សន្និបាត​អន្តរ​សភា​អាស៊ាន​លើក​ទី​៤០​បានបញ្ចប់​ខណៈ​វៀតណាម​នឹង​ធ្វើជា​ម្ចាស់​អាយ​ប៉ា​លើក​ទី​៤១

523
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ មហាសន្និបាត​អន្តរ​សភា​អាស៊ាន​លើក​ទី​៤០ ដែល​សភា​ថៃ​ធ្វើជា​ម្ចាស់ផ្ទះ ពីថ្ងៃ​ទី​២៥ ខែសីហា​បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៩​។​កិច្ចប្រជុំ​គណៈកម្មាធិការ​សមាជិក​សភា​ស្ត្រី​(WAIPA)​បានអនុម័ត​សេចក្តីសម្រេច​ចំនួន​ពីរ​លើ​ប្រធានបទ​ការលើកកម្ពស់​សមភាព​យេនឌ័រ​និង​ការផ្តល់​សិទ្ធិអំណាច​ដល់​ស្ត្រី​នៅក្នុង​សហគមន៍​អាស៊ាន​និង​បញ្ហា​គម្លាត​យេនឌ័រ​ក្នុង​បទ​ប្បញ្ញត្តិ​បច្ចេកវិទ្យា​។

​គណៈកម្មាធិការ​សេដ្ឋកិច្ច​បានអនុម័ត​សេចក្តីសម្រេច​ចំនួន​៤​ដែលមាន​ប្រធានបទ​ដូចជា​ការលើកកម្ពស់​កា​រ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅក្នុង​សហគមន៍​អាស៊ាន​ការធ្វើ​ឲ្យ​ល្អប្រសើរ​លើ​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន ក្នុង​បរិបទ​បដិវត្ត​ឧស្សាហកម្ម​ទី​៤ ការគាំទ្រ​ដល់​សហគ្រាស​ខ្នាតតូច​និង​មធ្យម​ជាដើម​។

គណៈកម្មការ​សង្គមកិច្ច​បានអនុម័ត​សេចក្តីសម្រេច​ចំនួន​៦​ដែល​និយាយ​ពី​ការលើកកម្ពស់​សេវា​សង្គម​ដល់​មនុស្ស​ចាស់ ពង្រឹង​សុវត្ថិភាព​វិស័យ​ទេសចរណ៍​ជាដើម​។ ចំណែក​គណៈកម្មការ​រៀប​ចំ បាន​ពិភាក្សា​សេចក្តីសម្រេច​ចំនួន​១៧​ដែល​និយាយ​ពី​ការពង្រឹង​សកម្មភាព​របស់​អគ្គលេខា​ធិ​ការដ្ឋាន​AIPA និង​បណ្តា​ដៃគូ​។​

​មហាសន្និបាត អាយ​ប៉ា​លើក​ទី​៤០​បាន​ជួប​សន្ទនា​ជាមួយ​ប្រទេស​សង្កេតការណ៍​មានដូចជា​អូ​ស្រា្ត​លី កាណាដា​ចិន​រុស្ស៊ី​សាធារណរដ្ឋ​កូរ៉េ​ក្រោម​ប្រធានបទ​“​ភាពជា​ដៃគូ​ដើម្បី​អនុវត្ត​ច្បាប់​ល្អ​”​។​មហាសន្និបាត​អាយ​ប៉ា​លើក​ទី​៤១ សភា​ប្រទេស​វៀតណាម​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ពីថ្ងៃ​ទី​២៥​ដល់​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២០ នាទី​ក្រុង​ហា​ឡុង​។

