សត្វ​ខ្លាធំ​បាត់​វត្តមាន​ពី​ខេត្តមណ្ឌលគិរី​តាំងពី​ឆ្នាំ​២០០៧

1464
ចែករម្លែក
  • 519
    Shares

ដោយ​: សាត​ចាន់​បុត្រ / មណ្ឌលគិរី​: លោក​មូល ផាត ប្រធាន​គម្រោង​អង្គការ WWF ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹងថា​: គិត​ជា​មធ្យម​មាន​សត្វ​ទន្សោង​ចំនួន​២​ក្បាល​ត្រូវបាន​សម្លាប់​ក្នុង​មួយថ្ងៃ ហើយ​បច្ចុប្បន្ន​សត្វ​ខ្លាធំ​បាន​បាត់បង់​វត្តមាន​ឬ​អាច​និយាយបានថា ផុត​ពួជ ពី​ទឹកដី​ខេត្តមណ្ឌលគិរី គិត​ត្រឹម​២០០៧ ដោយ​របាយ​ការ​ណ៏​នេះ​មិន​រាប់បញ្ចូល​ខេត្ត​ដទៃ​ក្នុងប្រទេស​កម្ពុជា​។ ការលើកឡើង​បែបនេះ គ្រា​ដែល​ខេត្តមណ្ឌលគិរី​បានរៀបចំ​នូវ​ទិវា​ទិវា​ជីវចម្រុះ​អន្តរជាតិ​លើក​ទី​២​ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២២​ខែឧសភា​ឆ្នាំ​២០១៨​ក្នុង​បរិវេណអនុវិទ្យាល័យ​ឆ្នែង ក្នុងស្រុក​កែវ​សីមា​។

​ការ​ប្រារព្ធ​ទិវា​ជីវចម្រុះ​អន្តរជាតិ​នេះដែរ​ស្ថិតក្នុង​ប្រធានបទ “​ការ​ប្រារព្ធ​ខួប​ទី​២៥​ឆ្នាំ នៃ​ការអនុវត្ត​អនុសញ្ញា​ស្តីពី​ជីវចម្រុះ​” ក្រោម​វត្តមាន​អភិបាលរង​ខេត្ត​លោក ញ៉​ន សិត និង​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​លោក​ម៉ែន ងុ​យ ព្រមទាំង​មន្ទីរជំនាញ​ពាក់ព័ន្ធ មន្ត្រីរាជការ សិស្សានុសិស្ស​ជាច្រើន​រយ​នាក់​។

​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី លោក កែវ សុភ​គ៌ លើកឡើងថា​ក្នុងនាម​ក្រសួងបរិស្ថាន ដែល​ទទួលបន្ទុក​អនុវត្ត​អនុសញ្ញា​សហប្រជាជាតិ​ស្តីពី​ជីវចម្រុះ​។ អគ្គលេខាធិការដ្ឋាន នៃ​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍ​ន៌​ដោយ​ចីរភាព គឺ​បានរៀបចំ​អបអរសាទរ​ទិវា​នេះ នៅ​ខេត្តមណ្ឌលគិរី កោះកុង កំពង់ធំ កំពត កណ្តាល និង​ខេត្ត​សៀ​បរាប រួចហើយ​។ ប្រធាន​មន្ទីរ​ថា ទិវា​នេះ អង្គការសហប្រជាជាតិ​បានប្រកាស​ជា​ផ្លូវការ​ជ្រើស​យក​ថ្ងៃទី​២២​ខែឧសភា សម្រាប់​ប្រារព្ធ​ទិវា​នេះ​រៀងរាល់ឆ្នាំ​តែម្តង ហើយ​សម្រាប់​ខេត្តមណ្ឌលគិរី​គឺ​លើក​ទី​២​។ លោក​បញ្ជាក់ថា​គោលបំណង​នៃ​ពិធី គឺ​ដើម្បី​បង្កើន​ចំណេះដឹង ហើយ​ស្វែងយល់​កាន់តែច្បាស់​នូវ​តម្លៃ​ជីវៈចម្រុះ​នូវ​ថ្នាក់ជាតិ ថ្នាក់​តំបន់​និង​សកល​។

