សង្ស័យសង្សារស្រីជាអ្នកសម្លាប់ស្រ្តីចងការលុយយ៉ាងសាហាវ នៅក្នុងផ្ទះ បុរីមួយកន្លែងនៅ ខណ្ឌមានជ័យ

128
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ សង្ស័យសង្សារស្រីជាអ្នកសម្លាប់ក្នុងករណីឃាតកម្ម សម្លាប់ស្រ្តីចងការលុយម្នាក់នៅផ្ទះបុរីវីឡាថោន ផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យដល់កន្លែងកើតហេតុ កាលពីវេលាម៉ោង ៩និង៥០នាទីយប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ ស្ថិតនៅផ្ទះលេខ E42A ផ្លូវលេខបុរី Town ក្រុមទី១០ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

សពមានឈ្មោះឃីន សុខលី ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរអ្នកលក់កាហ្វេ និងចងការលុយនៅផ្សារដេបូ ស្នាក់ផ្ទះលេខ៥៩ ផ្លូវ១៣៤ សង្កាត់ផ្សារដេបូ២ ខណ្ឌទួលគោក។

បងស្រីរបស់ជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមិនធ្លាប់បាត់ចេញពីផ្ទះ មួយយប់ទល់ភ្លឺម្តងណានោះទេ ហើយនៅថ្ងៃទី១១ ខែមករាជនរងគ្រោះ បានបាត់ដំណឹង តេទូរស័ព្ទចូលក៏មិនលើក​ទើបធ្វើឲ្យពួកគាត់​ជាសាច់ញាតិឆ្ងល់និងបារម្ភ ។លុះដល់ថ្ងៃកើតហេតុ នៅវេលាម៉ោង​១រសៀលថ្ងៃទី១២ ខែមករា ក៏ស្រាប់តែក្រុមគ្រួសារសាច់ញាតិ បានឮដំណឹង​តាមទូរស័ព្ទតគ្នាថា ជនរងគ្រោះបានស្លាប់នៅផ្ទះកើតហេតុខាងលើ ដោយមិនដឹងមូលហេតុ។ ពួកគាត់ជាសាច់ញាតិក៏នាំគ្នាទៅដល់ផ្ទះកើតហេតុ ត្រូវស្ត្រីជាជនសង្ស័យបេីកទ្វារឲ្យចូលធម្មតា ហេីយនិយាយប្រាប់ថា ជនរងគ្រោះបានស្លាប់ដោយសារហូបបាយហើយស្លាប់ ហើយពួកគាត់​បានចូលមើល ក៏ឃើញស្ត្រីរងគ្រោះជាសាច់ញាតិរបស់ពួកគាត់បានដេកស្លាប់​ដោយមានស្នាមនៅកនិងមានស្នាមចងដៃចងជើង ព្រមទាំងបាត់ចិញ្ជៀនពេជ្រ២ វង់ តម្លៃជាង២ម៉ឺនដុល្លារ និងខ្សែក និងលុយមួយចំនួន ចំណែកម៉ូតូឌ្រីម សង់០១៩ និងទូរស័ព្ទពីរគ្រឿងមិនបាត់ទេ ។

ភ្លាមៗនោះដែរ ពួកគាត់ជាសាច់ញាតិមិនអស់ចិត្ត ក៏សុំឲ្យសមត្ថកិច្ចមូលដ្ឋាន​ក៏ដូចជាជំនាញកោសល្យវិច័យក្រុងភ្នំពេញ ព្រមទាំងគ្រូពេទ្យជំនាញ​បានចុះទៅពិនិត្យ ក៏រកឃើញមានស្លាកស្នាមជាង១០កន្លែងនៅលើខ្លួនសព ហើយក៏បានបញ្ជាក់ថា សពជនងគ្រោះគឺស្លាប់ដោយសារផ្ទប់ដង្ហើម( ឃាតកម្ម ) ទេីបសមត្ថកិច្ចឃាត់ខ្លួនស្ត្រីជនសង្ស័យយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែក្រោមតែម្ដង ហើយស្ត្រីជនសង្ស័យក៏សារភាពប្រាប់សមត្ថកិច្ចថា រូបគេពិតជាបានសម្លាប់ជនរងគ្រោះតែម្នាក់ឯងប៉ុណ្ណោះ ។

ក្រោយកើតហេតុ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យសាច់ញាតិ​យកទៅធ្វើបុណ្យនៅវត្តថ្វាយបង្គុំ ខណ្ឌ៧មករា។ ក្នុងករណីនេះដែរសមត្ថកិច្ច​កំពុងតែបន្តការសាក ួរបន្ថែមទៀត ដើម្បីស្វែងរកអ្នកណាខ្លះជាប់ពាក់ព័ន្ធនឹង​ករណីសម្លាប់ស្ត្រីជាអ្នកចងការប្រាក់នេះ៕B/Ha