សត្វ​រពីង​នៅតែ​ជា​អាហារ​ដ៏​ទាក់ទាញ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​និង​ជនបរទេស​មួយចំនួន​

813
ចែករម្លែក
  • 43
    Shares

ដោយ​:គង់​ហេង​/កំពង់ចាម​ ៖ សត្វ​រពីង ដែលមាន​រូបសណ្ឋាន​ស្រដៀងនឹង​ពីងពាង​ធំ​គឺ​នៅតែ​ពេញនិយម​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ និង​ជនបរទេស​មួយចំនួន​ទិញ​បរិភោគ និង​យកទៅ​ធ្វើ​ថ្នាំ ​ពេលដែល​គេ​បានធ្វើ​ដំណើរ​តាមផ្លូវ​ជាតិ​លេខ​៦​ឆ្លងកាត់ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។​

អ្នកស្រី ណន ស្រី​ដៀង ជា​អ្នកលក់​រពីង​នៅ​រង្វង់​មូល​ផ្សារ​ស្គន់ ស្រុក​ជើងព្រៃ​ជាង​២០​ឆ្នាំ​ហើយ​នោះ​ដៃ​ចាប់​រពីង​រាប់​លក់​ឲ្យ​អតិថិជន​បណ្តើរ និយាយ​បណ្តើ​រថា​ក្នុង​មួយថ្ងៃ​គាត់​អាច​លក់​រពីង​បាន​ពី​១៥០ ទៅ​៣០០​ក្បាល ទៅ​ឲ្យ​អ្នកធ្វើដំណើរ​ទទួលបាន​ប្រាក់​ពី​ជាង៤០​ម៉ឹ​ន​ទៅ​៩០​ម៉ឺន​រៀល​សម្រាប់​ចិញ្ចឹម​គ្រួសារ​។​

អ្នកស្រី ស្រី​ដៀង បាន​ឲ្យ​ដឹងថា អ្នកស្រី​ទិញ​ជាប្រចាំ​មាន​ខ្មែរ និង​ជនបរទេស​មួយផ្នែក គឺ​យក​បរិភោគ​ចង់ដឹង​ពី​រសជាតិ​អ្នក​ខ្លះទៀត ទិញ​រពីង​រស់​យកទៅ​ធ្វើ​ថ្នាំ​ដោយ​គេ​មាន​ជំនឿ​តៗ គ្នា​ថា​រពីង​អាច​ព្យាបាល​ជំងឺ​។ ប៉ុន្តែ​ក៍មាន​អ្នកដំណើរ​ខ្លះ​ហាក់ដូចជា​ញញើត​មិន​ហ៊ាន​បរិភោគ​រពីង​នេះ​ទេ​។​

ស្រី​ដៀង​បាន​ឲ្យ​ដឹង​ទៀតថា រពីង​ដែល​លក់​នៅ​រង្វង់​មូល​ផ្សារ​ស្គន់ និង​នៅ​ចម្ការ​ស្វាយចន្ទី​សព្វថ្ងៃនេះ គឺ​មិនមែន​រកបាន​ពី​ក្នុង​ទឹកដី ស្រុក​ជើងព្រៃ​ដូច​កាលពី​ជាង​១០​ឆ្នាំមុន​ទេ​។ គឺមាន​ឈ្មួញកណ្តាល​ទិញ​ពី​អ្នករក​ដោយផ្ទាល់​នៅ ខេត្តកំពង់ធំ និង​ខេត្តព្រះវិហារ មក​លក់​បោះ​ដុំ​ឲ្យ​អ្នកស្រុក​ជើងព្រៃ​លក់​បន្តទៅ​ឲ្យ​អតិថិជន​ប្រចាំថ្ងៃ​។​

អ្នកស្រី​ប្រាប់ថា រពីង​មួយ​ក្បាល​ដែល​យើង​យកមក​ប្រឡាក់​គ្រឿង​ ហើយ​លីង​ឆ្អិន​លក់បាន​៣​ពាន់​រៀល​, ​រពីង​រស់​មួយ​ក្បាល​លក់បាន​ពី​៣​ពាន់​ទៅ​៣​ពាន់​ប្រាំ​រយ​រៀល​។​ប្រសិនបើ​គេ​យកទៅ​ដល់​ប្រទេស​វៀតណាម​រពីង​រស់​មួយ​ក្បាល​អាច​លក់បាន​១០​ដុល្លារ​ព្រោះ​គេ​ទិញយក​ធ្វើ​ថ្នាំ​។​ ដោយសារតែ​របរ​លក់​រពីង​នេះហើយ​បាន​ជួយ​ឲ្យ​ជីវភាព​គ្រួសារ​របស់គាត់​មិន​ជួប​ការលំបាក​ទេ​។​

ម្ចាស់​អាហា​រដ្ឋា​ន​រំដួល​៨៨ ស្គន់​បាន​ឲ្យ​ដឹងថា ស្រុក​ជើងព្រៃ​មាន​អ្នកលក់​រពីង​ប្រមាណ​ជាង​២០​នាក់​។ សត្វ​រពីង​គឺមាន​កេរ្តិ៍​បោះ​សំឡេង​ខ្លាំងណាស់​ ធ្វើ​ឲ្យអ្នកដំណើរ​បាន​ស្គាល់​​ហើយ​តែង​ចង់​ភ្លក្ស​ពី​រសជាតិ​របស់​វា​។ នៅតាម​អាហារ​ដ្ឋា​ន​មួយចំនួន​បានធ្វើ​រូប​រពីង​ធំៗ​សម្រាប់​តាំង​បង្ហាញ​ភ្ញៀវ​។ ម្ចាស់​អាហា​រដ្ឋា​ន ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ពីមុន​សត្វ​រពីង​សម្បូរ​ណាស់​នៅក្នុង​ទឹកដី​ស្រុក​ជើងព្រៃ​។ ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០០០ មកវា​ស្ទើរតែ​បាត់បង់​អស់ទាំង​ស្រុង ដោយសារ​គេ​យក​ដី​ទាំងនោះ​ដាំ​ដំណាំ​ផ្សេងៗ​ដូចជា​ស្វាយចន្ទី​ហើយ​ប្រើប្រាស់​ថ្នាំ​បាញ់សម្លាប់​សត្វល្អិត ប៉ះពាល់​ដល់​ការរស់នៅ​របស់​សត្វរ​ពីង​នេះ​។​

សូម​ញ្ជា​ក់ថា រពីង គឺជា​ពពួក​រន្ធ​ក​សត្វ​មា​នរូ​សណ្ឋាន​ស្រដៀង​នឹង សត្វ​ពីងពាង​ធំ​, មាន​ចង្កូម​ខុប​ធ្វើ​រន្ធ​នៅក្នុង​ដី​ព័ទ្ធ​សរសៃ​ចាក់ស្រេះ​ភ្ជិត​មាត់​រន្ធ​។ រពីង​មាន​ពីរ​ប្រភេទ គឺ​រពីងគោ​មាន​រូប​តូច​សម្បុរ​ប្រផេះ និង​រពីងក្របី​មាន​សម្បុរ​ខ្មៅ​ហើយ​មាន​មាឌធំ​ជាង​រពីងគោ​៕B/