សត្វទោចម្កុដ២គូ ដែលព្រលែងក្នុងតំបន់អង្គរ បានបង្កើតកូន៣ក្បាលហើយ

364

(​សៀមរាប​)៖​សត្វ​ទោច​ម្កុដ​ចំនួន​២​គូ​ដែល​បាន​ព្រលែង​ក្នុង​តំបន់​អង្គរ​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​(Wildlife Alliance) និង​ក្រុមហ៊ុន​ខ្សែ​យោង​អេកូ​ទេសចរណ៍ (Angkor Zip line) បាន​បង្កើតកូន​៣​ក្បាល​ហើយ​។

​អាជ្ញាធរ​ជាតិ​អប្សរា បាន​ព្រលែង​ទោច​ម្កុដ​មួយគូរ​ដំបូង​នៅ​តំបន់​ប្រាសាទ​តា​នៃ នា​ខែមិថុនា ឆ្នាំ​២០១៣ និង​មួយគូ​ទៀត នៅ​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៥ នៅ​ខ្លោងទ្វារ​ខ្មោច​ខាងកើត​ប្រាសាទបាយ័ន​ដែល​បង្កើត​បានកូន​មួយ​កាលពី​ថ្ងៃទី​២៩ ខែមិថុនា​២០១៦​។
​ចំណែក​ទោច​ម្កុដ​មួយគូ​នៅ​ម្តុំ​ប្រាសាទ​តា​នៃ បាន​បង្កើតកូន​ចំនួន​ពីរលើក គឺ​កូន​ទីមួយ​ជា​កូនញី នៅ​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៥ និង​កូន​ទី​២​លើក​នេះ កើត​នៅ​ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ​២០១៧​។

​ដោយឡែក​កូន​ទោច​ម្កុដ​ដែល​ទើប​កើត​ថ្មីៗ​នេះ​មាន​សម្បុ​រ៍ស​តែ​គេ​មិនទាន់​ដឹងថា​ជា​ញី​ឬ​ឈ្មោល​នៅឡើយ​ទេ​ដោយ​គេ​អាច​នឹង​ដឹង​ភេទ​របស់​វា​បាន​នៅពេលដែល​វា​មាន​អាយុ​ប្រហែល​១​ឆ្នាំ​។ ផ្អែក​តាម​របាយការណ​ណ៍​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ដីព្រៃ និង​សត្វព្រៃ ក្នុង​ឆ្នាំ​២០១៦ បានឱ្យដឹងថា ទោច​ម្កុដ​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​អភិរក្ស​សត្វព្រៃ​ពិភពលោក (IUCN) ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​។ សត្វ​ដ៏​កម្រ​មួយ​នេះ មាន​វត្ត​មាននៅ​លើទឹក​ដី​កម្ពុជា​មិន​ដល់ ១​ម៉ឺន​ក្បាល​ទេ​។

​តាម​ការសិក្សា​ជំរឿន​សត្វព្រៃ​កន្លងមក រមណីយដ្ឋាន​អង្គរ​ធ្លាប់មាន​សត្វព្រៃ​ជាច្រើន​ប្រភេទ​រស់នៅ​។ ដោយឡែក សត្វព្រៃ​ប្រភេទ​ទោច​ម្កុដ​នេះ​ក៏​ធ្លាប់មាន​វត្តមាន​ក្នុង​តំបន់​អង្គរ​ផងដែរ​។ ប៉ុន្តែ​ក្នុង​ចន្លោះ​នៃ​សង្គ្រាមស៊ីវិល​មកដល់​ពេល​បច្ចុប្បន្ននេះ ពួក​ទោច​បាន​ស្លាប់​ផុត​ពូជ​ពី​ព្រៃ​នេះ​ទៅហើយ​។

ដោយហេតុ​នេះហើយ​ទើប​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​និង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​លម្អិត​អំពី​លក្ខណៈ​ព្រៃ ដែលមាន​អំណោយផល​ដល់​ការរស់នៅ​របស់​ពួក​សត្វ​ទោច និង​បាន​នាំមក​ព្រលែង​នៅក្នុង​តំបន់​អង្គរ​នេះ​ឡើងវិញ ដើម្បី​លើក​តម្លៃ​ទេសភាព​វប្បធម៌ និង​ធម្មជាតិ ក្នុង​តំបន់​អង្គរ ឲ្យ​កាន់តែ​វិសេសវិសាល​ថែមទៀត​៕S/​ដោយ​៖​គូលែន​