សត្វ​កណ្តូប​១៥០​លាន​ក្បាល វាយប្រហារ​អាហ្វ្រិក​ខាងកើត​

141
ចែករម្លែក

​ក្រុម​អាជ្ញាធរ​បាន​និយាយថា​ការ​ផ្ទុះឡើង​នៃ​ហ្វូង​សត្វ​កណ្តូប​ដ៏​ធ្ងន់ធ្ងរ​បំផុត​ក្នុង​រយៈពេល​២៥​ឆ្នាំ​ចុងក្រោយ​នេះ​កំពុង​រាលដាល​នៅ​ទូ​ទាំង​អាហ្វ្រិក​ខាងកើត​និង​​បង្ក​ការគំរាមកំហែង​ដែល​មិន​ធ្លាប់​មាន​ពីមុនមក​ចំពោះ​សន្តិសុខ​ស្បៀង​នៅ​ប្រទេស​មួយចំនួន​ដែល​ងាយ​រងគ្រោះ​បំផុត​នៅលើ​ពិភពលោក​។

​លក្ខខណ្ឌ​អាកាសធាតុ​មិន​ធម្មតា​គឺ​ជា​ផ្នែក​មួយ​ដែល​ត្រូវ​ស្តីបន្ទោស​ចំពោះ​ការ​ផ្ទុះឡើង​នៃ​ហ្វូង​សត្វ​កណ្តូប​ដ៏​សែន​ធំ​នេះ​។​

​សត្វ​កណ្តូប​ទាំង​ហ្វូងៗ​ចំនួន​រាប់លាន​ក្បាល ហោះហើរ​ទាំង​ហ្វូង​ដូច​ពពក​ខ្មៅ​រសាត់​លើ​មេឃ​ហើយ​កំពុងស៊ី​បំផ្លាញ​ដំណាំ​និង​បង្ខំ​មនុស្ស​នៅ​តំបន់​ខ្លះ នាំគ្នា​ដេញ​​បង្អើល​ពួកវា​។

​នៅ​ជិត​ទីក្រុង​អ៊ី​ស្យូ​ឡូ ប្រទេសកេន​យ៉ា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​អ្នក​ឃ្វាល​សត្វ​អូដ្ឋ​វ័យក្មេង​ម្នាក់​ដេញ​បង្អើល​វាយវាត់​ពួកវា​ជាមួយ​នឹង​ដំបង ប៉ុន្តែ មាន​ប្រសិទ្ធភាព​តិច​​តួ​ច​។ អ្នកផ្សេងៗ​ទៀត​ព្យាយាម​ស្រែក​ឱ្យ​ពួក​វា​ចេញ​ទៅ​ឆ្ងាយ​។​

​អង្គការ​តំបន់​អាហ្វ្រិក​ខាងកើត​បាន​រាយការណ៍​នៅក្នុង​សប្តាហ៍​នេះ​ថា “​ការកើនឡើង​ចំនួន​ហ្វូង​សត្វ​កណ្តូប​ដ៏​គ្រោះថ្នាក់​បំផុត ត្រូវបាន​រាយការណ៍​នៅ​ប្រទេស​​កេន​យ៉ា​។ ក្រុម​អាជ្ញាធរ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ហ្វូង​សត្វ​កណ្តូប​ដែល​ហោះហើរ​បន្តបន្ទាប់​គ្នា​ទាំង​ហ្វូងៗ​មាន​ចម្ងាយ​៦០​គីឡូម៉ែត្រ​និង​​ទទឹង​៤០​គីឡូម៉ែត្រ ដោយ​មាន​កណ្តូប​ប្រហែល​១៥០​លាន​ក្បាល​ក្នុង​មួយ​គីឡូម៉ែត្រ​ការ៉េ ហើយ​ស៊ី​បំផ្លាញ​ផលដំណាំ​ដ៏​ច្រើន​នៅ​តំបន់​ភាគ​ឦសាន​នៃ​ប្រទេសកេន​យ៉ា​។​

​ការ​ផ្ទុះ​ឡើង​នៃ​សត្វ​កណ្តូប​ទាំង​ហ្វូងៗ​នេះ ក៏​បាន​បង្ក​ផលប៉ះពាល់​ផង​ដែរ​នៅ​ផ្នែក​ខ្លះ​នៃ​ប្រទេស​សូ​ម៉ាលី អេត្យូ​ពី ស៊ូដង់ ជី​ប៊ូ​ទី​និង អេ​រី​ត្រេ​និង ក្រុម​អាជ្ញាធរ​​បាន​ព្រមាន​ថា នៅ​ផ្នែក​ខ្លះ​នៃ​ប្រទេស​ស៊ូដង់​ខាងត្បូង​និង​អ៊ូ​ហ្គង់​ដា អាច​នឹង​ជា​ប្រទេស​បន្ទាប់​ដែល​ជួប​បញ្ហា​សត្វ​កណ្តូប​ដ៏​គ្រោះថ្នាក់​នេះ ។​

​អង្គការ​ស្បៀងអាហារ​និង​កសិកម្ម​របស់​អង្គការសហប្រជាជាតិ​បាន​ព្រមាន​ថា​ការ​ផ្ទុះឡើង​នៃ​សត្វ​កណ្តូប​នេះ កំពុង​ធ្វើ​ឱ្យ​ស្ថានភាព​សន្តិសុខ​ស្បៀងអាហារ​កាន់តែ​​លំបាក​ខ្លាំង​នៅក្នុង​តំបន់​នេះ ដោយ​ផលដំណាំ​រាប់រយ​រាប់ពាន់​ហិច​តា​ត្រូវបាន​បំផ្លាញ​៕​ដោយ​៖​សុខា​/sn