សណ្ឋាគារ​ព្រិល​ទឹកកក​នៅ​ភូមិ​តំបន់​អាកទិច​របស់​ចិន បើកទទួល​ស្វាគមន៍​ភ្ញៀវ​យ៉ាង​កក់ក្ដៅ

328
ចែករម្លែក

​ថ្វីបើ​ត្រជាក់​ខ្លាំង​ក្រោម​សីតុណ្ហភាព​រហូតដល់​ទៅ​ដក ៣០ អង្សា​សេ​យ៉ាងណាក្ដី​ក៏​សណ្ឋាគារ មួយ​សាងសង់​ពី​ទឹកកក និង​ព្រិល​នៅ​ភូមិ​ប៉ី​ជី (Beiji Village) ឬ​ដែល​គេ​ស្គាល់​ថា ភូមិ​តំបន់​អាកទិច (Arctic Village) របស់​ចិន ស្ថិតក្នុង​ក្រុង​ម៉​ហឺ (Mohe) ខេត្ត​ហី​ឡុង​ជាំ​ង (Heilongjiang) បាន​បើក ស្វាគមន៍​ភ្ញៀវ​ដំបូង​របស់ខ្លួន​យ៉ាង​កក់ក្ដៅ​កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា​។
​ ​
ដោយមាន​ផ្ទៃ​សរុប​ត្រឹមតែ ១០០ ម៉ែត្រការ៉េ សណ្ឋាគារ​នេះ​មាន ៣ បន្ទប់​ដាច់ដោយ ឡែក​ពីគ្នា​។ ហើយ​អ្វីៗ​ស្ទើរតែ​ទាំងអស់​នៅ​ខាងក្នុង​សណ្ឋាគារ​នេះ​សុទ្ធតែ​ផលិត​ពី​ទឹកកក និង​ព្រិល រួមមាន​គ្រែ តុ សា​ឡុង និង​ការតុបតែង​ផ្សេងទៀត ។ ចំណុច​ដែល​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​គឺ​គ្រែ​ទឹកកក ដែល​បាន​ទាក់ទាញ​មនុស្ស​ជាច្រើន​ឱ្យ​គេង​សាកល្បង​។

​សីតុណ្ហភាព​នៅ​ខាងក្នុង​សណ្ឋាគារ​នេះ​គឺ​ដក ៣០ អង្សា​សេ ប៉ុន្តែ​កុំ​បារម្ភ​រឿង​ត្រជាក់​រឹង​ពោះ ស្លាប់​អី ព្រោះ​សម្លៀកបំពាក់ និង​កម្រាលពូក​ពិសេស​ត្រូវបាន​ផ្តល់ជូន​។​

​អ្នកគ្រប់គ្រង វ៉ាង ស៊ីវ​ហ្វឹ​ង (Wang Xiufeng) និយាយថា “​យើង​សាងសង់ សណ្ឋាគារ​នេះ​ឡើង ក្នុង​បំណង​លើកកម្ពស់​វិស័យ​ទេសចរណ៍​រដូវរងា នៅ​ភូមិ​តំបន់​អាកទិច និង​ផ្តល់​បទពិសោធន៍​ថ្មី ដល់​ភ្ញៀវទេសចរ​។

​ភ្ញៀវទេសចរ​អាច​ចូលមក​ស្នាក់​នៅក្នុង​សណ្ឋាគារ​នេះ​បាន​គ្រប់ ពេល​ដោយ​ឥតគិតថ្លៃ និង​ថតរូប​ទុកជា​អនុស្សាវរីយ៍​”៕ ប្រែ​សម្រួលៈ ខុម​