សន្និបាត​បញ្ញវន្ត​ពិភពលោក ជា​វេទិកា​ប្រមូលផ្តុំ​ធនធានមនុស្ស ចែក​ម្លែ​ក​ចំណេះដឹង​

659
ចែករម្លែក

​ដោយ:​សុផល​/​ភ្នំពេញ ៖ អ្នកជំនាញ​ជាន់ខ្ពស់​ផ្នែក​អប់រំ​បាន​លើកឡើងថា កម្ពុជា​នឹង​ទទួលបាន​អត្ថប្រយោជន៍​​ច្រើន​ពី​ការរៀបចំ​សន្និបាត​បញ្ញវន្ដ​ពិភពលោក​លើក​ទី​៤ ដែល​វេទិកា​នេះ​មានការ​ចូលរួម​ពី​មន្ដ្រីជាន់ខ្ពស់​រាជ រដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ អ្នកជំនាញ​ជាតិ អន្ដរជាតិ ផ្នែក​អប់រំ និង​ធុរកិច្ច​។​

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ការរៀបចំ​សន្និបាត​បញ្ញវន្ដ​ពិភពលោក​លើក​ទី​៤​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ លោក ម៉ៅ ស្រេង នាយក​ប្រចាំ​ប្រទេស​នៃ​ស្ថាប័ន​អប់់រំ IDP បាន​គូសបញ្ជាក់ថា​« សន្និបាត​បញ្ញវន្ដ​ពិភពលោក​ឆ្នាំនេះ គឺមាន​គោលបំណង​ប្រមូលផ្ដុំ នូវ​អ្នកជំនាញ និង​វាគ្មិន​ដែលមាន​ចំណេះដឹង និង​បទពិសោធន៍ ក្នុងការ​ចែករំលែក​ទៅដល់ សិស្ស និស្សិត ស្ថាប័នរដ្ឋ និង​វិស័យ​ឯកជន​នានា​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍ​ផ្នែក​បច្ចេកវិទ្យា ជាពិសេស​ផ្នែក​ធុរកិច្ច ដើម្បី​យកទៅ​អនុវត្ដ​នឲ្យទទួលបាន​ជោគជ័យ នៅតាម​ស្ថាប័ន​របស់ខ្លួន​»​។​

​លោក​បាន​ចាត់ទុកថា​ ការអភិវឌ្ឍ​ចំណេះដឹង និង​ជំនាញ​នេះ គឺ​ពិត​ជាមាន​សារៈសំខាន់ណាស់ ក្នុងការ​ចូលរួម​ពង្រឹងសមត្ថភាព​នៅតាម​ស្ថាប័ន របស់ខ្លួន​ឱ្យ​កាន់តែ​ប្រសើរឡើង ស្របតាម​បរិបទ និង​តម្រូវការ​ទីផ្សារ​ការងារ​​ទាំង​ក្នុង និង​ក្រៅប្រទេស​។​

​លោក ម៉ៅ ស្រេង ក៏បាន​អំពាវនាវ​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធសិស្ស និស្សិត​និង​វិស័យ​ឯកជន​ចូលរួមឲ្យបាន​ច្រើន​ក្នុង​សន្និបាត​បញ្ញវន្ដ​ពិភពលោក​លើក​ទី​៤​នេះ​ដើម្បី​ទទួលបាន​នូវ​ព័ត៌មាន ទាក់ទង​នឹង​ការអប់រំ ការធ្វើ​ធុរកិច្ច ការរៀបចំ​គោលនយោបាយ សហគ្រិនភាព អ្នកជំនាញ​ផ្នែក​ឧស្សាហកម្ម អ្នកជំនាញ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល ស្ថានទូត និង​អង្គការ​សង្គម​ស៊ីវិល ដើម្បី ចូលរួម​ចែករំលែក​ចំណេះដឹង និង​ជំនាញ​។​

​សូមបញ្ជាក់ថា សន្និបាត​បញ្ញវន្ដ​ពិភពលោក​ក្នុង​ឆ្នាំ​២០១៨​នេះ នឹង​ចាប់ផ្ដើម​ពី ថ្ងៃទី​១០ ដល់​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ដោយមាន​ការអញ្ជើញ​ចូលរួម​បើក​វេទិកា​ដោយ លោក វេ​ង សាខុន រដ្ឋមន្ដ្រី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ។​

