សន្និសីទ​ស្តីពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា

479
ចែករម្លែក
  • 2
    Shares
សន្និសីទ​ស្តីពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា

ដោយ ៖ ផាត ចាន់​សុ​និ​តា​/ ​ភ្នំពេញៈ​សន្និសីទ​ស្តីពី​អំពើ​ប្រល័យពូជសាសន៍ នឹងមាន​ការអញ្ជើញ​ចូលរួម​ពី​លោកគ្រូ​អ្នកគ្រូ សាស្ត្រាចារ្យ​មកពី​សាកលវិទ្យាល័យរ​ដ្ឋ និង​ឯកជន​ចំនួន​៥០​នៅ​ទូទាំងប្រទេស​កម្ពុជា រួមជាមួយ​អ្នកជំនាញ​ផ្នែក​ប្រវត្តិសាស្ត្រ​អន្តរជាតិ​ជាច្រើនរូប​ទៀត ដើម្បី​ពិភាក្សា​អំពី «​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា និង​ការសម្លាប់​រង្គាល​នៅក្នុង​ប្រវត្តិសាស្ត្រ​សកលលោក​»​។​


​សន្និសីទ​នេះ​នឹង​ប្រព្រឹត្តទៅ​រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​១-៣ ខែមេសា ឆ្នាំ​២០១៩ នៅ​សាល​សិល្បៈ​សហ​សម័យ​វិទ្យាស្ថាន​ស្លឹករឹត អគារ H ក្នុង​បរិវេណ​វិទ្យាស្ថាន​ជាតិ​អប់រំ ក្រោម​ការរៀបចំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​មានការ​ចូលរួម​ជា​គណអធិបតី​មាន​លោកស្រី ទន់ សា​អ៊ី​ម អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ លោកស្រី សូ ហ្វា​រី​ណា នាយករង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​អ្នកតំណាង​របស់​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​។


​គោលបំណង​ចម្បង​នៃ​សន្និសីទ​នេះ​គឺ​ដើម្បី​ពង្រីក និង​ពង្រឹង​ជំនាញ​វិជ្ជាជីវៈ ចំណេះដឹង​របស់​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​នៅ​កម្ពុជា​។ ដោយមាន​ការចូលរួម​ពី​បញ្ញវន្ត​ជាតិ និង​អន្តរជាតិ ព្រមទាំង​អ្នកជំនាញ​ផ្នែក​ប្រវត្តិសាស្ត្រ អប់រំ និង ច្បាប់​។ ដូច្នេះ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​រំពឹងថា សន្និសីទ​នេះ​នឹង​ផ្តល់​ផលប្រយោជន៍​ច្រើន​ដល់​អ្នកចូលរួម​។ សន្និសីទ​ខាងលើ​បាន​ក្លាយជា​សមាសភាព​ដ៏​សំខាន់ សម្រាប់​គម្រោង​ស្តីពី​ការចងចាំ សន្តិភាព និង​ការផ្សះផ្សា​នៅ​កម្ពុជា​តាមរយៈ​ការសិក្សា​ឆ្លុះបញ្ចាំង និង​ការពិភាក្សា​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​។ សន្និសីទ​នេះ​ក៏​ស្ថិតនៅក្នុង​គម្រោង​សំណង​តាមផ្លូវ​តុលាការ​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​នៅក្នុង​តុលាការ​កម្ពុជា​ដែល​ត្រូវបាន​ស្នើឡើង​ដើម្បី​ប្រយោជន៍​របស់​ដើមបណ្ដឹង​រដ្ឋប្បវេណី និង​ជនរងគ្រោះ​ក្នុង​សំណុំរឿង​០០២/២» ដែរ​។ ទោះបី​សន្និសីទ​នេះ​ពិភាក្សា​ទៅលើ​ប្រធានបទ​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​។​ប៉ុន្តែ​គោលដៅ​សំខាន់​នៃ​សន្និសីទ​គឺ​ពង្រីក​ការយល់ដឹង​បន្ថែម​សម្រាប់​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ ស្តីពី​អំពី​ប្រល័យពូជសាសន៍ និង​ការសម្លាប់​រង្គាល​នៅក្នុង​ប្រវត្តិសាស្ត្រ​សកលលោក​។


