សត្វ​សាហាវ​ដែល​ខាំ​គោ​អ្នកស្រុក​នៅ​សំឡូត ទំនងជាខ្លាឃ្មុំ​ មិនមែន​សត្វ​ខ្លា​ទេ​

667
ចែករម្លែក

ដោយៈ​មូល​សម្បត្តិ /​ភ្នំពេញៈ​មន្ត្រី​នៃ​មន្ទី​ជំនាញ​នៅ​ខេត្តបាត់ដំបង​បានធ្វើការ​សន្និដ្ឋាន​ថា ​សត្វ​សាហាវ​ដែល​ខាំ​គោ​កសិករ​នៅ​ស្រុក​សំឡូត​កាលពី​ថ្ងៃទី​១៧​ខែធ្នូ​កន្លង​ទៅ​នេះ​ទំនង​មិនមែន​ជាស​ត្ច​ខ្លា​ទេ តែ​ជាស​ត្វ​ខ្លាឃ្មុំ​។​

គោកសិករដែលរងការវាយប្រហារហើយមន្រ្តីជំនាញសន្និដ្ឋានថាជាស្នាដៃសត្វខ្លាឃ្មុំ

​លោក កត បូរ៉ាន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង បានឱ្យ​រស្មី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​១៩​ខែធ្នូ​នេះ​ថា មាន​វត្តមាន​ខ្លាឃ្មុំ​ជាច្រើន​នៅក្នុង​តំបន់ការពារធម្មជាតិ​ក្នុង​ខេត្តបាត់ដំបង​។ លោក​អះអាង​បែបនេះ ក្នុងពេល​សមត្ថកិច្ច បានឃើញ ដានជើង​នៅលើ​ដី និង​រោម​ខ្លាឃ្មុំ​ធំ​ជាប់​នឹង​ស្នាមរបួស​លើស​ត្វ​គោមួយ​ក្បាល របស់​ឈ្មោះ ស៊ុន ភាព ជា​ប្រជាជន​រស់នៅ​ភូមិ​ស្ទឹងតូច ឃុំ​កំពុង​ល្ពៅ ស្រុក​សំឡូត ខេត្តបាត់ដំបង​កាលពី​យប់​ថ្ងៃទី​១៧​ខែធ្នូ​។លោក បានបញ្ជាក់​បន្ថែមថា នេះ​ពិត​ជាមាន​វត្ត​មាននៃ​សត្វ​ខ្លាឃ្មុំ​ពិតប្រាកដ ព្រោះ​បើ​ពិនិត្យឃើញ មាន​រោម និង​ស្នាម​ក្រចក​ជាប់​នឹងរ​បួ​សត្វ​គោ ។​ដោយឡែក​របៀប​វាយ​ប្រហារ​ចំណីអាហារ​គឺ​វា​ខាំ​បំពង់ក​ក្រោម និង​ខ្ទប់​ចម្រុះ​។

សត្វខ្លាឃ្មុំ

​លោក​ប្រធាន​មន្ទីរ​ប្រាប់​បន្តថា​សត្វ​ខ្លាឃ្មុំ​ត្រូវគេ​ប្រទះឃើញ​តាមរយ​:​កា​ម៉េ​រ៉ា​ស្វ័យប្រវត្តិ​ដាក់​តាម​ដើមឈើ​ក្នុង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត​នៃ​ស្រុក​សំឡូត​ខេត្តបាត់ដំបង​។​គឺជា​ជម្រក​រស់នៅ​នៃ​ហ្វូង​ខ្លាឃ្មុំ​ព្រៃ​ដែល​ខ្លះ​មាន​ទម្ងន់​ចាប់ពី​១៤០​គីឡូក្រាម​មាន​ប្រមាណ​ជាង​១០​ក្បាល​។​

