ឃាតកម្មដ៏សាហាវ! សង្ស័យ​ប្តី​ចុង​ជា​ឃាតក​សម្លាប់​ប្រពន្ធ​និង​កូន​ចំនួន​បីនាក់ នៅ​ស្រុក​ត្បូងឃ្មុំ​

1197
ចែករម្លែក

ដោយ​: គង់​ហេង / ត្បូងឃ្មុំ​: សមត្ថកិច្ច​បានធ្វើការ​សន្និដ្ឋាន​ជំហាន​ដំបូង លើ​ករណី​ឃាតកម្ម​សម្លាប់​មនុស្ស​ចំនួន​បួន​នាក់ (​កូន​ក្នុង​ផ្ទៃ​អាយុ​ជាង​ពីរ​ខែ​ម្នាក់ទៀត​) នៅក្នុង​ផ្ទះក្បឿង​មួយកន្លែង ស្ថិតក្នុង​ភូមិ​ដូង ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ ថា គឺអាច​ជាការ​ប្រព្រឹត្តរ​បស់​ប្តី​ចុង​។សព​ត្រូវបាន​គេ​ប្រទះឃើញ​នៅវេលា​ថ្ងៃត្រង់ ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៨​នេះ

​លោក​វរសេនីយ៍ តូ ឆៃ​លាង មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​ត្បូងឃ្មុំ​បាន​ឲ្យ​រស្មី​កម្ពុជា​ដឹង​នៅ​រសៀល​ថ្ងៃទី​១ខែ​មេសា​នេះ ពី​កន្លែងកើតហេតុ​ថា សាកសព​ជនរងគ្រោះ​ត្រូវបាន​ជនល្មើស​ប្រើ​កាំបិតផ្គាក់ កាប់​សំដៅ​ក​ស្លាប់​ទាំងបី​នាក់ នៅលើផ្ទះ​តែម្តង​។ ក្នុងនោះ​ជនរងគ្រោះ ទី​១.​ជា​ម្តាយ​ឈ្មោះ ឃាង សុក​លាន អាយុ ៤២​ឆ្នាំ (​កូន​ក្នុង​ផ្ទៃ​អាយុ​ជាង​ពីរ​ខែ​ម្នាក់ទៀត​), ទី​២. ជា​កូនដើម​ឈ្មោះ ធឿន វណ្ណៈ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ និង​ទី​៣. ធឿន ធា​រី ភេទ​ប្រុស អាយុ ១១​ឆ្នាំ​។​

​លោក​មេបញ្ជាការ​បាន​ឲ្យ​ដឹង​ទៀតថា តាម​ការពិនិត្យ​កន្លែង​សម្លាប់ គឺ​ជនដៃដល់​ទំនងជា​ធ្វើ​សកម្មភាព​នៅ​ពេល​ជនរងគ្រោះ​ទាំង​កំពុង​ដេក​លង់លក់​ ដោយបាន​កាប់​សំដៅ​ក​ទាំងអស់ នៅ​ចន្លោះ​ម៉ោង​ពី ១ ទៅ ៣​យប់ ឈានចូល​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០១៨​។ ក្នុងនោះ​ក្រៅពី​សម្លាប់​ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ គឺ​បាន​ប្រមូល​យក​ទ្រព្យសម្បត្តិ​សរុប​ជា​ទឹកប្រាក់​ប្រហែល​ជាង មួយ​ម៉ឺន​ដុល្លារ​។ ប៉ុន្តែ​សមត្ថកិច្ច​ទើប​ទទួលបាន​ព័ត៌មាន​ឃាតកម្ម​ខាងលើនេះ នៅ​រសៀល​ថ្ងៃទី​១ ខែមេសាបន្ទាប់​ស្ត្រី​ជា​បង​របស់​ជនរងគ្រោះ ឃាង សុក​លាន បាន​ទៅ​រាយ​ការណ៍​ប្រាប់​សមត្ថកិច្ច​នគរបាល​។​

​តាម​ការស៊ើបអង្កេត​ប​ឋ​ម​របស់​មន្ត្រីនគរបាល និង​មន្ត្រី​កងរាជអាវុធហត្ថ​បាន​សន្និដ្ឋានថា ជនសង្ស័យ​ជា​ឃាតក គឺ​ប្តី​ចុង​ឈ្មោះ ជ្រាំង តូ អាយុ ៤៨​ឆ្នាំ ជា​ឪពុក​ទារក​នៅក្នុង​ផ្ទៃ​ជនរងគ្រោះ ឃាង សុក​លាន ដែល​បាន​រៀបការ​នឹង​គ្នា​កាលពី​ខែតុលា ឆ្នាំ​២០១៧​។  ជ្រាំង តូ មាន​ស្រុកកំណើត​នៅ​ភូមិ​អក​មូល ឃុំ​ម្រាម ស្រុក​រមាសហែក ខេត្តស្វាយរៀង មាន​មុខរបរ​ជាជាង​សំណង់​។ ចំណែក​ជនរងគ្រោះ​ជា​ប្រពន្ធ ឃាង សុក​លាន មានមុខ​របរ​ចងកា​រ​ប្រាក់​។​

​ការណ៍ដែល​សមត្ថកិច្ច​ស​ង្ស័​យ ជ្រាំង តូ ជា​ឃាតក​សម្លាប់​ប្រពន្ធ និង​កូន​បែបនេះ គឺ​រយៈពេល​ប៉ុន្មាន​ខែ​នៃ​ការ​ចាប់ដៃគ្នា​ជា​ប្តី​ប្រពន្ធ​មួយគូ​នេះ មានការ​ឈ្លោះទាស់ទែង​ច្រើនលើក​ហើយ​។ ប៉ុន្តែ​ខាង តូ ជា​ប្តី​បាន​មកសុំ​អង្វរ​សះជា​វិញ​។ ពិសេស​គឺ ជនសង្ស័យ​ម្នាក់នេះ តែង​បាន​រករឿង​ប្រច័ណ្ឌ​ប្រពន្ធ​ទៅលើ​កូនប្រុស​ដើម​អាយុ ១៧​ឆ្នាំ ធឿន វណ្ណៈ ជា​ជនរងគ្រោះ​នោះ​៕