សនិ្នសីទអាស៊ី-ប៉ាស៊ីហ្វិកបង្ហាញពី​ការរីកចម្រើនផ្នែកប្រព័ន្ធបច្ចេក​​វិទ្យាព័ត៌មាន​

176
ចែករម្លែក

ដោយ:ដេប៉ូ/សៀមរាប ៖ នៅក្នុងកិច្ចប្រជុំសនិ្នសីទអាស៊ី-ប៉ាស៊ីហ្វិករបស់សមាគមផ្តល់សេវាការងារសាធារណៈពិភពលោក ក្រោមប្រធានបទ ឌីជីថលនីយកម្មក្នុងសេវាការងារសាធារណៈ (Digitalization in Public Employment Services)បានបង្ហាញពីការរីកចម្រើនយ៉ាងខ្លាំងទៅលើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលត្រូវប្រើប្រាស់ជាចាំបាច់នៃយុគសម័យថ្មីនេះ។

ពិធីនេះដែរត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ នាសណ្ឋាគារ សូហ្វីតែលអង្គរ ភូគីត្រា ក្នុងទឹកដីអង្គរខេត្តសៀមរាប ដែលកម្ពុជាទទួលបានកិត្តិយសធ្វើជាម្ចាស់ផ្ទះ ដោយមានអ្នកចូលរួមពីគ្រប់ភាគីពាក់ព័ន្ធជាតិ អន្តរជាតិប្រមាណ៤០០នាក់។ពិធីនេះដែរបានរៀបចំឡើងក្នុងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២-៣ខែធ្នូឆ្នាំ២០១៩។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងបើកក្នុងពិធីនេះឱ្យដឹងថា នៅក្នុងសន្និសីទអាស៊ី-ប៉ាស៊ីហ្វិក នេះ ត្រូវបានធ្វើឡើងត្រូវចំកាលៈ ទេសៈ ព្រមទាំង មានសារៈប្រយោជន៍ខ្លាំងណាស់ដោយបានផ្តល់ជាឱកាសដ៏មានតម្លៃសម្រាប់ ប្រទេសសមាជិកទាំងអស់ចែករំលែក ស្វែងយល់និងដកស្រង់យកចំណេះដឹងបទពិសោធន៍និងការអនុវត្តល្អក្នុងការសិក្សានិងការចាប់យកមកប្រើប្រាស់ នូវបច្ចេកវិទ្យា បច្ចុប្បន្ននិងពេលអនាគត សម្រាប់ជំរុញការធ្វើឌីជីថលនីយកម្ម ព្រមទាំងបំប្រួញគម្លាតនៃការអភិវឌ្ឍសេវាការងារសាធារណៈ ក្នុងចំណោមប្រទេសសមាជិករបស់ WAPES ជាពិសេសសម្រាប់ប្រទេសដែលទើបបានចាប់ផ្តើមអភិវឌ្ឍសេវាការងារសាធារណៈដូចជាកម្ពុជា ក្នុងការខិតខំ ធ្វើដំណើរឈានទៅសម្រេចជោគជ័យនូវគោលដៅចុងក្រោយ គឺការប្រែ ក្លាយទៅជាសេវាការងារសាធារណៈឌីជីថលពេញលេញ។

លោករដ្ឋមន្ត្រី មានប្រសាសន៍ដែរថា “ដោយសារកម្ពុជាយើងទើបតែបានបង្កើតសេវាការងារសាធារណៈ ក្នុងឆ្នាំ២០០៩ ដូច្នេះការអភិវឌ្ឍប្រព័ន្ធ ផ្តល់សេវាដែលមានភាពប្រទាក់ក្រឡា និងការធ្វើស្វ័យប្រវត្តិកម្មដោយ ការប្រើប្រាស់បច្ចេកវិទ្យានៅមានកម្រិតទាបនៅឡើយ។ ក្មុងន័យនេះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំពុងបន្តខិតខំអភិវឌ្ឍប្រព័ន្ធផ្តល់សេវាការងារដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលយ៉ាងលឿន នៃរចនាសម្ព័ន្ធប្រជាសាស្រ្ត សេដ្ឋកិច្ចនិងទីផ្សារការងារ”។

សូមរំលឹកដែរថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាសមាជិកថ្មីមួយក្នុងចំណោមសមាជិកចំនួន១២ នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក របស់សមាគមពិភពលោកនៃសេវាការងារសាធារណៈ (WAPES) ដែលមានសមាជិកសរុបចំនួន៨២៕B/