សន្តិសុខ​សណ្តាប់ធ្នាប់​ខណ្ឌមានជ័យ​និង​សង្កាត់ ចូលរួម​វគ្គ​បណ្តុះបណ្តាល​វិជ្ជា​សង្គ្រោះ​បឋម​មូលដ្ឋាន

317
ចែករម្លែក

ដោយៈ សាវ​រក្ស / ភ្នំពេញៈ នា​ថ្ងៃទី​៨ ខែ តុលា ឆ្នាំ ២០១៩ នៅ​រដ្ឋបាល​ខណ្ឌមានជ័យ សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ បានរៀបចំ​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​វិជ្ជា​សង្គ្រោះ​បឋម​មូលដ្ឋាន ដែល​បាន​ដំណើរការ​អស់​រយៈពេល​ពេញ ១​ថ្ងៃ ជូន​ដល់​បងប្អូន​ប្រជា​ការពារ ខណ្ឌមានជ័យ សរុប​ចំនួន ៦០​នាក់​។​

​នាឱកាស​នោះ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ និង ជា​ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហម កម្ពុជា ខណ្ឌមានជ័យ បាន​ពាំ​នាំនូវ​ការ សួរសុខទុក្ខ​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ព្រមទាំង សូម​ចូលរួម​កោតសរសើរ​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​ការបញ្ចប់​វគ្គ​នា​ថ្ងៃនេះ​។

​លោក ប្រធាន​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ សង្ឃឹម និង ជឿជាក់ថា បន្ទាប់ពី​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​នេះហើយ អស់លោក ជា​សិក្ខាកាម​ទាំងអស់ នឹង​អាច​យក​ចំណេះដឹង​ទាំងនេះ​ទៅ​ផ្សព្វផ្សាយ​បន្ត​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ ក៏ដូចជា​ជួយ​ដល់​ជនរងគ្រោះ​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត ព្រោះថា​បងប្អូន​គឺជា​អ្នក​នៅ​ជិត និង ចុះ​ជាប់​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន​ជាងគេ​បំផុត ឬ​ក៍​អាច​ដើរតួនាទី​ជា​គ្រូពេទ្យ​ក្នុងការ​ជួយសង្គ្រោះ​បឋម​ជូន​ប្រជាជន​ដែរ​កើតហេតុ​ចំពោះមុខ​យើង​បាន​។​

​បន្ថែម ពីនេះ​ទៀត កំលាំង​សន្តិសុខ​សណ្តាប់ធ្នាប់ ខណ្ឌមានជ័យ បាន​ចូលរួម វគ្គ​វិជ្ជា​សង្គ្រោះ​បឋម​ចំនួន ៣ លើក​រួចមកហើយ​ដែរ គឺ លើក​ទី ១ មាន​ចំនួន ៨៥​នាក់ ទទួល​ការបង្ហាត់បង្ហាញ​ផ្ទាល់​នៅ​សាលាខណ្ឌ​មានជ័យ​ផ្ទាល់ ។ លើក​ទី ២ មាន​ចំនួន ២៥ នាក់ ទទួល​ការបង្ហាត់បង្រៀន​នៅ​សាខា​កាកបាទក្រហម​រាជធានី​ភ្នំពេញ។​ ​និង លើក​ទី ៣ មាន​ចំនួន ៦០​នាក់ ដែរ​កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ ៥០ រួមទាំង​សង្កាត់ ១០​នាក់ ទទួល​ការបណ្តុះបណ្តាល​នៅ​សាលាខណ្ឌ​មានជ័យ​ផ្ទាល់​តែម្តង សរុប​ទាំងអស់ មាន​ចំនួន ១៧០​នាក់។​

​លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ បាន​បញ្ជាក់ថា ជា​លទ្ធផល​ក្នុង​វគ្គ​បណ្តុះបណ្តាល​វិជ្ជា​សង្គ្រោះ​បឋម​មូលដ្ឋាន​នេះ សិក្ខាកាម​ទទួលបាន​និទ្ទេស​ល្អ ៧៥ ភាគរយ និង​មធ្យម ២៥​ភាគរយ​៕ ល​