សណ្ឋាគារ​អ៊ី​ន​ធ័​រ​កុងទីណង់តាល់ កោះ​សាមុយ រៀបចំ​កម្មវិធី​បង្ហាញ​ម៉ូត រៃអង្គាស​ថវិកា​មូលនិធិ​វះកាត់​ជំងឺ​បេះដូង​កុមារ​

216
ចែករម្លែក

ដោយ​: សុផល / សាមុយ​: សណ្ឋាគារ​អ៊ី​ន​ធ័​រ​កុងទីណង់តាល់ កោះ​សាមុយ (INTERCONTINENTAL KOHSAMUI RESORT) មាន​ទីតាំង​ស្ថិតនៅ​កោះ​សាមុយ​ប្រទេស​ថៃ បានប្រកាស​រៀបចំ​កម្ម​ពិធី​បង្ហាញ​ម៉ូត ប្រចាំឆ្នាំ ២០១៩​។ ព្រឹត្តិការណ៍​សប្បុរសធម៌​នេះ ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​២៦ ដល់ ២៨ ខែ មេសា ដោយ​ចាប់ផ្តើម​ជាមួយនឹង ការទទួល​ទាន​អាហារ​ពេល​ល្ងាច​ក្នុ​ភោ​ជនី​ដ្ឋា​ន​នៅ​ឆ្នេរសមុទ្រ​របស់ សណ្ឋាគារ​ដើម្បី​រៃអង្គាស​ថវិកា​ជួយ​ដល់​មូលនិធិ​ប្រទេស​ថៃ​បាន​នុ​ន​ថា​ផុ​ម (Baan Nontapum) និង​មូលនិធិ​វះកាត់​ជំងឺ​បេះដូង​កុមារ​។ ជា​ចុងបញ្ចប់​នឹងមាន កម្មវិធី​ដើរ​បង្ហាញ​ម៉ូត​លើទឹក​ដ៏​វែង​ជាង គេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដឹកនាំ​ដោយ​អ្នក​ច្នៃ​ម៉ូត​ឈ្មោះ Patinya​។​

​ព្រឹត្តិការណ៍​នេះ​នឹង​ត្រូវបាន​ចូលរួម​ដោយ​តារា​ល្បីៗ មកពី​គ្រប់ទិសទី ក្នុងនោះ​មាន Araya Alberta Hargate​ដែល​នាង​ត្រូវបាន​គេ​ស្គាល់​ថា​”Chompoo”​ជា​តារា​សម្តែង និង​តារា​បង្ហាញ​ម៉ូត​ឈានមុខ​គេ​របស់​ប្រទេស​ថៃ ។ បន្ថែម​ពីនេះ​តារា​ល្បីៗ​ឈ្មោះ​ជាច្រើនរូប ទៀត​ដូចជា Kanyawee “Thanaerng” Songmuang, Arisara Dew Thongborisut, Chalida Mint Vijitvongthong និង Jiraya Got Tantrakul​។

​ភ្ញៀវកិត្តិយស​អាច​ទន្ទឹង​រង់ចាំ​ថ្ងៃ​ចុង​សប្តាហ៍​ដ៏​រំភើប​នៅឯ​សណ្ឋាគារ​អ៊ី​ន​ធ័​រ​កុងទីណង់តាល់ កោះ​សាមុយ (InterContinental Koh Samui Resort) ដែល​នឹង​ស្វាគមន៍ អ្នក​ជាមួយនឹង​កាដូ​ពិសេសៗ ពី​សណ្ឋាគារ មានដូចជា សម្លៀកបំពាក់​គេង​យប់ ស្បែកជើង​សម្រាប់​ពាក់​នៅក្នុង​បន្ទប់ ដោយ​ទទួលបាន​ការឧបត្ថម្ភ​ពី Moët & Chandon ។ កាដូ​ជាច្រើន​ទៀត​រួមមាន​គ្រឿងសម្អាង​ម៉ាក NARS និង​ម៉ាក Clé de Peau Beauté សេវាកម្ម​ដឹក​ភ្ញៀវ ដោយ​ឡាន​ទំនើប Mercedes-Benz និង​ការ​ជិះ​កប៉ាល់​ធ្វើដំណើរ​កម្សាន្ត​ទៅកាន់​កោះ​ឯកជន​។

