សន្និបាតជាតិៈ​ឆ្ពោះទៅរក​កម្ពុ​ជាមួយ​ដែល​គ្មាន​មីន​ឆ្នាំ​២០២៥

945
ចែករម្លែក

ដោយៈ​យោធិន​/​ភ្នំពេញៈ​កាល​ព្រឹក​ថ្ងៃទី​១៦​ខែឧសភា​ឆ្នាំ​២០១៨​នា​វិមាន​សន្តិភាព​បាន​ប្រារព្ធ​ពិធី​សន្និបាតជាតិ​វិស័យ​សកម្មភាព​មីន​ក្រោម​ប្រធានបទ​”​ឆ្ពោះទៅរក​កម្ពុ​ជាមួយ​ដែល​គ្មាន​មីន​ឆ្នាំ​២០២៥” ។​ពិធី​ប្រារព្ធ​ក្រោម​វត្តមាន កិត្តិ​នីតិកោសល​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ និង​ជា​រដ្ឋមន្ត្រី​ស្តីទី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

សន្និបាតជាតិ​វិស័យ​សកម្មភាព​មីន​ដំណើរការ​រយៈពេល​ពីរ​ថ្ងៃ​(១៦-១៧ ខែឧសភា​)​នៅ​វិមាន​សន្តិភាព​(រូបយោធិន)

ថ្លែង​នាឱកាស​នោះ​នាយ​ឧ​ត្ត​ម​សេនីយ៍​សែម​សុវណ្ណនី អនុប្រធាន​ទី​២ អាជ្ញាធរ​មីន​កម្ពុជា​បាន បង្ហាញ​ពី​គោល​បំណង​អង្គ​សន្និបាតជាតិ​ដែល​អាជ្ញាធរ​មីន​រួមសហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ផ្តួចផ្តើម​រៀបចំឡើង​នាពេល​នេះ​គឺ​ដើម្បី​បង្ហាញ​អំពី​សមិទ្ធផល​២៥​ឆ្នាំ​នៃ​វិស័យ​សកម្មភាព​មីន​បង្ហាញ​ពី​សមត្ថ ភាព​របស់​កម្ពុជា​ក្នុងការ​ដោះស្រាយ​ការ​គម្រាមកំហែង​ពី​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ស្វែងរក​ឱកាស​និង​មធ្យោបាយ​នានា ដើម្បី​កៀរគរ​ធនធាន​សម្រាប់​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា​។​

នាយ​ឧ​ត្ត​ម​សេនីយ៍​សែម​សុវណ្ណនី បាន​បន្តថា យើង​មានបំណង​យក​ឱកាស​ដ៏​ប្រពៃ​នេះ បង្ហាញជូន​ដល់​បណ្តា​ក្រសួង​ស្ថាប័ន និង​ភាគី​ពាក់ព័ន្ធ​បាន​ជ្រាប​អំពី​វឌ្ឍនភាព​រយៈពេល​២៥​ឆ្នាំ នៃ​ការអនុវត្ត​សកម្មភាព​មីន​(១៩៩២-២០១៧) ​ក៏ដូចជា​ពិនិត្យឡើងវិញ​នូវ​បញ្ហា​ប្រឈម​នានា ដែល​វិស័យ​មីន​ទាំងមូល​បាននិងកំពុង​ជួប​ប្រទះ​ដើម្បី​រិះរក​នូវ​ដំណោះស្រាយ​សមស្រប​សំដៅ​ព​ន្លឿ​ន​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ២០១៨-២០២៥​ដែល​ទើបត្រូវ​បានអនុម័ត​ដោយ រាជរដ្ឋាភិបាល​ឲ្យ​កាន់​តែមាន​សន្ទុះ​និង​ទទួលបាន​ជោគជ័យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត​។​

កិត្តិ​នីតិកោសល បណ្ឌិត​ប៊ិន ឈិន បាន​វាយតម្លៃ​ខ្ពស់ និង​មោទនភាព​នូវ​រាល់​សមិទ្ធផល​ក្រោម កិច្ចប្រឹងប្រែង​របស់​អា​ជ្ញា​ធរ​មីន​កម្ពុជា​សហការ​យ៉ាង​ល្អប្រសើរ​ជាមួយ​ប្រតិបត្តិ​ករ​ជាតិ​និង​អន្តរជាតិ​នានា​ក្នុង​កិច្ចប្រតិបត្តិការ​រុករក​បោសសម្អាត​និង​កម្ទេចចោល​ក្នុង​បរិមាណ​ច្រើនសន្ធឹក​សន្ធាប់​នូវ​គ្រាប់មីន​គ្រប់​ប្រភេទ​រួម​នឹង​កាក​សំណល់​​សង្គ្រាម​ជាតិ​ផ្ទុះ​ដែល​បន្សល់ទុក​នា​រយៈកាល​សង្គ្រាម​អូសបន្លាយ​ជាង​បី​ទសវត្សរ៍ រំដោះ​បាន​គ្រោះ​មហន្តរាយ​ដល់​អាយុជីវិត​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។​

កិត្តិ​នីតិកោសល​បណ្ឌិត​ក៏បាន​ផ្តល់នូវ​សុន្ទរកថា​គន្លឹះ​ផ្តល់ជូន​ដល់​អង្គសន្និបាត​ដើម្បី​ជា​ទុន​សម្រាប់​អង្គសន្និ​បាត​ដំណើរការ​កិច្ចប្រជុំ​ស្វែងយល់​និង​ដក​ពិសោធន៍​សម្រាប់​កិច្ចដំណើរការ​ជោគជ័យ​ថ្មីៗ​ថែមទៀត​លើ​វិស័យ​ការងារ​បោសសម្អាត​មីន​ស្របតាម​គោលការណ៍​កំណត់​ដូច​អ្វីដែល​បានចែង​ក្នុង ប្រធានបទ​នៃ​អង្គ​ស​ន្និ​បាតៈ​ឆ្ពោះទៅរក​កម្ពុ​ជាមួយ ដែល​គ្មាន​មីន​ឆ្នាំ​២០២៥ ។​

​សូមបញ្ជាក់ថា​សន្និបាត​ជាតិ​វិស័យ​សកម្មភាព​មីន នឹង​ប្រព្រឹត្តិ​ទៅ​រយៈពេល​ពីរ​ថ្ងែ​(១៦-១៧ ខែឧសភា​) និង​ប្រារព្ធ​ពិធី​បិទ​នា​រសៀល​ថ្ងៃទី​១៧ ខែឧសភា​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ជា​ប្រធាន​អាជ្ញាធរ​មីន​កម្ពុជា​៕​មន​