សត្វ​ទាព្រៃ​ស្លាប​ស​ពីរ​ក្បាល​នៅ​ដែន​ជម្រក​សត្វ​គូលែន​ព្រ​ហ្មទេព​ត្រូវបាន​ជួយសង្គ្រោះ​

206

ភ្នំពេញៈអង្គការសមាគមអភិរក្សសត្វព្រៃ(WCSបានឲ្យដឹងកាលពីរសៀលថ្ងៃទី៥ខែធ្នូឆ្នាំ២០១៧ថាសត្វទាព្រៃស្លាបសពីរក្បាលត្រូវបានជួយសង្គ្រោះនៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ខេត្តព្រះវិហារ ក្នុងពេល​ពួកវាត្រូវបានអ្នកភូមិប្រទះឃើញមានសភាពទន់ខ្សោយ និងមិនអាចហោះបាន។

សត្វទាព្រៃស្លាបសពីរក្បាលដែលត្រូវបានជួយសង្គ្រោះ(រូបថត ម៉ៅ ឃាន WCS )

ប្រភពដដែលបន្តថាទាព្រៃស្លាបសទាំងពីរក្បាលនេះបានត្រូវបានក្រុមអ្នកអភិរក្សនៃក្រសួងបរិស្ថាននិងអង្គការសមាគមអភិរក្សសត្វព្រៃប្រគល់ទៅក្រុមការងាររបស់មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះខេត្តសៀមរាប ដើម្បីពិនិត្យ និងមើលថែរក្សា រហូតដល់ពេលពួកវាជាសះស្បើយ និងអាចរស់នៅក្នុងធម្មជាតិវិញបាន ទើបលែងទៅក្នុងព្រៃវិញ។
គួរបញ្ជាក់ថាទាព្រៃស្លាបស ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ។ជាប្រភេទរង គ្រោះជិតផុត​ពូជនៅ​លើសាកលលោក ដោយសារតែចំនួនរបស់ពួកវានៅ បន្តធ្លាក់​ចុះយ៉ាងខ្លាំងតាមរយៈការបាត់បង់ទីជម្រក ការ​រំខាន​នៅតាមដង ព្រែក និងការបរបាញ់ជាដើម។ ចំនួនទាព្រៃស្លាបសនៅលើសាកលលោក មានចន្លោះ​២៥០-១០០០ក្បាល ក្នុងនោះដែរវាមានចំនួនតិចតួចរស់នៅ ក្នុងប្រទេសកម្ពុជា។

អង្គការដដែលបានស្រង់សម្តីលោក រស់ វ៉ាន់ ប្រធានក្រុមស្រាវជ្រាវប្រចាំដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព នៃក្រសួងបរិស្ថាន និងអង្គការ WCSមកបញ្ជាក់ថា“បន្ទាប់ពីទទួលបានព័ត៌មានពីអ្នកភូមិក្រុម អ្នកអភិរក្ស របស់ មន្ទីរបរិស្ថាននិងអង្គការWCS បានធ្វើដំណើរទៅកាន់ភូមិឈូក ស្រុកគូលែន ដើម្បីទទួលយកទា ព្រៃស្លាបស ទាំងពីរក្បាលនេះ ហើយប្រគល់បន្តឲ្យក្រុមការងាររបស់មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្ស ជីវចម្រុះដើម្បី យកទៅមើលថែរក្សាមួយរយៈពេលខ្លីរហូតដល់វាមានកម្លាំង ដូចធម្មតា ទើបលែងទៅក្នុងធម្មជាតិ វិញបាន។”

លោក រស់ វ៉ាន់ បានបន្តថា “ការអប់រំប្រជាសហគមន៍ឲ្យដល់ដឹងអំពី ការងារអភិរក្សសត្វព្រៃ បានលើកទឹក ចិត្ តឲ្យពួកគាត់ផ្តល់ព័ត៌មានអំពី សត្វព្រៃមកកាន់ក្រុមអ្នកអភិរក្ស។ ប្រសិនបើពួកគាត់មិនបានយល់ដឹងអំពី សារសំខាន់នៃការងារអភិរក្សសត្វព្រៃទេនោះ ពួកគាត់ប្រហែលជាយក ទាព្រៃស្លាបសទាំងពីរក្បាលនេះ ទៅបរិភោគ ឬលក់បាត់ហើយ។”
យោងតាមអង្គការសមាគមអភិរក្សសត្វព្រៃបានឲ្យដឹងថា តំបន់ខ្ពង់រាបភាគខាងជើងប្រទេសកម្ពុជា ក្នុងខេត្ត ព្រះវិហារ ដែលរួមបញ្ចូលទាំងដែនជម្រកសត្វព្រៃគូលែន ព្រហ្មទេព ដែនជម្រកសត្វព្រៃព្រះរកា និងដែន ជម្រកសត្វព្រៃឆែបផងដែរនោះគាំទ្រដល់ការរស់នៅរបស់សត្វស្លាបប្រភេទរងគ្រោះជាសាកលជាច្រើនប្រភេទ។ សត្វស្លាបទាំងអស់នោះ រួមមាន ត្រយ៉ងយក្ស ត្រយ៉ងចង្កំកស និងសត្វត្មាតបីប្រភេទដែល សត្វស្លាប ទាំង អស់នេះសុទ្ធតែជាប្រភេទរងគ្រោះជិតផុតពូជបំផុតនៅលើសាកលលោក សត្វទាព្រៃស្លាបស និងសត្វព្រៃ ជា ច្រើនប្រភេទផ្សេងទៀត។ កម្មវិធីការពារសំបុកសត្វស្លាប គឺជាគម្រោងអភិរក្សមួយបង្កើតឡើង ដើម្បី ដោះស្រាយបញ្ហាការប្រមូលពងកូនរបស់សត្វស្លាប។ តាមរយៈ គម្រោងនេះ ប្រជាសហគមន៍រស់ នៅក្នុង ដែន ជម្រកសត្វព្រៃគូលែន ព្រហ្មទេព និងឆែប ទទួលបានប្រាក់ឧបត្ថម្ភ ប្រសិនបើពួកគាត់ទទួល បានជោគជ័យ ក្នុងការងារត្រួតពិនិត្យ ការពារ និងយាមសំបុកសត្វស្លាប សំខាន់ៗ រហូតដល់ពេលកូនវាញាស់។
លោក ម៉ៃឃើល ម៉េយឺហប(Michael Meyerhoff) ប្រធានគម្រោងប្រចាំមជ្ឈមណ្ឌលអង្គរសម្រាប់ ការអភិរក្ស ជីវចម្រុះ ត្រូវបានស្រង់សម្តីមកបញ្ជាក់ថា “ទាព្រៃស្លាបស​ទាំងពីរក្បាលនេះ បានមកដល់មជ្ឈ មណ្ឌលអង្គរ សម្រាប់ការអភិរក្សជីវចម្រុះ ហើយ។ឥឡូវនេះ យើងកំពុងត្រួតពិនិត្យ និងមើលថែទាំពួកវាយ៉ាង យកចិត្តទុក ដាក់។ តាមរយៈ​ការអង្កេតជាបឋម ពួកវាមានសុខភាពល្អ ហើយយើងអាចនឹង លែងពួកវាទៅក្នុងព្រៃវិញ ក្នុង រយៈពេល២-៣សប្តាហ៍ខាងមុខ ប្រសិន បើយើងពិនិត្យឃើញថាវាជាសះស្បើយ​ទាំងស្រុង និងអាចរស់នៅក្នុង ធម្មជាតិដោយខ្លួនឯងបាន។”៕MN/ដោយៈបញ្ញាសាស្រ្ត