​ប្រធាន​គំរោង​តំបន់​ទេសភាព​ភាគ​ខាងកើត​នៃ​អង្គការ WWF លោក មូល ផាត ថ្លែងថា គិត​ជា​មធ្យម​មាន​សត្វ​ទន្សោង​ចំនួន​២​ក្បាល ត្រូវបាន​សម្លាប់​ក្នុង​មួយថ្ងៃ ហើយ​បច្ចុប្បន្ន​សត្វ​ខ្លាធំ​បាន​បាត់បង់​វត្តមាន ឬ​អាច​និយាយបានថា ផុត​ពួជ ពី​ទឹកដី​ខេត្តមណ្ឌលគិរី គិត​ត្រឹម​២០០៧ ដោយ​របាយ​ការ​ណ៏​នេះ​មិន​រាប់បញ្ចូល​ខេត្ត​ដទៃ​ក្នុងប្រទេស​កម្ពុជា​។ លោក​ប្រធាន​ដដែល​បន្តថា​ការជួញដូរ​ព្រៃឈើ នៅតែ​បន្ត​មាន​ក្នុងព្រៃ​កា​ពារ ហើយ​ការកាប់​នោះ​គឺ​ផ្សារភ្ជាប់​និង​ការ​បរបាញ់​សត្វ​យកមក​ធ្វើ​ចំណីអាហារ ដែលជា​បញ្ហា​ប្រឈម​ផងដែរ​និង​ការបាត់បង់​សត្វព្រៃ​។ ប្រធាន​គម្រោង​តំបន់​ទេសភាព​ខាងលើ បានគិត​ជាមុន​កាលពី​ឆ្នាំ​២០០៨​ថា ការប្រើប្រាស់​សា​ធាតុគីមី​មិនមាន​ការគ្រប់គ្រង​ត្រឹមត្រូវ​ដែល​ប៉ះពាល់​ដល់​បរិស្ថាន​នោះ​និង​ធ្វើអោយមាន​បញ្ហា​នៅ​ថ្ងៃ​ខាងមុខ​។ ហើយ​អ្វីដែល​លោក​គិត គឺ​បាន​កើតឡើង​មែន គ្រា​ដែល​ពលរដ្ឋ​នៅ​ខេត្តក្រចេះ បាន​រង​នូវ​ការពុល​ស្លាប់​ជាង​១០​នាក់ ក្រោយ​ហូប​ទឹក​ដែលមាន​សា​ធាតុគីមី​ហូរ​ចេញពី​តំបន់​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​។

រូបឯកសារ៖ សត្វខ្លាធំ

​លោក​មូល​ផាត បាន​បន្តថា ក្រៅ​អំពី​ការ​ទស្សនា​នូវ​ប្រាសាទ អ្នក​ទេសចរណ៍​ក៏​ចាប់អារម្មណ៍​ខ្លាំង​ណាស់ដែរ​លើ​ការ​ទស្សនា​ធន​ធា​តិ​ធម្មជាតិ​និង​សត្វព្រៃ ពិសេស​គឺ​អំបូរ​សត្វ​ខ្លាធំ ដែល​តម្រូវអោយ​អ្នកកា​ពារ​សត្វព្រៃ​បន្ត​ការស្វែងរក​សត្វ​ខ្លាធំ​នេះ និង​បន្ត​សហការ​នាំយក​ខ្លា​នេះ​មក​លែង​នៅ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​នៅ​ឆ្នាំ​២០២២​ខាងមុខ​។

​អភិបាលរង​ខេត្តមណ្ឌលគិរី​លោក​ញ៉​ន សិត ក៏បាន​សាទរ​និង​ការ​ប្រារព្ធ​ទិវា​ជីវចម្រុះ​នេះ​ឡើង​ផងដែរ​។ លោក​បាន​ផ្តាំផ្ញើរ​ដល់​ពលរដ្ឋ​និង​សិស្សានុសិស្ស​ត្រូវ​ចូលរួម​ថែរក្សា​បរិស្ថាន​អោយបាន​ល្អ ដើម្បី​ថ្ងៃនេះ​និង​ថ្ងៃ​អនាគត​។

​នៅ​បញ្ចប់​នៃ​កម្មវិធី​នេះ ក៏​ត្រូវគេ​ឃើញថា​មន្ទីរ​បរិស្ថាន​បានរៀបចំ​នូវ​ការឆ្លើយ​សំណួរ​ប្រលងប្រណាំង​គ្នា និង​បន្ត​ដាំ​ដើមឈើ​ក្នុង​បរិវេណ​អនុវិទ្យាល័យ​នេះ​ផងដែរ​៕ ល​