នាវា Okeanos Explorer របស់រដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិ (National Oceanic and Atmospheric Administration) ហៅកាត់ថា NOAA ជាទីភ្នាក់ងារ វិទ្យាសាស្ត្រមួយស្ថិតក្រោមក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានបញ្ចប់បេសកកម្មរបស់ខ្លួន ក្នុងការសិក្សាស្រាវជ្រាវដែនទឹកដែលមិនសូវមានអ្នកយល់ដឹងនៅសហរដ្ឋអាមេរិក ប៉ែកអាគ្នេយ៍កាលពីសប្តាហ៍មុន។
នៅក្នុងបេសកកម្មនេះ មានការមុជទឹករុករកសរុបចំនួន ១៧ ដងដោយនាវាមុជទឹកយន្ត ហើយការមុជទឹកលើកទី១ បានចាប់ផ្តើមកាលពីថ្ងៃទី២២ ខែឧសភា។ ជាលទ្ធផលនៃការមុជ ទឹកទាំងនេះបានរកឃើញសត្វចម្លែកៗរាប់ពាន់ម៉ឺនមុខប្រភេទដែលសម្ងំលាក់ខ្លួនពីក្រោមផ្ទៃទឹក។
សូមបញ្ជាក់ថា បេសកកម្មនេះបានបញ្ចប់កាលពីថ្ងៃទី២ ខែកក្កដា បន្ទាប់ពីចំណាយពេលជាងមួយ ខែសិក្សា និងអង្កេតនៅជាយទ្វីបប៉ែកអាគ្នេហ៍របស់សហរដ្ឋអាមេរិក (US Southeast Continental Margin) ដែលលាតសន្ធឹងពីរដ្ឋផ្លរីដា ដល់រដ្ឋណស ខារ៉ូឡាយណា (North Carolina)៕ ប្រែសម្រួល: ខុម