​នៅក្នុង​សន្និបាត​បញ្ញវន្ត​ពិភពលោក (GAC) លើក​ទី ៤​នេះ ភ្ញៀវកិត្តិយស​ច្រើនជាង ៣,០០០ នាក់ ត្រូវបាន​រំពឹងទុក​ថា​នឹង​មកជួប​ជុំគ្នា ។​វាគ្មិន និង​ភ្ញៀវកិត្តិយស​ដែល​អញ្ជើញ​ចូលរួម មានដូចជា ថ្នាក់ដឹកនាំ និង​មន្ត្រី​ជាន់ខ្ពស់​មកពី​ខាង​រដ្ឋាភិបាល សង្គម​ស៊ីវិល ក្រុមហ៊ុន​ក្នុងស្រុក​និង​ក្រុមហ៊ុន​អន្តរជាតិ សភាពាណិជ្ជកម្ម ស្ថានទូត​/​ស្ថាន​អគ្គរាជទូត អ្នកជំនាញ​ក្នុង​វិស័យ​ឧស្សាហកម្ម សហគ្រិន អតីត​និស្សិត​មកពី​ជុំវិញ​ពិភពលោក សិស្សានុសិស្ស មាតាបិតា ក៏ដូចជា​អ្នក​ដែលមាន​ចំណាប់អារម្មណ៍​ក្នុង​ការទទួល​បានការ​អប់រំ​អន្តរជាតិ​ផងដែរ​។​

​សន្និសីទ GAC រួមមាន​កម្មវិធី​សំខាន់ៗ​ចំនួន​បី​ ការតាំង​ពិ​ព័រ​ណ៌​ពី​ការសិក្សា និង​ការងារ (​ចូលរួម​ដោយ​សេរី​) វេទិកា​ធុរកិច្ច និង​ការអប់រំ​ជា​សាកល (​ចូលរួម​ដោយ​សេរី​) និង​ការ​ទទួលទាន​អាហារ​ពេល​ល្ងាច​បញ្ញវន្ត​ពិភពលោក (​ទិញ​សំបុត្រ​ចូលរួម​)​។​ការទទួល​ទាន​អាហារ​ពេល​ល្ងាច​បញ្ញវន្ត​ពិភពលោក គឺជា​ការ​រំលេច​ឲ្យ​ឃើញ​ពី​សារៈសំខាន់ នៃ​សន្និសីត GAC ទាំងមូល​ក្នុង​ការកសាង​បណ្តាញ​ការងារ បង្កើត​ភាពជា​ដៃគូ​និង​អបអរសាទរ​ចំពោះ​ការចូលរួម​វិភាគទាន និង​ការអប់រំ​អន្តរជាតិ នៅ​កម្រិត​បុគ្គល​កម្រិត​ស្ថាប័ន និង​កម្រិត​ជាតិ​។​
​ជា​ផ្នែក​មួយ​នៃ​សន្និបាត GAC ពិ​ព័រ​ណ៌​ការងារ និង​ការអប់រំ​សាកល​នៅ​ថ្ងៃទី​១១-១២ ខែវិច្ឆិកា​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល នឹង​ផ្តល់ជូន​ព័ត៌មាន​លម្អិត​ពេញលេញ​នៃ​ស្ថាប័ន​អប់រំ​ជាច្រើន ដែល​បង្ហាញ​ពី​ជម្រើស​នៃ​ការអប់រំ​លំដាប់​អន្តរជាតិ​ចំពោះ​សិស្ស​និស្សិត និង​អ្នកជំនាញ ដែលមាន​បំណង​ចង់​បន្ត​ការសិក្សា​នៅក្រៅ​ប្រទេស ក៏ដូចជា​ស្ថាប័ន​អប់រំ​ក្នុងស្រុក​ដែលមាន​ចំនួន​សរុប ៥០ កន្លែង​ផងដែរ​។ ព័ត៌មាន​ស្តីពី​កម្មវិធីសិក្សា លក្ខខណ្ឌ​តម្រូវ​នៃ​ការអនុញ្ញាត​ឲ្យ​ចូលរៀន ដំណើរ​ការធ្វើ​ទិដ្ឋាការ​សិស្ស និង​អាហារូបករណ៍ នឹង​អាច​ទទួលបាន​ដោយផ្ទាល់​ពី​អ្នកតំណាង​ផ្នែក​អប់រំ អ្នក​ប្រឹក្សា​យោបល់​ការសិក្សា​នៅក្រៅ​ប្រទេស​នៃ​ស្ថាប័ន IDP Education មន្ត្រី​ទិដ្ឋាការ និង​អ្នកផ្តល់​សេវា​អាហារូបករណ៍​។​

