សត្រូវ​របស់លោក​ឌុយ​ទែ​ត​ទទួលយក​តំណែង​កំពូល​ផ្នែក​បង្ក្រាប​គ្រឿង​ញៀ​ន​

411
ចែករម្លែក

​អ្នក​រិះគន់​ខ្លាំងៗ​ចំពោះ​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​ដ៏​ប្រល័យ​របស់​ប្រធានាធិបតី​ហ្វីលីពីន​លោក​រ៉ូ​ឌ្រី​ហ្គូ ឌុយ​ទែ​ត​បាន​ទទួលយក​តំណែង​កំពូល​មួយ​កាលពី​ថ្ងៃ​ពុធ​ទី​៦​វិច្ឆិកា​ដើម្បី​ជួយ​ដឹកនាំ​យុទ្ធនាការ​នេះ ដោយ​សន្យា​បញ្ឈប់​ការសម្លាប់​ជនស្លូតត្រង់​។​

​ខណៈ​ក្រុម​អ្នក​រិះគន់​និយាយថា ការតែងតាំង​នេះ​គឺជា​កិច្ចប្រឹងប្រែង​មួយ​ដើម្បី​ធ្វើឱ្យ​សត្រូវ​ខូច​កិត្តិយស ចំណាត់ការ​នេះ​នឹង​ធ្វើឱ្យ​លោកស្រី​ឡេ​នី រ៉ូ​ប្រេ​ដូ ក្តោប​ក្តាប់​តំណែង​នៅ​កន្លែង​បង្ក្រាប​គ្រឿងញៀន ដែល​គេ​ថ្កោលទោស​ជា​អន្តរជាតិ​។​

​លោក​ឌុយ​ទែ​ត​បានផ្តល់​មុខតំណែង​នេះ​ដល់​លោកស្រី​រ៉ូ​ប្រេ​ដូ ដែលជា​អនុ​ប្រធានាធិបតី​ប៉ុន្តែ​ជាប់ឆ្នោត​ពី​ការជ្រើសរើស​ដាច់ដោយឡែក​ពីគ្នា បន្ទាប់ពី​មានការ​រិះគន់​ម្តង​ហើយ​ម្តងទៀត​ចំពោះ​យុទ្ធនាការ​របស់គាត់ ដែល​បានសម្លាប់​មនុស្ស​រាប់ពាន់​នាក់​។​

​លោកស្រី​រ៉ូ​ប្រេ​ដូ​បាន​ប្រាប់​សន្និសីទកាសែត​ថា “​ខ្ញុំ​ចង់​ដោះស្រាយ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ បញ្ឈប់​ការសម្លាប់​មនុស្ស​ស្លូតត្រង់ និង នាំខ្លួន​មន្ត្រី​ដែល​រំលោភច្បាប់​មក​ទទួលខុស​ត្រូវ​”​។​

​លោកស្រី​នឹង​ធ្វើជា​សហប្រធាន​នៃ​គណៈកម្មាធិការ​ទទួលបន្ទុក​ត្រួតពិនិត្យ​លើ​ការបង្ក្រាប​ដែល​រហូត​មកទល់ពេលនេះ​ដឹកនាំ​ដោយ​ទីភ្នាក់ងារ​ប្រឆាំង​គ្រឿងញៀន​ជាតិ​។​

​ក្រុម​អ្នក​រិះគន់​លោក​ឌុយ​ទែ​ត​មានការ​ងឿងឆ្ងល់​ចំពោះ​ការតែងតាំង​នេះ ជាមួយ​ព្រឹទ្ធសមាជិក​ឈ្មោះ លី​ឡា ដេលី​ម៉ា បាន​ហៅ​វា​ជា “​អន្ទាក់​ឆ្កួតៗ​”​។​

​លោកស្រី​លី​ម៉ា ដែល​កំពុង​ជាប់ពន្ធនាគារ​ពីបទ​ពាក់ព័ន្ធ​គ្រឿងញៀន ដែល​លោកស្រី​និយាយថា​មាន​ចេតនា​នយោបាយ បាន​បន្ថែមថា ប្រធានាធិបតី “​ចង់​បង្កើត​រឿង​ថ្មី​ដើម្បី​ទម្លាក់កំហុស​របស់គាត់​ទៅលើ​អ្នកផ្សេង​”​។​

​ការស្ទង់មតិ​មួយ​បង្ហាញថា សង្គ្រាម​គ្រឿងញៀន​មានការ​គាំទ្រ​ដ៏​លើសលប់​ពី​ប្រជាជន​ហ្វីលីពីន តែ​វា​រង​ការរិះគន់​ខ្លាំង​ក្នុងចំណោម​អ្នកនយោបាយ​ប្រឆាំង ក្រុម​វិហារ​កាតូលិក និង ក្រុម​តស៊ូ​មតិ​៕ ដោយ៖ កញ្ញាដាលីស

លោកស្រី​ឡេ​នី រ៉ូ​ប្រេ​ដូ​ទទួលយក​តំណែង​កំពូល​ផ្នែក​បង្ក្រាប​គ្រឿងញៀន​នៅ​ហ្វីលីពីន