​តាមរយៈ​ការពង្រីក និង​ពង្រឹង​ការយល់ដឹង​សម្រាប់​កម្រិត​សាកលវិទ្យាល័យ​ទាក់ទង​នឹង​បរិបទ​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ដទៃ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​សង្ឃឹមថា នឹង​អាចជួយ​បង្កើត​ការយល់ដឹង​របស់​និស្សិត​ពាក់ព័ន្ធ​នឹង​ប្រវត្តិសាស្ត្រ​ជាតិ​របស់ខ្លួន ពី​ភាពស្រដៀងគ្នា និង​ខុសប្លែកគ្នា​ជាមួយ​បទពិសោធន៍​រឿងរ៉ាវ​ដែល​ធ្លាប់បាន​កើតឡើង​នៅ​ប្រទេស​ផ្សេងៗ​ទៀត ដូចជា នៅ​ប្រទេស អាឡឺម៉ង់ រ្វ៉ា​ន់​ដា បូ​ស្នី និង​ប្រទេស​អា​ម៉េ​នី​។​


​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា គឺជា​ស្ថាប័ន​ឯករាជ្យ និង​មិនមែន​រាជរដ្ឋាភិបាល​ដែល​ធ្វើដំណើរ​ឆ្ពោះទៅរក​ការជំរុញ​ឲ្យ​មានការ​ចងចាំ យុត្តិធម៌ និង​នីតិរដ្ឋ​នៅក្នុង​ប្រទេស​កម្ពុជា​។ សន្និសីទ​នេះ​ប្រព្រឹត្តទៅបាន​ដោយមាន​ការគាំទ្រ​ពី​សំណាក់​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​ការគាំទ្រ​ពី​សំណាក់​សហភាព​អឺរ៉ុប តាមរយៈ​ការិយាល័យ​អង្គការសហប្រជាជាតិ​សម្រាប់​សេវាកម្ម​គម្រោង ជាពិសេស​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​សំណាក់​ទីភ្នាក់ងារ​អាម៉េរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ​ហៅ​កាត់​ថា យូ​សេត​(USAID)​។