​លោក Michael Shin អ្នកគ្រប់គ្រង​ទូទៅ​របស់​សណ្ឋាគារ​អ៊ី​ន​ធ័​រ​កុងទីណង់តាល់ កោះ​សាមុយ បាន​និយាយថា “InterContinental koh Samui Resort​ដែល​ស្ថិតនៅលើ​ឆ្នេរសមុទ្រ​មួយ​ក្នុងចំណោម​ឆ្នេរសមុទ្រ​លំដាប់​កំពូល​របស់​ពិភពលោក​ជា​កន្លែង​ដ៏​ល្អឥតខ្ចោះ​មួយ សម្រាប់​ការរៀបចំ​កម្ម​ពិធី​បង្ហាញ​ម៉ូត និង​កម្ម​ពិធី​សប្បុរសធម៌​។ យើង​ពិត​ជាមាន​មោទនភាព​ដែល​បាន​សហការ​ជាមួយ​L’Officiel ដើម្បី​ធ្វើឱ្យ​ព្រឹត្តិការណ៍​នេះ​កើតមានឡើង​”​។ លោក​បន្ថែមទៀតថា “​យើង​ជឿជាក់ថា ក្រុមការងារ​របស់​យើង ដែល​ទទួលបាន​ការបណ្ដុះ​បណ្ដាល​ខ្ពស់​ខាង​ផ្នែក​បំរើ​សេវាកម្ម នឹង​អាច​ផ្តល់ជូន​ភ្ញៀវ​នូវ​បទពិសោធន៍​មួយ​ដែល​ពួកគេ​មិនអាច​បំភ្លេចបាន​”​។

​ដើម្បី​ជួយ​ទៅដល់​មណ្ឌលកុមារ​ពិការ​បាន​នុ​ន​ថា​ផុ​ម (Baan Nontapum) និង មូលនិធិ​វះកាត់​ជំងឺ​បេះដូង​កុមារ​ភ្ញៀវ​ទាំងអស់ នឹង​ត្រូវបាន​អញ្ជើញ​ឱ្យ​ដេញថ្លៃ​លើ​ស្នាដៃ​សិល្បៈ​ចំនួន​៦​ផ្ទាំង ដោយ​វិចិត្រករ​ល្បីៗ​ក្នុងស្រុក ដែល​រៀបចំឡើង​ក្នុង​ភោជនីយដ្ឋាន នៅ​ឆ្នេរសមុទ្រ​របស់​សណ្ឋាគា​រ​។ ប្រាក់ចំណូល​ដែល​បានមកពី​ការដេញថ្លៃ នឹង​ប្រគល់​ឲ្យ​មូលនិធិ​សប្បុរសធម៌ ដើម្បី​ជួយ​ដល់​កុមារ​ពិការ​និង​ធ្វើការ​វះកាត់​ជួយសង្គ្រោះ​ជីវិត​កុមារ ដែលមាន​ជំងឺ​បេះដូង​ពី​កំណើត​ឲ្យ​បាន​ទាន់ពេល​។

​កម្ម​ពិធី​បង្ហាញ​ម៉ូត L’Officiel Destinatiion ឆ្នាំ​២០១៩ ដែល​រៀបចំឡើង​នៅ​សណ្ឋាគារ​អ៊ី​ន​ធ័​រ​កុងទីណង់តាល់​កោះ​សាមុយ​ដឹកនាំ​ដោយ អ្នក​ច្នៃ​ម៉ូត Patinya ដ៏​មានកេរ្តិ៍ឈ្មោះ​ល្បី​របស់​ប្រទេស​ថៃ​។ ម៉ូត​សម្លៀកបំពាក់​ថ្មី​ក្នុង​ឆ្នាំ​២០១៩ របស់​នាង នឹងត្រូវ​បានបង្ហាញ​ក្នុង​កម្ម​ពិធី​បង្ហាញ​ម៉ូត​ដ៏​អស្ចារ្យ​នេះ​៕