ក្នុង​សង្រែក​។ ប្រដាប់​សម្រាប់ តម្កល់​អ្វីៗ ព្យួរ​ឬ​យួរ : សង្រែក​ព្យួរ​ឆ្នាំង ។ ស្នាម​ឬ​លំ​អាន​ជា​ខ្សែ​មាន​សណ្ឋាន​ស្រដៀង​នឹង​សង្រែក : សង្រែកក្បាល​, សង្រែក​បាត្រដែក ។ ឫស​ឬ​ទង​មាន​សណ្ឋាន​ស្រដៀង​នឹង​សង្រែក​: ឫស​សង្រែក ។ កាច់សង្រែក ធ្វើ​សង្រែក ។ លើក​សង្រែក លើក​គ្រឿង​បំណន់​ដាក់​ក្នុង​សង្រែក​ព្យួរ (​ធ្វើតាម​ជំនឿ របស់​អ្នកត្រូវការ​) ។

សម្រួល សំ​-​រ៉ួ​ល ( កិ​. ) ធ្វើ​, នាំ ឲ្យ​ស្រួល​; កែ​ឲ្យ​បាន​ស្រួល​ឡើង : សម្រួលការ​, និយាយ សម្រួល ។

​សម្រួច សំ​-​រ៉ួ​ច ( កិ​. ) ធ្វើ​ឲ្យ​ស្រួច​, បិត​ឲ្យ​ស្រួច : សម្រួចឈើ ។ ព​. ប្រ​. ប្រុង​ចាំ​, ប្រុង​ទុក ឲ្យ​ហើយ : សម្រួច​មាត់​ចាំ​និយាយ​, សម្រួច​គំនិត​ទុកជាមុន ។ សម្រួចសម្រាំង សម្រាំង​គំនិត ស្មារតី​ប្រុង​ទុក​ស្រេច ។

សម្រេច សំ​-​រ៉ា​ច់ ( កិ​. ) ធ្វើ​ឲ្យ​ស្រេច​, ឲ្យ​ហើយ​ស្រេច​, ឲ្យ​ដាច់ស្រេច : សម្រេចការ​, សម្រេចសេចក្ដី ។ ធ្វើ​ឲ្យ​កើតការ​, ឲ្យ​បានការ​, ឲ្យ​សមប្រកប​; បាន​សម​តាម​បំណង : សម្រេចប្រយោជន៍ ។ បាន​លុះ​, បាន​ដល់ : សម្រេចគុណវិសេស​, សម្រេចមគ្គផល ។ សម្រេចសម្រាន្ត នៅ​ជា​សុខសាន្ត : សម្រេចសម្រាន្ត​ឥរិយាបថ​… ។ សម្រេចសម្រួល ធ្វើ​ឲ្យ​ស្រេច​ដោយ​ស្រួល​, សម្រួល​ឲ្យ​បាន​ស្រេច ។ សម្រេច​ឥរិយាបថ ញ៉ាំង​ឥរិយាបថ ៤ (​ដើរ​, ឈរ​, អង្គុយ​, ដេក​) ឲ្យ​ប្រព្រឹត្តទៅ​, នៅ​អាស្រ័យ​, គង់នៅ ។​ល​។

ពិរុទ្ធ –​រុត សំ​. បា​. ( គុ​. ) ខុស​, ដែល​ទីទៃ​ពីគ្នា​, ដែល​ផ្ទុយគ្នា : សេចក្ដី​ពិរុទ្ធ​, ពាក្យ​ពិរុទ្ធ ។ ខ្មែរ​ប្រើ​ជា កិ​. ក៏មាន​, សំដៅ​សេចក្ដី​ថា “​ពិនិត្យ​, សង្កេត​ឲ្យ​ឃើញ​ខុស​ឃើញ​ត្រូវ​” : ត្រូវ​ពិរុទ្ធ​មើល ។ ប្រើ​ជា ន​. ក៏មាន : ជាប់ពិរុទ្ធ ជាប់​ក្នុងការ​ត្រូវគេ​ពិនិត្យ​រក​កំហុស ។

​ពិស្ដារ ជើង ដ​, ច្រ​. និ​. ពឹ​ស​-​ស្ដា សំ​. ; បា​. ( ន​. ) (​វិ​ស្ដារ​; វិត្ថារ​) សេចក្ដី​ទូលាយ​, សេចក្ដី​វែង​; ដំណើរ​យឺតយូរ : និយាយ​ដោយ​ពិស្ដារ ។ ខ្មែរ​ប្រើ​ជា​ឈ្មោះ​ធម៌​ព្រះ​អភិធម្មបិដក និង​អដ្ឋកថា​ព្រះ​អភិធម្ម យកមក​រួបរួម​ចារឹក​ទុក​ក្នុង​ភាណវារ​បាលី​សម្រាប់​ព្រះ​ភិក្ខុសង្ឃ​សូត្រ​ដារ ជា​ធម៌​វែង​ជាង សត្តប្បករណ៍ ឬ សប្តប្រករណ៍ : និមន្ត​លោក​សូត្រ​ពិស្ដារ ។ ប្រើ​ជា គុ​. ឬ កិ​. វិ​. ក៏បាន : សេចក្ដី​ពិស្ដារ គឺ​សេចក្ដី​វែង ឬ ទូលាយ​; និយាយ​ពិស្ដារ គឺ​និយាយ​រៀបរាប់​ដោយ​សព្វគ្រប់ ។ ព​. ផ្ទ​. សង្ខេប ។