​នៅក្នុង​សន្និសីទ​ស្តីពី​អំពើ​ប្រល័យពូជសាសន៍​នេះ នឹងមាន​ការធ្វើ​បទ​បង្ហាញ​ទៅលើ​ប្រធានបទ​ផ្សេងៗ ដោយ​សាស្ត្រា អ្នកជំនាញ​មកពី​សាកលវិទ្យាល័យ​ល្បីៗ​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស​។ បណ្ឌិត ហ័ង ធី​ញ៉ា​ហុង សាស្ត្រាចារ្យ​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​សង្គម និង​មនុស្សសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ជាតិ​វៀតណាម នឹងធ្វើ​បទ​បង្ហាញ​ស្តីពី «​ប្រតិបត្តិការ​របស់​ក​ង​ទ័ព​វៀតណាម​ដើម្បី​ផ្តួលរំលំ​របប​ខ្មែរក្រហម​នៅ​ឆ្នាំ ១៩៧៩»​។ លោក ឡាយ សួន​ចៀន ភារធារី​នៃ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា នឹងធ្វើ​បទ​បង្ហាញ​អំពី «​ទស្សនៈ​របស់​វៀតណាម​ចំពោះ​ជ័យជម្នះ​របស់​ខ្មែរក្រហម​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥»​។ សាស្ត្រាចារ្យ ម៉ី​ល​តុ​ន អូ​ស្ប​ន អ្នកជំនាញ​ប្រវត្តិសាស្ត្រ​អាស៊ីអាគ្នេយ៍ នឹងធ្វើ​បទ​បង្ហាញ​ស្តីពី «​អំពើ​ប្រល័យពូជសាសន៍​ក្រោម​របប​ខ្មែរក្រហម »​។ លោក​សាស្ត្រាចារ្យ ភី​អូ​ត្រ អូ​ស្តា​ហ្សឺ​ស្គី អតីត​សាកលវិទ្យាធិការរង​នៃ​សាលា​សេដ្ឋកិច្ច​វ័រ​សរ នឹងធ្វើ​បទ​បង្ហាញ​អំពី «​មនោគមន៍វិជ្ជា​ទាំងឡាយ​ដែល​នាំ​ឲ្យ​មាន​អំពើ​ប្រល័យពូជសាសន៍​»​។ លោក នី​កូ​ឡាស គាំ​ចាន់ សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា នឹងធ្វើ​បទ​បង្ហាញ​អំពី «​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​»​។ លោកស្រី ខេ​លី វ័ត​សុន នាយក​កម្មវិធី​អប់រំ​របស់​វិទ្យាស្ថាន​សិទ្ធិមនុស្ស​សម្រាប់​គ្រូបង្រៀន នឹងធ្វើ​បទ​បង្ហាញ​ស្តីពី «​ការបូជា​ភ្លើង ៖ ការសិក្សា​ប្រៀបធៀប​ពី​អំពើ​ប្រល័យពូជសាសន៍​»​។ គ្រី​ស្តូ​ហ្វើ ឌៀ​រីង អ្នកនិពន្ធ និង​កែសម្រួល​សៀវភៅ «​អំពើ​ប្រល័យពូជសាសន៍ និង​ការសម្លាប់​រង្គាល​នៅក្នុង​ប្រវត្តិសាស្ត្រ​សកលលោក​» នឹងធ្វើ​បទ​បង្ហាញ​អំពី​សៀវភៅ​របស់លោក​។ បណ្ឌិត លី សុខ​ឃាង នាយក​មជ្ឈមណ្ឌល​សន្តិ​ភាព​អន្លង់វែង​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នឹងធ្វើ​បទ​បង្ហាញ​ដោយ​ផ្តោតលើ «​ហេតុការណ៍​សង្គម នយោបាយ សាសនា ច្បាប់ និង អប់រំ ដែល​រួមចំណែក​ដល់​ដំណើរការ​នៃ​ការផ្សះផ្សា​នៅ​ប្រទេស​កម្ពុជា​ចន្លោះ​ឆ្នាំ​១៩៧៩ ដល់ ឆ្នាំ​២០០៧ មុនពេល​មាន​តុលាការ​ខ្មែរក្រហម​។ លោកស្រី រស់ វណ្ណា អ្នកនិពន្ធ​សៀវភៅ «​ព្រលឹង​មាសម្តាយ​» នឹង​រៀបរាប់​គំនិត​ដែល​នាំ​ឲ្យ​ស្រី​សរសេរ​សៀវភៅ​នេះ និង​អំពី​បទពិសោធន៍​របស់​លោកស្រី​នៅក្នុង​របប​ខ្មែរក្រហម​។ លោក ម៉ន ម៉ៅ និង លោក ខៀន រ៉ាំ នឹងធ្វើ​បទ​បង្ហាញ​ស្តីពី​បទពិសោធន៍​ក្នុងនាម​ជាដើម​បណ្តឹងរដ្ឋប្បវេណី​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​។​


​នៅក្នុង​សន្និសីទ​ខាងលើ ក៏មាន​ការចាក់​បញ្ចាំង​ខ្សែភាពយន្ត​ឯកសារ​អប់រំ​ខ្លីៗ​ដែល​ផលិត​ដោយ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង ខ្សែភាពយន្ត​ឯកសារ​របស់​វៀតណាម «​ដំណើរ​ទស្សនកិច្ច​រប​ស់​គណៈប្រតិភូ​វៀតណាម​ក្នុង​របប​ខ្មែរក្រហម នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​១៩៧៥», ខ្សែភាពយន្ត​ឯកសារ​អាឡឺម៉ង់​ស្តីពី «​ចលនា​ខ្មែរក្រហម​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​ថៃ​នៅក្នុង​ទសវត្សរ៍ ឆ្នាំ​១៩៨០», ខ្សែភាពយន្ត «​សាក្សី​ដំបូង​ដែលជា​ភាពយន្ត​ឯកសារ​អំពី​មន្ទីរ​ស​-២១» និង ខ្សែភាពយន្ត «​ឆ្មាំ​ព្រៃ​» ។ នៅក្នុង​ថ្ងៃ​បញ្ចប់​នៃ​សន្និសីទ​នេះ​ក៏មាន​ការសម្តែង​ល្ខោននិយាយ «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» ដែរ​៕សរន