សន្តិសុខ​ចំណតរថយន្ត​គីឡូម៉ែត្រ​លេខ​៩​នៅ​បន្ត​ស្ទាក់​ឡាន​លើផ្លូវ​ជាតិ​លេខ​៥​ទារលុយ​ថ្លៃ​ចំណត​

603
ចែករម្លែក
  • 1.1K
    Shares
សន្តិសុខ​ចំណតរថយន្ត​គីឡូម៉ែត្រ​លេខ​៩​នៅ​បន្ត​ស្ទាក់​ឡាន​លើផ្លូវ​ជាតិ​លេខ​៥​ទារលុយ​ថ្លៃ​ចំណត​

ដោយៈ​ប​.​ខុន​/ ​ភ្នំពេញៈ​ចំណតរថយន្ត​នៅ​ជាយក្រុង​ដែល​គ្រប់​គ្រង់​ដោយ​ឯកជន​ក្រុមហ៊ុន​ជាច្រើន​ជំនាន់​មកហើយ​នោះ មិនបាន​រួមចំណែក​កាត់បន្ថយ​ចំនួន​រថយន្ត​ចេញចូល​ក្រុង​ដូច​អ្វីដែល​សាលា​រាជធានី​ចង់បាន​នោះឡើយ ដោយសារ​ក្នុង​ចំណត​ទាំងនោះ​គ្មាន​សេវា​គ្រប់គ្រាន់ ដែលជា​ហេតុ​នាំ​ឲ្យ​រថយន្តឈ្នួល​ដឹកទំនិញ​និង​អ្នកដំណើរ​មិន​ព្រម​ចូល​ចត គេ​អនុវត្ត​បានត្រឹមតែ​ចេញ​កម្លាំង​ស្ទាក់​ឡាន​លើផ្លូវ​ជាតិ​ដើម្បី​ទារលុយ​ថ្លៃ​ចំណត និង នៅពេល​ចុង​ក្រោយនេះ​ចំណត​ទាំងនោះ ត្រូវបាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​លុបចោល​អស់ហើយ​។​
​ ​នៅ​គ្រប់​ច្រក​ផ្លូវចេញចូល​ក្រុងភ្នំពេញ​ជាច្រើន​ជំនាន់​មកហើយ បាន​បង្កើត​ឲ្យ​មាន​ចំណត​សម្រាប់​រថយន្តឈ្នួល​ដឹកទំនិញ និង អ្នកដំណើរ​មកពី​តាម​បណ្តា​ខេត្ត​នានា​ចូល​ចត​ជា​ចំណត​វិនិយោគ​ដោយ​ក្រុមហ៊ុន​ឯកជន តែ​ចំណត​ទាំងនោះ​កម្រ​មាន​រថយន្ត​ចូល​ចត​ណាស់ ដោយសារ​ក្នុង​ចំណត​មានតែ​ដី​ទទេ​ស្អាត គ្មាន​បន្ទាប់​ទឹក គ្មាន​អគារ​រង់ចាំ គ្មាន​ឃ្លាំង​ផ្ទេរ​ទំនិញ គ្មាន​អាហារ​ដ្ឋា​ន និង គ្មាន​សេវា​ដឹកជញ្ជូន​បន្ត​ចេញចូល​ក្នុង​ក្រុង​ឲ្យ​បាន​គ្រប់គ្រាន់​។​

​សន្តិសុខ​ចំណតរថយន្ត​គីឡូម៉ែត្រ​លេខ​៩​ចេញ​ស្ទា​ក់ឡាន​លើផ្លូវ​ជាតិ​លេខ​៥​ទារលុយ​ថ្លៃ​ចំណត​(​ប​.​ខុន​)