វេទិកា​ធុរកិច្ច និង​ការអប់រំ​សាកល នឹង​រៀបចំ​ក្នុងពេល​តែមួយ​ជាមួយនឹង​ការតាំង​ពិ​ព័រ​ណ៌ ដែលមាន​វាគ្មិន​ជជែក​ពិភាក្សាគ្នា ចូលរួម​ដោយ​អ្នកបង្កើត​គោលនយោបាយ ប្រតិបត្តិ​ករ​អាជីវកម្ម​ជាន់ខ្ពស់ សហគ្រិន អ្នកជំនាញ​ក្នុង​វិស័យ​ឧស្សាហកម្ម និង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល ស្ថានទូត​/​ស្ថាន​អគ្គរាជទូត និង​សង្គម​ស៊ីវិល​។ ការពិភាក្សា​ក្នុង​វេទិកា​ពិភាក្សា​ធំៗ នឹង​ផ្តោតជាសំខាន់​លើ​ប្រធានបទ​ពាក់ព័ន្ធ​នឹង​ទីផ្សារ និង​ការវិវឌ្ឍ​ថ្មីៗ​បំផុត​ដើម្បី​ទទួលបាន​ការយល់ដឹង​ស៊ីជម្រៅ​ចំពោះ​ស្ថានភាព​កម្ពុជា​នៅក្នុង​ពិភពលោក​។
​លោក អា​ឡេ​ន តាន់​(Allen Tan) ប្រធានសភា​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​នៅ​កម្ពុជា​បាន​លើកឡើងថា​“​សន្និសីទ​GAC​គឺជា​ព្រឹត្តិការណ៍​បញ្ញវន្ត​ដ៏​មាន​សារៈសំខាន់​បំផុត​នៅក្នុង​ឆ្នាំនេះ​។​មានការ​ពិភាក្សា​ជាច្រើន​ដែលមាន​សារៈសំខាន់​សម្រាប់​គ្រប់​វិស័យ​ទាំងអស់​និង​កម្រិត​នៃ​បទពិសោធន៍​ផ្សេងៗ​រាប់​ចាប់តាំងពី​កម្រិត​សិស្ស​និស្សិត​ដល់​ប្រធាន​ក្រុមហ៊ុន​”​។​

​លោក Trevor Sworn, ប្រធាន សភាពាណិជ្ជកម្ម​អង់គ្លេស បាន​លើកឡើងថា “​ព្រឹត្តិការណ៍​នេះ គឺជា​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​ខាង​វិស័យ​អប់រំ​ឲ្យ​មកជួបជុំ ប្រាស្រ័យ​ទាក់ទង​គ្នា និង​ពង្រីក​នូវ​ទស្សនវិស័យ​របស់​ពួកគេ​។​”
​លោក Bretton G. Sciaroni ប្រធានសភា​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ​កម្ពុជា​បាន​មានប្រសាសន៍ថា “​យើង​មាន​សេចក្តី​រីករាយ​ណាស់​ដែល​ឃើញថា ស្ថាប័ន IDP បន្ត​ពង្រីក​កម្រិត​នៃ​វេទិកា​ធុរកិច្ច និង​ការអប់រំ​បរិ​យាប​ន្ន និង​អាជីព​ការងារ​សម្រាប់​លទ្ធផល​ល្អប្រសើរ​ក្នុងពេល​អនាគត​។​”

​ចំណែក​លោកស្រី​បណ្ឌិត អេង លី​គង់​,​ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​ក​ម្ពូ​ជា​(CWEA) បាន​មានប្រសាសន៍ថា “​យើង​ជឿជាក់​លើ​ការអប់រំ​ល្អ និង​ការអភិវឌ្ឍ​យុវជន​សម្រាប់​អនាគត​ល្អប្រសើរ​។ សន្និសីត GAC គឺជា​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​សហ​គ្រិត​ជា​ស្ត្រី​ដើម្បី​ចូលរួម និង​រួមចំណែក និង​ពង្រីក​ទស្សនវិស័យ​រប​ស់​យើង​”៕B/


​ចំណងជើង​រូបថត​៖​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ការរៀបចំ​សន្និបាត​បញ្ញវន្ដ​ពិភពលោក​លើក​ទី​៤​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​(​រូប សុផល​)