ពួរ ( ន​. ) ខ្សែរ​ធំៗ សម្រាប់​ចងក្រៀក​អ្វីៗ ដែល​ធំ​, ដែល​ធ្ងន់ : ពួរជក់ដូង​, ពួរធ្មៃ ។ ពួរចាំង ពួរ​ធ្នៃ​ខ្នាត​ធំ​បំផុត ។ ឈើ​ពួក​ខ្លះ​ដែល​ដុះ​ចេញ​ជា​ឫស​សំយុង​ចុះមក​ក្រោម​ឬ​ដែល​ដុះ​ជា​សាច់​ត្រង់ គល់​ផត​ទាំងពីរ​ខាង​ខ្ពស់​កណ្ដាល​ទ្រនុង : ពួរជ្រៃ​, ពួរស្រឡៅ​, ពួរស្ពង់ ។ ពួរសរសៃ ឬ សរសៃពួរ សរសៃ​ធំ​ដែលមាន​សណ្ឋាន​ស្រដៀង​នឹង​ខ្សែពួរ ។

ពិសោធន៍ –​សោត បា​.; សំ​. ( ន​. ) (​វិសោធន​; វិ​ឝោ​ធន​) “​ការសម្អាត​, ដំណើរ​ជម្រះ​, រំលីង​”) ការ​ល្បងមើល​, ដំណើរ​ពិនិត្យ​ឬ​សាកមើល​ឲ្យ​ឃើញ​ពិត : នៅក្នុង​ពិសោធន៍​, ជាប់​ពិសោធន៍​, ធ្លាប់​ពិសោធន៍ ។

ពហុការី ពៈ​ហ៊ុ​កា​រ៉ី បា​.; សំ​. ( ន​. ឬ គុ​. ) (​ពហុ​កា​រិ​ន៑​) អ្នកធ្វើការ​ច្រើន​; អ្នកធ្វើការ​នឿយ ហត់​ច្រើន​; បើ​ស្ត្រី​ជា ពហុការិនី (​ព​. កា​.) : ពហុការី​ទាំងបី​នាក់ ត្រូវ​ជឿ​ឲ្យ​ជាក់​កុំ​រវាត​ខ្ញុំ​ទុក​អ្នក ឯង​ដូចជា​ញាតិ ចូរ​អ្នក​កុំ​ឃ្លាត​ចេញពី​ខ្ញុំ ។

​ពាន ( ន​. ) ឈ្មោះ​ប្រដាប់​មួយ​ប្រភេទ ធ្វើ​ដោយ​លោហជាតិ​ផ្សេងៗ មាន​ស្ពាន់​ជាដើម ឬ​ធ្វើ​ដោយ រតនវត្ថុ​មាន​ប្រាក់​មាស​ជាដើម ឬក៏​ធ្វើ​ដោយ​វត្ថុ​ឯទៀត​មាន​ឈើ​, ផ្ដៅ​ជាដើម មាន​រាង​មូល​ក្រឡូម មាន​ជើង សម្រាប់​ប្រើការ​ដាក់​ទ្រ​អ្វីៗ​មាន​ស្លា​បារី​ជាដើម : ពានស្លា​, ពានបារី​; ហៅថា ជើងពាន ក៏បាន ។ ពានព្រះស្រី (​រ​. ស​.) ពាន​ដាក់​ស្លា​បារី​ថ្វាយ​ព្រះរាជា ។ ខ្សែ​ពាន ខ្សែ​ឬ​ចម្រៀក​ស្បែក សម្រាប់​ទាក់​រហាត់​ឬ​រ៉ក​ឬក៏​គ្រឿងចក្រ​ឲ្យ​វិល ។

​ពពក ( ន​. ) សំណុំ​ផ្សែង​ទឹក​ក្រាស់​ឬ​ស្ដើង ដែល​អណ្ដែត​ព្ធដ៏​អាកាស ។ កប់​ពពក​ជ្រក​អាចម៍ ជន្លេន ព​. ប្រ​. និយាយ​ពី​មនុស្ស​ដែលមាន​ឋានៈ​ខ្ពង់ខ្ពស់​ហាក់ដូចជា​ឋិត​នៅ​នា​ផ្ទៃ​អាកាស ក៏​ស្រាប់តែ​ធ្លាក់ខ្លួន​ចុះ​ដុនដាប​ក្រីក្រ​ឬក៏​ជាប់គុក​ច្រវាក់​ព្រោះ​ការ​ភ្លាត់ស្នៀត​ឬ​ព្រោះ​អំពើ​ទុច្ចរិត​ណាមួយ ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​