​ ​ចំណត​ដែល​បាន​បង្កើត​ហើយ​ខ្លះ​ជាទី​តាំង​ឯកជន និង​ខ្លះ​ជាទី​តាំងរបស់​រដ្ឋ​ចំណត​នៅ​គ្រប់​ផ្លូវជាតិ​ដែល​បាន​បង្កើត​ហើយ មាន​សកម្មភាព​ត្រឹមតែ​ដាក់​កម្លាំង​សន្តិសុខ​ស្ទាក់​ឡាន​ដឹកទំនិញ​និង​អ្នកដំណើរ​ចេញចូល​ក្រុង​ដើម្បី​ជម្រិត​ទារប្រាក់​ថ្លៃ​ចំណត​នៅលើ​ផ្លូវជាតិ ។ រថយន្ត​ខ្លះ​បង់លុយ​ឲ្យ​ខ្លះ​មិន​ឲ្យ និង ពេលខ្លះ​អ្នក​ទារលុយ​ថ្លៃ​ចំណត​បាន​បង្ក​ជា​ទំនាស់​ជាមួយនឹង​ម្ចាស់​រថយន្ត​ថែម​ទៀតផង​ក៏មាន​។​
​ ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​មួយរូប​បាន​និយាយ​ឲ្យ​ឲ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​១៥​ខែមីនា​ឆ្នាំ​២០១៩​ថា សាលា​រាជធានី​បង្កើត​ចំណត​នៅ​ជាយក្រុង​កន្លងមក​មាន​គោលបំណង​កាត់បន្ថយ​ការកកស្ទះ​នៅក្នុង​ក្រុង ដោយ​ឲ្យ​រថយន្តឈ្នួល​ដឹកទំនិញ​និង​អ្នកដំណើរ​មកពី​តាម​បណ្តា​ខេត្ត​នានា​ចូល​ចត តែ​គ្មាន​អ្នកណា​ចូល​ចត​ទេ ដោយសារ​ចំណត​ទាំងនោះ គ្មាន​ការអភិវឌ្ឍ​ឲ្យ​បាន​សមស្រប​ជា​ចំណត​ដូច​មានចែង​ក្នុង​សៀវភៅ​បន្ទុក​។​
​ ​មន្ត្រី​ដែល​សុំ​មិន​ឲ្យ​ចេញ​ឈ្មោះ​ខាងលើ​បាន​និយាយ​ឲ្យ​ដឹង​ទៀតថា​ចំណត​នៅ​ជាយក្រុង​ដែល​អនុវត្ត​មិនបាន​ត្រឹមត្រូវ​តាម​សៀវភៅ​បន្ទុក​ត្រូវបាន​លប់ចោល​ជា​បន្តបន្ទាប់​ទាំង​ចំណត​ដែលជា​ទីតាំង​របស់​ឯក​ជន​និង​ទីតាំង​របស់​រដ្ឋ ។ ពេលនេះ​សូម្បីតែ​ទីតាំង​ចំណត​គីឡូម៉ែត្រ​លេខ​៩ នៅតាម​ផ្លូវជាតិ​លេខ​៥​ក៏​រដ្ឋបាល​រាជធានី​លែង​បន្ត​កិច្ចសន្យា​ឲ្យ​ឯកជន​ហើយ​ដែរ​។​ចំណត​គីឡូម៉ែត្រ​លេខ​៩ ពេលនេះ ជា​រថយន្តក្រុង​របស់​សាលា​រាជធានី លែង​ជា​ចំណត​របស់​ឯកជន​ទៀតហើយ​។​
​ ​ទោះជា​យ៉ាងណា​ក៏​មកដល់​ថ្ងៃទី​១៥​ខែមីនា​ឆ្នាំ​២០១៩​នេះ កម្លាំង​សន្តិសុខ​របស់​ចំណត​គីឡូម៉ែត្រ​លេខ​៩ ត្រូវបាន​គេ​ឃើញ​នៅតែ​បន្តសកម្មភាព​ចេញ​ស្ទាក់​រថយន្តឈ្នួល​ដឹកទំនិញ​និង​អ្នកដំណើរ​តាមផ្លូវ​ជាតិ​លេខ​៥ ដើម្បី​ទារលុយ​ថ្លៃ​ចំណត​ដដែល​៕សរន