​លោក​ឈួន​លី​ផៃ​ប្រធានសភា​ប្រទេស​ថៃ​និង​ជា​ប្រធាន​AIPA​លើក​ទី​៤០​បាន​ថ្លែង​ការកោតសរសើរ​យ៉ាង​ក្រៃលែង​ចំពោះ​ថ្នាក់ដឹកនាំ​សភា​និង​សមាជិក​គណៈប្រតិភូ​អាយ​ប៉ា​ទាំង​១០​ដែល​បាន​ខិតខំ​ចែករំលែក​ទស្សនទាន​លើ​ប្រធានបទ​សំខាន់ៗ​រហូត​សម្រេច​បានជា​សេចក្តីសម្រេច​ដែលជា​យន្តការ​សំខាន់ សម្រាប់​ការអនុវត្ត​នៅតាម​ប្រទេស​នីមួយៗ ក្នុង​ការកសាង​សាមគ្គីភាព កិច្ចសហប្រតិបត្តិការ​ល្អ ក្នុង​គ្រួសារ​អាស៊ាន​ក៏ដូចជា​ពិភពលោក​មួយ​ដែលមាន​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​ដោយ​ចីរភាព​។​

​លោក​បាន​គូសបញ្ជាក់ថា​នៅក្នុង​បរិបទ​ដែល​តំបន់​និង​ពិភពលោក​មានការ​ប្រឈម​ដូច​ពេល​បច្ចុប្បន្ននេះ​សាមគ្គីភាព​កិច្ចសហប្រតិបត្តិការ​ល្អ​ជា​កក្តា​សំខាន់​ក្នុងការ​ស្វែងរក​សេចក្តីសុខ​និង​ការអភិវឌ្ឍ​ជូន​ពលរដ្ឋ​ពី​សំណាក់​តំណាង​របស់​ពួកគាត់​។​លោក​ប្រធាន​មហាសន្និបាត​សង្ឃឹមថា​បញ្ហា​ស្មុគ​ស្មា​គ​នៃ​ការ​ប្រែ​ប្រួ​អាកាសធាតុ​ការ​ជ្រុលនិយម​ការប្រកួតប្រជែង​ពាណិជ្ជកម្ម​និង​ការដោះស្រាយ​បាន​តាមរយៈ​ការ​រឹង​ចំណង​កិច្ចសហប្រតិបត្តិការ​រ​វាង​អាយ​ប៉ា​និង​អាស៊ាន​។​

​សូមជម្រាបថា​៖​អន្តរ​សភា​អាស៊ាន​ដែល​ហៅ​កាត់​ថា​អាយ​ប៉ា​(AIPA)​ជា​អង្គការ​អន្តរ​សភា​ជា​តំណាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៃ​បណ្តា​ប្រទេស​ជា​សមាជិកសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​(ASEN)​ដែលមាន​សមាជិក​១០​ប្រទេស គឺ ប្រទេស​ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា សឹង្ហ​បុរី ថៃ វៀតណាម​និង​ហ្វីលីពីន​។​AIPA​ជាការ​ប្រមូលផ្តុំ​សំឡេង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​អាស៊ាន​ជា​ដៃគូ​អាស៊ាន ក្នុងការ​ជំរុញ​ឲ្យ​បានសម្រេច​បាន​នូវ​គោលដៅ​សហគមន៍​អាស៊ាន​តែមួយ​។​

​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​លើក​ទី​៤០​ប្រារព្ធ​ធ្វើ​នៅ​ព្រះរាជាណាចក្រ​ថៃ​ពី​ថ្ងៃទី​២៥​ដល់​ថ្ងៃទី​៣០​ខែសីហា​ឆ្នាំ​២០១៩​ក្រោម​មូលបទ​“​ការលើកកម្ពស់​ភាពជា​ដៃគូ​សភា​ដើម្បី​សហគមន៍​ប្រកបដោយ​ចីរភាព​”​។​រដ្ឋសភា​ប្រទេស​វៀតណាម​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​មហាសន្និបាត​អាយ​ប៉ា លើក​ទី​៤១​ពីថ្ងៃ​ទី​២៥ ដល់​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២០ នាទី​ក្រុង​ហា​ឡុង ប្រទេស​វៀតណាម​៕S/

​ចំណងជើង​រូបថត​៖​មហាសន្និបាត​អន្តរ​សភា​អាស៊ាន​លើក​ទី​៤០ ដែល​សភា​ថៃ​ធ្វើជា​ម្ចាស់ផ្ទះ ពីថ្ងៃ​ទី​២៥ ខែសីហា​មក​បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៩