សង្ស័យ​ធ្លាប់​ប្រើប្រាស់​ថ្នាំញៀន​, ឃើញ​សមត្ថកិច្ច​ភ័យ​រត់ឡើង​ផ្លោះ​របង​បណ្តាលអោយ​ឆក់​ខ្សែភ្លើង​ស្លាប់​ភ្លាមៗ​

852
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ក្មេងប្រុស​ម្នាក់​បាន​ឆក់​ខ្សែភ្លើង​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈពេលដែល​ពេល​ព្យាយាម​រត់គេច​ពី​សមត្ថកិច្ច ហើយ​តោង​បង្គោល​ភ្លើង​ឆក់ កាលពី​វេលា​ម៉ោង ៣​រសៀល​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៨ ស្ថិត​តាម​បណ្តោយ​ផ្លូវ​២៧១ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹងថា ដំបូង​ក្មេងប្រុស​អាយុ​១៤​ឆ្នាំ បាន​ទៅ​ដើរលេង​ក្បែរ​ទឹក​ប្រឡាយ ហើយ​ស្របពេលនោះ មាន​អាជ្ញាធរ​មួយក្រុម​ចុះមក​ពិនិត្យ​ស្ថានភាព​ការស្តារ​ប្រឡាយ ភ្លាមៗ​ក្មេង​ខាងលើ​មានការ​ភ័យខ្លាច ក៏បាន​រត់​ឆ្លង​ប្រឡាយ​ខ្លួន​ទទឹកជោក រួច​បាន​បន្តរ​ត់ទៅ​ផ្លោះ​របង​ផ្ទះ​ប្រជាពលរដ្ឋ ក៏​តោង​ប៉ះចំ​បង្គោល​ភ្លើង​បណ្តាលអោយ​ឆក់​ខ្សែភ្លើង​ស្លាប់​យ៉ាង​អាណោចអាធ័ម នៅលើ​ចំ​ម្រឹ​ង​ដែក​របង​តែម្តង​។

​ជុំវិញ​ករណីនេះ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សព​ក្មេងប្រុស​មានឈ្មោះ ម៉ូ នី អាយុ​១៤​ឆ្នាំ ស្នាក់នៅ​ម្តុំ​សំណង់​១២ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក ។ ហើយ​សមត្ថកិច្ច​បា​នប​ន្ត​ថា ទំនង​ក្មេងប្រុស​ម្នាក់នេះ​ធ្លាប់ប្រើ​ប្រាស់​ថ្នាំញៀន​ទើប​សមត្ថកិច្ច​ភ័យ​ហើយ​រត់គេច​រហូតមក​ជួប​រឿង​បែបនេះ ។

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយនឹង​មន្ត្រី​ជំនាញ ចុះ​ធ្វើ​កោសល្យ​ពិច័យ​លើ​សាកសព​ដល់ទី​តាំង​កើតហេតុ​រួច បានប្រគល់​សាកសព​ឲ្យ​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ក្រោយ​ពិនិត្យឃើញថា ពិតជា​ស្លាប់​ដោយ​ខ្សែភ្លើង​ឆក់​ប្រាកដ​មែន​៕ ល​