​គួររំលឹកថា​កាលពី​ព្រឹក​ថ្ងៃទី​១៨​ខែធ្នូ​នៅ​ភូមិ​ស្ទឹងតូច​ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ព្រោះ​មាន​សត្វ​គោមួយ​ក្បាល​បាន​ងាប់​ដោយ​មាន​ស្នាមរបួស​ជាច្រើន​កន្លែង ។​អ្នកភូមិ​បានដាក់​ការសង្ស័យថា អាច​ត្រូវ​សត្វ​ខ្លា​ចូល​មក​ខាំ​បម្រុង​ស៊ី​ជា​ចំណី ។​
​លោក​ម៉ៅ ស៊ុន​កាំ​ង​អធិការនគរបាល​ស្រុក​សំឡូត​បានឱ្យដឹងថា​ម្ចាស់​គោ​ឈ្មោះ​ស៊ុន ភាព ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​។​សត្វ​គោ​នោះ មាន​ស្នាម​របួស​ត្រង់​ក​ផ្នែក​ខាងលើ និង​បូក ។​មិនតែប៉ុណ្ណោះ​ថែមទាំង​បាក់ក​ទៀតផង​។​គាត់​សង្ស័យថា​មាន​សត្វ​ខ្លា​ចូលមក​ខាំ​បម្រុង​ស៊ីពេល​រំលងអធ្រាត្រ​ហើយ​វា​ផ្អើល​រត់​ចូល​ព្រៃ​វិញ​បាត់​ដោយសារ​មាន​មនុស្ស​ចេញមក​ពី​មើល​ការប្រគំ​តន្ត្រី​ដើរ​តាមផ្លូវ​។​

​គួរ​បញ្ជាក់ថា​កាលពី​ឆ្នាំមុន​ធ្លាប់មាន​សត្វ​ខ្លា​ចូល​ភូមិ​នៅ​តំបន់​នេះដែរ​។​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​ចំពោះ​វត្តមាន​របស់​សត្វ​ខ្លា​ចូល​ព្រៃ​ពេលយប់​ខាំ​គោ ក្របី​តែ​ថ្ងៃ​ណាមួយ​អាច​គ្រោះថ្នាក់​ដល់​មនុស្ស​។​

​លោក​បូរ៉ាន​បញ្ជាក់ដែរថា​បន្ទាប់ពី​មានការ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​បានល្អ​ប្រសើរ​នៅតាម​តំបន់ការពារធម្មជាតិ រយៈពេល​១០​ឆ្នាំ​កន្លងមកនេះ ជាពិសេស​នៅក្នុង​ខេត្តបាត់ដំបង វត្តមាន​សត្វព្រៃ​មាន​ចំនួន​កើនឡើង​ច្រើន​។ បើ​តាមរយៈ​ការអង្កេត​ចាប់បាន​ពី​កា​ម៉េ​រ៉ា នៅ​តំបន់ការពារធម្មជាតិ ថនិកសត្វ​ធំៗ​ជាច្រើន​បានបង្ហាញ​ខ្លួន ជាពិសេស​ចំនួន​សត្វ​ខ្លាឃ្មុំ​,​ខ្លារខិន​,​សំពោច​ត្បាល់​,​ដំរីព្រៃ​និង​សត្វព្រៃ​ជាច្រើន​ទៀត​។​តំបន់​អភិរក្ស​ការពារ​ព្រៃឈើ​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត​នេះ​គឺជា​ព្រៃ​ការពារ​របស់​អេ​ន​ចូ​លី​ណា​ដែលជា​តួកុន​ហូលីវូត​ល្បីឈ្មោះ​(​បាន​យក​កូន​ខ្មែរ​ម្នាក់​ធ្វើជា​កូនចិញ្ចឹម​ឈ្មោះ​ម៉ា​ដុក​)​ដែលមាន​ទំហំ​ជាង​ប្រាំ​ម៉ឺន​ហិកតា​។​ក៏ប៉ុន្តែ​តំបន់​ការពារ​អភិរក្ស​ព្រៃឈើ​នេះ​មិនបាន​បើកទ្វារ​ចំហរ​ឲ្យ​ភ្ញៀវទេសចរ​ចូល​ទស្សនា​ទេ​។​ផ្ទុយទៅវិញ​តំបន់​នេះ​មានការ​តឹងរ៉ឹង​ក្នុងការ​ចេញចូល​ជាទីបំផុត​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន​ក្រសួងបរិស្ថាន​បាន​បង្កើត និង​គ្រប់គ្រង​តំបន់ការពារធម្មជាតិ ចំនួន​៥១​កន្លែង ប្រកបដោយ​ប្រ​សិ​ទ្ឋ​ភាព និង​ល្អប្រសើរ លើ​ផ្ទៃដី​ប្រមាណ​៧,៥​លាន​ហិកតា​៕​សរន​