សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ ឆ្នាំ​២០១៩ រៀបចំឡើង​នៅ​ខេត្តសៀមរាប

473
ចែករម្លែក

ដោយ​: បាយ័ន​
​សៀមរាប​:
សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ ឆ្នាំ​២០១៩ ត្រូវបាន​ប្រារព្ធ​រៀបចំឡើង​នៅ​ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០៩ នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក កឹម គុណ​វឌ្ឍន៍ រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​អនុប្រធាន​គណៈកម្មការ​រៀបចំ​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប​។​

​លោក កឹម គុណ​វឌ្ឍន៍ បាន​មានប្រសាសន៍ថា យើង​ពិត​ជាមាន​ក្ដីរំភើប​ចំពោះមុខ​ប្រជាជន​កម្ពុជា​ទាំងមូល ដោយសារ​យើង​បាន​សម្ដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ ចំពោះ​វត្តមាន​មន្ត្រីជាន់ខ្ពស់​លើ​វិស័យ​ផ្សព្វផ្សាយ​ព័ត៌មាន​អាស៊ី​-​ប៉ាស៊ីហ្វិក ដែល​មកពី​៤០​ប្រទេស​។ ជាពិសេស​លង​នោះ យើង​នឹង​កាន់តែ​ទទួលបាន​នូវ​ការជឿជាក់​របស់​អន្តរជាតិ អំពី​ភាព​រីកចម្រើន​របស់​ក​ម្ពុ​ជា អំពី​សុខសន្តិភាព​របស់​កម្ពុ​ជា និង អំពី​សុខដុម​នីយកម្ម​របស់​ប្រជាជន​កម្ពុជា​យើង ជាមួយនឹង​អន្តរជាតិ​។​

​លោក កឹម គុណ​វឌ្ឍន៍ មានប្រសាសន៍​ទៀតថា មូលហេតុ​ដែល​យើង​សម្រេចយក​ខេត្តសៀមរាប ជាទី​កន្លែង​សម្រាប់​ការប្រជុំ​កំពូល​លើក​ទី​១៦ លើ​វិស័យ​ផ្សព្វផ្សាយ​ព័ត៌មាន​អាស៊ី​-​ប៉ាស៊ីហ្វិក នោះ គឺ​កម្ពុជា​យើង ជា​ព្រះរាជាណាចក្រ​អច្ឆរិយៈ ហើយ​អច្ឆរិយៈ​នេះ គឺ​ផ្ដើមចេញពី​តំបន់​ប្រាសាទអង្គរវត្ត​។​

​លោក​បាន​បន្តថា ដូច្នេះ​យើង យក​ប្រាសាទអង្គរវត្ត​នៅទីនេះ ដើម្បី​ធ្វើយ៉ាងណា ឲ្យ​មន្ត្រីជាន់ខ្ពស់​លើ​វិស័យ​ផ្សព្វផ្សាយ​ព័ត៌មាន​អាស៊ី​-​ប៉ាស៊ីហ្វិក គេ​នឹង​ស្គាល់​ពី​តម្លៃ​វប្បធម៌​របស់​កម្ពុជា ហើយ​គេ​នឹង​ជួយ​ពង្រីក​អំពី​វិស័យ​ទេសចរណ៍ និង វប្បធម៌​របស់​ជនជាតិ​នៃ​យើង​៕ ល​/សរន