សត្វ​ស្លាប​រាប់ម៉ឺន​ក្បាល​មក​ទំ​ស្នាក់នៅ​ពេលយប់​ដ៏​សុខសាន្ត​នៅ​ចម្ការ​ជ​ឈុនលី​ក្បែរ​ភ្នំ​បន្ទាយ​នាង​ស្រុក​មង្គល​បូរី​

559
ចែករម្លែក

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: សត្វ​ស្លាប​គោក​និង​សត្វ​ស្លាប​ទឹក​ចម្រុះ​រាប់ម៉ឺន​ក្បាល ក្នុង​រយៈពេល​ជិត​២​ខែ​មកហើយ ក្នុង​រដូវ​រំ​ហើយ​ឆ្នាំ​២០១៩​នេះ បានមក​ទំស្នាក់នៅ​ពេលយប់​ដ៏​សុខសាន្ត​នៅ​ចម្ការ​ជ ឈុនលី​ក្បែរ​ភ្នំ​បន្ទាយ​នាង នា​ព្រំប្រទល់​ឃុំ​បន្ទ​យ​នាង និង​ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​

​ពលរដ្ឋ​រស់នៅ​ភូមិ​ភ្នំ​ឃុំ​បន្ទាយ​នាង​ប្រាប់​កាសែត​រស្មី​កម្ពុជា នា​ថ្ងៃ​អស្តង្គត​ថ្ងៃទី​៤​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ថា រាល់​ឆ្នាំ​នៅ​ទីនោះ​ក៏មាន​សត្វ​ស្លាប​ចម្រុះ​មក​ទំ​ស្នាក់​ដេក​នៅពេល​យប់​ដែរ តែមាន​ត្រឹម​រាប់រយ​ក្បាល​ប៉ុណ្ណោះ​។ តែ​នៅ​ខែកញ្ញា តុលា និង​វិច្ឆិកា​ឆ្នាំ​២០១៩​នេះ សត្វ​ស្លាប​គោក និង​សត្វ​ស្លាប​ទឹក​ចម្រុះ រួមមាន​ចង្កៀលខ្យង ក្រសារ ក្អែក​ទុំ ស្មោញ និង​ច្រើនជាងគេ​គឺ​កុកស កុកសាប់​កើន​ចំនួន​ដល់​រាប់ម៉ឺន​ក្បាល​។​

​ពលរដ្ឋ មន្ត្រីនគរបាល និង​អាជ្ញាធរ​ដែនដី​ឃុំ​ឲ្យ​ដឹងថា សត្វ​ស្លាបទាំងនោះ បាន​ហើរ​ទាំង​ហ្វូងៗ ដូច​ទឹកបាក់​ទំនប់​មកពី​ភូមិសាស្ត្រ​ជិត​ឆ្ងាយ​ក្នុង​ខេត្តបន្ទាយមានជ័យ ហើយ​ទំដេក​ស្នាក់នៅ​ពេលយប់​។ លុះ​អរុណោទ័យ​ឡើង ពួកវា​ក៏​ហើរ​ចាកចេញ​ទៅរក​ចំណី​នៅ​កន្លែង​ទីទៃ​ពីគ្នា​។​

​ពលរដ្ឋ​រស់នៅ​ម្តុំ​ឃុំ​បន្ទាយ​នាង និង​ឃុំ​ឫស្សី​ក្រោក រួមទាំង​សិស្សសាលា​ផង តែង​នាំគ្នា​មក​មើល​សត្វ​ស្លាប​ទាំងនោះនាពេល​សា​យណ្ណ​កាល និង​ពេល​ថ្ងៃ​អស្តង្គត ដោយ​ពួកគេ​ថា ទិដ្ឋភាព​និង​ទស្សនីយភាព​បែបនេះ កម្រ​នឹង​បានឃើញ​ណាស់​។ សិស្សសាលា​បឋមសិក្សា​ដែល​មក​មើល​សត្វ​បាន​និយាយថា ក្មួយៗ​ស្រឡាញ់ និង​សូម​ចូលរួម​ការពារ​សត្វ​ស្លាប​ទាំងនោះ​។​

