ជនសង្ស័យ៧នាក់ រក្សាទុក និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ទៅវៀតណាម ត្រូវឃុំខ្លួនដាក់ពន្ធនាគារ

479
ចែករម្លែក

ដោយ:វ៉ៃកូ/ស្វាយរៀង ៖ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ជនសង្ស័យចំនួន៧នាក់ ដែលជាមុខសញ្ញាជាប់ទាក់ទិនក្នុងករណីរក្សាទុកនិងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនខុសច្បាប់នៅពេលយប់តាមរូបភាពស្ពាយទំនិញ ដើរកាត់វាលស្រែតំបន់​ដាច់ស្រយាលឆ្លងព្រែក ដោយមានមុខសញ្ញាជាបក្ខពួកនៅប្រទេសវៀតណាម ត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ ខេត្តស្វាយរៀង ជាបណ្តោះអាសន្ន។

ប្រភពខាងលើបានឱ្យដឹងបន្ថែមថា កិច្ចសហប្រតិបត្តិការបង្ក្រាបបទ​ល្មើសគ្រឿងញៀនឆ្លងដែនខុសច្បាប់ រយៈពេល៤ថ្ងៃ(១៣-១៤-១៦ខែឧសភា ឆ្នាំ២០១៩) ជនសង្ស័យចំនួន៧នាក់ (ស្រី១នាក់) ដែលជាមុខសញ្ញាជាប់ទាក់ទិន​ក្នុងករណីរក្សាទុកនិងដឹកជញ្ជួនគ្រឿងញៀនឆ្លងដែនខុសច្បាប់ រួមជាមួយវត្ថុតាងពាក់ពន្ធ័ ត្រូវបានកម្លាំងជំនាញផែន នគរបាលប្រឆាំងគ្រឿង​ញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមច្បាប់។

ដោយអនុវត្តន៍តាមបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ​ត្រួតពិនិត្យគ្រឿងញៀនខេត្ត និងក្រោមការដឹកនាំចង្អុលបង្ហាញផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត និងដោយមាន​កិច្ចសហប្រតិបត្តិការល្អជាមួយកម្លាំងយោធាការពារព្រំដែនខេត្តឡុងអាន វៀតណាម កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ កម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំង​ស្នងការដ្ឋាននគរបាលខេត្តព្រៃវៃង និងក្រាមការដឹកនាំសម្របសម្រូលនីតិវិធីពី​លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង លោក ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ជនសង្ស័យចំនួន៧នាក់ (ស្រី១នាក់) រួមជាមួយវត្ថុតាងថ្នាំញៀនព្រមទាំងឧបករណ៍ សម្ភារ និងមាសប្រាក់មួយចំនួនទៀត ដែលជាប់ទាក់ទិនក្នុងបទល្មើល ជួញដូរគ្រឿងញៀនឆ្លងដែនត្រូវបានកម្លាំងសមត្ថកិច្ចជំនាញយើង បើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាប ឃាត់ខ្លួនបាននៅក្នុងភូមិសាស្រ្តខេត្តស្វាយរៀង ខេត្តព្រៃវែង និងរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ជនសង្ស័យដែលបានបង្ក្រាបចាប់ឃាត់ខ្លួននេះពួកគេ គឺជាមុខសញ្ញាសកម្មដែលរកសុីដឹកជញ្ជូនគ្រឿងញៀន ឆ្លងដែន នៅពេលយប់​តាមរូបភាពស្ពាយទំនិញដើរកាត់វាលស្រែតំបន់ដាច់ស្រយាលឆ្លងព្រែក ដោយមានមុខសញ្ញាជាបក្ខពួកនៅប្រទេសវៀតណាម ចាំទទូលបញ្ជូនបន្ត៕B/Ha