​ចំណែក​អ្នកស្រី ជ ថា​វី ជា​កូនស្រី​របស់លោក ជ ឈុនលី ម្ចាស់​ដីចម្ការ​ដែលមាន​ដើមឈើ​ចម្រុះ​ធំ​តូច​ជាទី​សុខសន្តិភាព សុវត្ថិភាព​ដែល​សត្វ​ស្លាប​ទាំងនោះមក​ទំដេក​ស្នាក់​នៅបាន​ប្រាប់កាសែត​រស្មី​កម្ពុជា នា​ព្រលប់​ថ្ងៃទី​៤​ខែវិច្ឆិកា​ថា ក្រុមគ្រួសារ​អ្នកស្រី​ធ្លាប់ធ្វើ​សិប្បកម្ម​ឡឥដ្ឋ ហើយ​ដី​នៅ​ខាងក្រោយ​ព័​ទ្ធរបង​បន្លា​លួស​មាន​ចម្ការ​ដាំ​ឈើ​អាកាស្យា ព្រីង ថ្កូវ ស្វាយ ដូង​ស្លា អម្ពិល ត្របែក អម្ពិល​ព្រៃ​..​ហើយ​ឥឡូវ​បានក្លាយ​ជាទី​ស្នាក់នៅ​សត្វ​ស្លាប​ចម្រុះ​រាប់ម៉ឺន​សែន​ក្បាល​ដូ​ច្នះ​។​

​អ្នកស្រី ជ ថា​វី សប្បាយ ហើយ​សុខចិត្ត​អនុញ្ញាត​ឲ្យ​សត្វ​ទាំង​នោះមក​រស់នៅ​។ ប៉ុន្តែ​អ្នកស្រី​សំណូមពរ​ដ៏​ទទូច​ឲ្យ​មន្ត្រី​អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​ម៉ឺង​ម៉ា​ត​ជួយ​ថែរក្សា ការពារ​សត្វ​ទាំងនោះ​។​

​ចំណែក​លោក​រ័ត្ន ដា​ស៊ី​ណង់ អភិបាលស្រុក​មង្គល​បូរី​រួម​នឹង​លោក ភារ​ម្យ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា នា​រាត្រី​ថ្ងៃទី​៤​ខែវិច្ឆិកា​ថា ក្នុងនាម​អាជ្ញាធរ​និង​សមត្ថកិច្ច លោក​រីករាយ ស្វាគមន៍​វត្តមាន​សត្វ​ស្លាប​ចម្រុះ​រាប់ម៉ឺន​ក្បាល​ទាំងនោះ ហើយ​ថ្លែងអំណរគុណ​ដល់​ម្ចាស់​ចម្ការ​លោ​កជ ឈុនលី និង​ពលរដ្ឋ​អ្នកពាកព័ន្ធ​ទាំងឡាយ​ដែល​ផ្តល់​ទី​សុខសាន្ត​ដល់​សត្វ​ទំដេក​ស្នាក់នៅ​។ ប៉ុន្តែ លោក​ទទួលស្គាល់ថា ក៏​នៅមាន​ជនខិលខូច​ខ្លះ​បាន​លួច​បរបាញ់​ទាក់​សម្លាប់សត្វ ដែល​បញ្ហា​នេះ គ្រប់គ្នា​នឹង​ប្រើ​វិធាន​ការសរុប​ចាត់ការ​។​

​ទោះយ៉ាងណា លោក​រ័ត្ន ដា​ស៊ី​ណង់ បាន​អំពាវនាវ​ឲ្យ​សាធារណជន ភ្ញៀវ​ជាតិ និង​បរទេស ចូលទៅ​ទស្សនា​សត្វ​ស្លាបទាំងនោះ នៅក្នុង​ដីចម្ការ​ខាងលើ និង​នៅក្រោយ​ភ្នំ​បន្ទាយ​នាង​ស្រុក​មង្គល​បូរី ចាប់ពី​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ដល់ពេល​ព្រលប់​នា​រាល់ថ្ងៃ​៕ ល​/Ha